/ 11:48 AM /
ការតស៊ូតាមផ្លូវនយោបាយរបស់ពួកកុម្មុយនិស្តខ្មែរ
អត្ថបទចុះផ្សាយកាលពីថ្ងៃទី 07/11/2008 កែប្រែលើកចុងក្រោយកាលពីថ្ងៃទី 06/12/2008 15:34 ម៉ោងសកល
ក្រោយ ពីសន្និសីទក្រុងហ្សឺណែវ ឆ្នាំ១៩៥៤ ពួកកម្មុយនិស្តខ្មែរ ដែលមានប្រភពចេញពីបក្សកុម្មុយនិស្តឥណ្ឌូចិនលែងមានសិទ្ធិកាន់ អាវុធ ដើម្បីប្រឆាំងនឹងរដ្ឋាភិបាលទៀតហើយ។ ពួកកម្មុយនិស្តខ្មែរប្រមាណពាក់កណ្តាលបានភៀសខ្លួនទៅប្រទេស វៀតណាម។ ចំណែកមួយផ្នែកដែលនៅសេសសល់បានសម្រេចបន្តការតស៊ូនៅក្នុងប្រទេស កម្ពុជាជាបន្តទៀត។ តែលើកនេះ គឺជាការតស៊ូផ្នែកនយោបាយ។ការតស៊ូតាមផ្លូវនយោបាយដែលមិនបានផល
នៅទីក្រុងភ្នំពេញ ក្រុមខ្មែរកុម្មុយនីស្តបានបើកការតស៊ូផ្នែកនយោបាយ ដោយកំណត់យកយុទ្ធសាស្រ្តជាការតស៊ូតាមបីមុខសញ្ញា។
ទីមួយ ពួកគេបានបង្កើតគណបក្សស្របច្បាប់មួយ ឈ្មោះថា "ប្រជាជន" ដើម្បីត្រៀមខ្លួនចូលរួមក្នុងការបោះឆ្នោតជាតិ នៅឆ្នាំ១៩៥៥។ ខ្មែរកុម្មុយនិស្តមួយក្រុមបានធ្វើសកម្មភាពជាចំហរ ក្នុងឋានៈជាសមាជិករបស់បក្សប្រជាជន។
ចំណែកក្រុមទីពីរវិញ ទៅប្រកបមុខរបរជាគ្រូបង្រៀន អ្នកនិពន្ធ ឬអ្នកកាសែតជាដើម ដោយលាក់មិនឲ្យគេដឹងថាពួកគេជាសមាជិករបស់បក្សកុម្មុយនិស្តនោះទេ។ ក្រុមនេះមានភារកិច្ចធ្វើការឃោសនាជាសម្ងាត់ ដើម្បីរើសសមាជិកថ្មីឲ្យចូលបក្ស និងបង្កើតជាសាខាបក្សតូចៗនៅតាមកន្លែងដែលពួកគេធ្វើការ។ ពួកកុម្មុយនិស្តថែមទាំងបានបង្កើតវិទ្យាល័យឯកជនមួយផ្ទាល់ខ្លួនទៀតផង ដោយដាក់ឈ្មោះថា "វិទ្យាល័យកម្ពុជបុត្រ"។
ចំណែកក្រុមទីបី ពួកគេចូលទៅបង្កប់ខ្លួនក្នុងចលនាសង្គមរាស្រ្តនិយមរបស់សម្តេច នរោត្តម សីហនុ។
ក៏ប៉ុន្តែ នៅគ្រប់ការបោះឆ្នោតទាំងអស់ ទាំងការបោះឆ្នោតឆ្នាំ១៩៥៥ និងការបោះឆ្នោតក្រោយៗមកទៀត បក្សប្រជាជន បានទទួលបរាជ័យ ដោយរកអាសនៈនៅក្នុងសភាជាតិ សូម្បីតែមួយក៏មិនបានផង។ លើកលែងតែខ្មែរកុម្មុយនិស្តបីនាក់ ដែលជ្រកក្រោមផ្លាកសង្គមរាស្រ្តនិយមប៉ុណ្ណោះដែលបានជាប់ឆ្នោតជាតំណាងរាស្រ្ត។ អ្នកទាំងបីនាក់នោះ រួមមាន ហ៊ូ នឹម និង ហ៊ូ យន់ ជាប់ឆ្នោតនៅឆ្នាំ១៩៥៨ ហើយ ខៀវ សំផន បានជាប់ឆ្នោតនៅឆ្នាំ១៩៦២។
មូលហេតុនៃបរាជ័យនៃបក្សប្រជាជនក្នុងការបោះឆ្នោត
បរាជ័យរបស់ពួកកុម្មុយនិស្តនៅក្នុងការបោះឆ្នោតជាតិនេះបណ្តាលមកពីកត្តាធំៗបី៖
ទីមួយ ចលនាកុម្មុយនីស្តនៅកម្ពុជាក៏ដូចជានៅប្រទេសផ្សេងៗទៀតដែរ បានទទួលនូវការគាំទ្រពីសំណាក់ប្រជាជន ដោយសារតែពួកគេប្រយុទ្ធប្រឆាំងនឹងអាណានិគម។ ក្រោយពេលដែលបារាំងបានផ្តល់ឯករាជ្យដល់កម្ពុជា ការតស៊ូរបស់ពួកកុម្មុយនិស្តក៏លែងមានន័យតទៅទៀត។ កុំថាឡើយតែប្រជាជនកម្ពុជាទូទៅ សូម្បីតែសមាជិកចលនាកម្មុយនិស្តខ្មែរខ្លួនឯង ក៏បានចោទជាសំនួរខ្លួនឯងដែរ ថាតើពួកគេតស៊ូដើម្បីអ្វីទៀត បើពេលនេះបារាំងលែងកាន់កាប់ប្រទេសកម្ពុជាទៀតហើយនោះ?
