Send to friendកំណែ​ដែល​ងាយ​​ស្រួល​បោះពុម្ព​

ភ្នំពេញ៖ ក្រុមហ៊ុន​កុំព្យូទ័រ​ដ៏​ល្បីល្បាញ​ IBM ដែល​​គ្រោង​នឹង​បើក​សាខា​តំណាង​​នៅ​ក្នុង​ប្រទេស​កម្ពុជា​​នា​ពេល​​ខាង​មុខ​ បាន​ណែនាំ​​នូវ​បច្ចេកវិជ្ជា​ចុង​​ក្រោយ​បំផុត​និង​ដំណោះស្រាយ​ធុរកិច្ច​​ របស់​ខ្លួន​កាល​ពី​ថ្ងៃ​ទី​១៤​ តុលា​ ២០០៩​ នៅ​ណាហ្គាវើល​ ក្នុង​គោល​បំណង​​ជួយ​​ស្ថាប័ន​នានា​​នៅ​កម្ពុជា​ឲ្យ​កសាង​ធុរកិច្ច​ដ៏​ ឆ្លាតវៃ​មួយ​ក្នុង​គ្រា​សេដ្ឋកិច្ច​​ធ្លាក់​​ចុះ​នា​ពេល​បច្ចុប្បន្ន។

ដំណោះស្រាយ​ទាំង​នេះ​ ផ្អែក​​ទៅ​លើ​ការ​កែប្រែ​ច្នៃ​ប្រឌិត​​ថ្មី​​ជា​បន្ត​បន្ទាប់​របស់​ប្រព័ន្ធ ​ IBMX, Bladecenter Starage និង​ប្រព័ន្ធ​ឧស្សាហកម្ម​ពិភពលោក​ដ៏​ល្អ​ប្រសើរ​បំផុត​ពី​សូហ្វវែ​អាយប៊ីអឹម ​ (IBM Software) ដើម្បី​គាំទ្រ​ធុរកិច្ច​កាន់​តែ​លូត​លាស់​របស់​កម្ពុជា។

លោក​ ឡន វី​ (Leon Wee) នាយក​ប្រចាំ​ប្រទេស​នៃ​ក្រុម​សូហូវែ​ IBM នៅ​វៀតណាម​​ បាន​មាន​ប្រសាសន៍​ថា​ សម្ភារៈ​រូបវ័ន្ត​ (Hardware) របស់​ IBM បាន​ត្រូវ​​គេ​ទទួល​ស្គាល់​យ៉ាង​ល្អ​នៅ​ក្នុង​ទីផ្សារ​ដែល​កំពុង​រីក​ លូតលាស់​របស់​កម្ពុជា​ ជា​ពិសេស​នៅ​ក្នុង​វិស័យ​ធនាគារ​ទូរគមនាគមន៍​ និង​រដ្ឋាភិបាល​ ហើយ​នៅ​ពេល​នេះ​សូហ្វវែ​ IBM បាន​នាំ​មក​នូវ​​ការ​យល់​ដឹង​និង​សមត្ថភាព​វិភាគ​ធុរកិច្ច​​ថ្មី​សម្រាប់​ វិស័យ​ទាំង​នេះ​និង​សហគ្រាស​ផ្សេង​ទៀត។

ពាក់ព័ន្ធ​​នឹង​ដំណោះស្រាយ​ផ្នែក​វិស័យ​ធនាគារ​ លោក​ ឡន​ វី​ ដែល​​ទទួល​​សញ្ញាប័ត្រ​អនុបណ្ឌិត​ផ្នែក​គ្រប់​គ្រង​ធុរកិច្ច​អន្តរជាតិ​ពី​ វិទ្យាស្ថាន​ RMIT នៅ​​អូស្ត្រាលី​នោះ​​បាន​បញ្ជាក់​ថា​ វិស័យ​ធនាគារ​មាន​សារសំខាន់​ណាស់​ ដូចជា​​ការ​ប្រើប្រាស់​ប័ណ្ណ​ឥណទាន​ ម៉ាស៊ីន​ដក​ប្រាក់​ ប្រាក់​កម្ចី​ទិញ​គេហដ្ឋាន​ រថយន្ត​ និង​ប្រាក់​កម្ចី​សហគ្រាស​ធុន​តូច-មធ្យម។ ជាមួយ​​សេវា​ទាំង​នេះ​ IBM ​ អាច​ជួយ​បង្កើន​ដំណើរការ​​ធុរកិច្ច​កាត់បន្ថយ​ចំណាយ​ និង​​ការ​គ្រប់គ្រង​ផ្នែក​ព័ត៌មានវិទ្យា។