ទីពីរ នៅឆ្នាំ១៩៥៥ សៀវ ហេង ដែលជាអគ្គលេខាបក្សប្រជាជនបដិវត្តន៍ខ្មែរបានចុះចូលដោយសម្ងាត់ជាមួយសម្តេច នរោត្តម សីហនុ។ សៀវ ហេង ក៏បានក្លាយជារនុកក្នុងរបស់សម្តេច នរោត្តម សីហនុ ដោយនៅបន្តកាន់តំណែងកំពូលរបស់ បក្សប្រជាជនបដិវត្តន៍ខ្មែរនេះដដែល រហូតដល់ឆ្នាំ១៩៥៩។ យោងតាមលោកស្រី Elizabeth Becker ក្នុងកំឡុងពេលនោះ សៀវ ហេង បានផ្តល់ព័ត៌មានសម្ងាត់ជាច្រើនទាក់ទងនឹងចលនាកម្មុយនិស្តខ្មែរ ដែលជួយឲ្យកងកម្លាំងប្រដាប់អាវុធរបស់រដ្ឋាភិបាល ធ្វើការបំបែកសំបុកសម្ងាត់របស់ពួកកម្មុយនិស្ត។
កត្តាទីបី ដែលនាំឲ្យបក្សប្រជាជនទទួលបរាជ័យក្នុងការបោះឆ្នោតជាតិ គឺការធ្វើទុក្ខបុកម្នេញពីសំណាក់អាជ្ញាធររដ្ឋាភិបាលសង្គមរាស្រ្តនិយម។ នៅរាល់ពេលធ្វើការឃោសនាបោះឆ្នោតម្តងៗ សមាជិកបក្សប្រជាជនជាច្រើននាក់ រួមទាំងបេក្ខជនតំណាងរាស្រ្តផង ត្រូវបានប៉ូលីសចាប់ខ្លួន ហើយសមាជិកខ្លះទៀតត្រូវគេលបធ្វើឃាត។ រហូតដល់មានពេលខ្លះ ដូចជានៅឆ្នាំ១៩៥៨ ជាដើម កែវ មាស ដែលជាបេក្ខជនតែមួយគត់របស់បក្សប្រជាជន ត្រូវបង្ខំចិត្តលាក់ខ្លួន មិនហ៊ានទាំងចេញមកធ្វើយុទ្ធនាការឃោសនាបោះឆ្នោតផង។
ទោះជាយ៉ាងនេះក៏ដោយ ក្រុមខ្មែរកុម្មុយនិស្តនៅតែបន្តការតស៊ូផ្នែកនយោបាយរបស់ខ្លួនតទៅទៀត។ សូម្បីតែក្រោយពីបានបង្កើតបក្សពលករកម្ពុជា នៅឆ្នាំ១៩៦០ ហើយក៏ដោយ ក៏ពួកកុម្មុយនិស្តបានសម្រេចបន្តរក្សាទុកបក្សប្រជាជន ដើម្បីចូលរួមការបោះឆ្នោតម្តងទៀត នៅឆ្នាំ១៩៦២។
រហូតដល់ឆ្នាំ១៩៦៧ ទើបពួកខ្មែរកុម្មុយនិស្តសម្រេចចិត្តចាប់យកការតស៊ូដោយប្រដាប់អាវុធវិញម្តង៕