ដោយ​មាន​បទពិសោធន៍​ ១២​ឆ្នាំ​ ផ្នែក​សូហ្វវែ​ IBM លោក​ ឡន​ វី​ មាន​​ប្រសាសន៍​ថា​ ដំណោះស្រាយ​របស់​ IBM ​មាន​៤​ចំណុច​គឺ​ ១-ការ​បម្រើ​អតិថិជន​ និង​ការ​យល់​ដឹង​ពី​អតិថិជន​ (Customer Care and Insight) ២- ការ​បំប្លែង​ភាព​​ការងារ​ស្នូល​ធនាគារ​ (Core Banking Transformation) ៣- ប្រព័ន្ធ​ទូទាត់​ (Payments Framework) និង​ទី​៤- ការ​គ្រប់គ្រង​ហានិភ័យ​ចម្រុះ​ (Integrated Risk Management)។

ការ​បម្រើ​អតិថិជន​ និង​ការ​យល់ដឹង​អំពី​អតិថិជន​ គឺ​អាច​ជួយ​ឲ្យ​ធនាគារ​​កសាង​មូលដ្ឋាន​មួយ​សម្រាប់​បង្កើត​ទស្សនៈ​ តែ​មួយ​អំពី​អតិថិជន ​និង​អនុញ្ញាត​ឲ្យ​មាន​ការ​លក់​និង​សេវាកម្ម​កាន់តែ​​មាន​ប្រសិទ្ធភាព​ ហើយ​វា​ក៏​ផ្ដល់​នូវ​ប្រព័ន្ធ​ដំណោះស្រាយ​មួយ​ ដើម្បី​កែលំអ​បទ​ពិសោធន៍​របស់​អតិថិជន​ធនាគារ​តាមរយៈ​ការ​រក​ទីផ្សារ​ ការ​លក់​ សេវាកម្ម​ នីតិវិធី​គោរព​តាម​លិខិត​បទដ្ឋាន​ និង​ការ​គ្រប់គ្រង​ព័ត៌មាន។

ចំពោះ​ការ​បំប្លែង​ភាព​ការងារ​ស្នូល​ធនាគារ​ គឺ​អនុញ្ញាត​ឲ្យ​ធនាគារ​​ធ្វើ​ទំនើបកម្ម​ និង​កែលំអ​កម្មវិធី​ Legacy ដែល​គាំទ្រ​​មុខ​ងារ​ស្នូល​ធនាគារ​ស្រប​ពេល​​មាន​ការ​ប្រែប្រួល​នៃ​ ធុរកិច្ច។ ឯ​ប្រព័ន្ធ​​ទូទាត់​​របស់​ខ្លួន​ជា​បណ្ដើរៗ​ ដើម្បី​កាន់​តែ​មាន​​​​​​​លក្ខណៈ​ទន់ភ្លន់​ និង​ប្រសិទ្ធភាព​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ​​​​​​​​​​​​ក៏​ដូចជា​បង្ហាញ​ថា​ តើ​ធនាគារ​អាច​លើក​កម្ពស់​ស្តង់ដារ​ឧស្សាហកម្ម​ដូចម្ដេច​ កម្មវិធី​របស់​ដៃ​គូ​ធុរកិច្ច​ និង​មូលនិធិ​ IBM Smart SOA ជា​​មួយ​ការ​ពង្រីក​ការ​ទូទាត់​ឲ្យ​បាន​លឿន​ដើម្បី​បង្កើត​តម្លៃ​សម្រាប់​ ធនាគារ។

សម្រាប់​ការ​គ្រប់គ្រង​ហានិភ័យ​ គឺ​អាច​ជួយ​ធ្វើ​​ធនាគារ​អាច​យល់​ដឹង​កាន់​តែ​ប្រសើរ​ឡើង​អំពី​ហានិភ័យ​ និង​កាលានុវត្តនភាព​ទាំងមូល​របស់​ខ្លួន​ ដើម្បី​ធ្វើ​សេចក្ដី​សម្រេច​ចិត្ត​​ដោយ​មាន​ព័ត៌មាន​ពេញលេញ​ ក៏​ដូចជា​​អភិក្រម​ចំពោះ​ការ​​គ្រប់គ្រង​ហានិភ័យ​ ហិរញ្ញវត្ថុ​ ឧក្រិដ្ឋកម្ម​ហិរញ្ញវត្ថុ​ ហានិភ័យ​​ប្រតិបត្តិការ​ និង​ហានិភ័យ​ព័ត៌មានវិទ្យា​ និង​ការ​គោរព​ច្បាប់។

ទាក់ទង​​នឹង​ដំណោះស្រាយ​ របស់​ IBM ​ ចំពោះ​វិស័យ​ទូរគមនាគមន៍​លោក​ ឡន​ វី​ បាន​បន្ថែម​ថា​ ប្រព័ន្ធ​នេះ​ដាក់​ឲ្យ​អនុវត្ត​នូវ​យុទ្ធសាស្ត្រ​ និង​វិធី​ស្វែង​រក​ដំណោះស្រាយ​ទូរគមនាគមន៍​ IBM ​ ចំពោះ​ធុរកិច្ច​ព័ត៌មាន​វិទ្យា​ជា​ដើម។

ពាក់ព័ន្ធ​​វិស័យ​រដ្ឋាភិបាល​លោក ​សាយ៉ាធិ​ ហ្សីនដេ​ ប្រធាន​​ផ្នែក​​លក់​ដំណោះស្រាយ​​របស់​ IBM បាន​និយាយ​ថា​ ប្រព័ន្ធ​ឧស្សាហកម្ម​ យុទ្ធសាស្ត្រ​ដំណោះស្រាយ​ និង​ផលប័ត្រ​ (Portfolio) រដ្ឋាភិបាល​បាន​ត្រូវ​​​រៀបចំ​ដើម្បី​ប្រើប្រាស់​ជំនាញ​ឧស្សាហកម្ម​របស់​ IBM និង​ដើម្បី​ដោះស្រាយ​ចំណុច​​លំបាក​​បច្ចុប្បន្ន​របស់​រដ្ឋាភិបាល។ ប្រព័ន្ធ​នេះ​នឹង​ជួយ​រដ្ឋាភិបាល​ផ្នែក​សេវា​សង្គម​​រដ្ឋាភិបាល​ថ្នាក់​ តំបន់​ រដ្ឋ​មូលដ្ឋាន​ ការ​ត្រួតពិនិត្យ​គយ​ព្រំដែន​ និង​ការ​គ្រប់គ្រង​ប្រាក់​ចំណូល។

ដោយ​មាន​បទពិសោធន៍​១៨​ឆ្នាំ​ជាមួយ​ IBM លោក​ សាយ៉ាជិ​ បាន​បញ្ជាក់​ថា​ ក្នុង​សម័យ​ទំនើប​នេះ​រដ្ឋាភិបាល​គួរ​តែ​បង្កើត​ប្រព័ន្ធ​ធ្វើ​លិខិត​ ឆ្លងដែន​តាម​អ៊ីនធើណិត​ បើក​ប្រាក់​តាម​ធនាគារ​​ដើម្បី​បង្ក​លក្ខណៈ​ងាយស្រួល​ដល់​ប្រជាជន។

ដោយ​ឆ្លើយ​នឹង​សំណួរ​សួរ​ថា​ តើ​ IBM ​ សម្លឹង​ឃើញ​សក្ដានុពល​អ្វី​នៅ​កម្ពុជា​ក្នុង​វិស័យ​​ទូរគមនាគមន៍​ធនាគារ​​ និង​រដ្ឋាភិបាល​ លោក​ឡន​ វី​ បាន​ញញឹម​បន្តិច​រួច​និយាយ​ថា​ វិស័យ​ធនាគារ​និង​ទូរគមនាគមន៍​អាច​ផ្ដល់​ផល​ចំណេញ​​ដល់​ IBM ​ ព្រោះ​នៅ​កម្ពុជា​​វិស័យ​ទាំង​២​កំពុង​តែ​រីកចម្រើន​ខ្លាំង៕

Labels