this is the ministry of foriegnerក្រសួងមហាផ្ទៃផ្សព្វផ្សាយច្បាប់ស្ដីពីការគ្រប់គ្រងរដ្ឋបាល រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ
លោក ព្រុំ សុខា ថ្លែងក្នុងឱកាសបើកសិក្ខាសាលាមន្ត្រីរដ្ឋបាលជាន់ខ្ពស់ ស្ដីពីក្របខ័ណ្ឌច្បាប់ នៃរដ្ឋបាលមូលដ្ឋាននៅកម្ពុជា (រូបថត ៖ វិសាល)ភ្នំពេញ ៖ ក្រសួងមហាផ្ទៃក្រោមកិច្ចសហការគាំទ្រដោយទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិនៃប្រទេសជប៉ុន (JICA) បានរៀបចំសិក្ខាសាលាមួយថ្នាក់មន្ត្រីរដ្ឋបាលជាន់ខ្ពស់ស្ដីពីខ័ណ្ឌច្បាប់នៃរដ្ឋបាលមូលដ្ឋាននៅកម្ពុជា កាលពីថ្ងៃទី១ ខែកញ្ញា នេះនៅមជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជា-ជប៉ុន។
ដោយមានការចូលរួមពីលោកអភិបាល អភិបាលរង ខេត្តក្រុងទូទាំងប្រទេស មន្ត្រីរដ្ឋបាលជាន់ខ្ពស់មកពីក្រសួងពាក់ព័ន្ធ ព្រមទាំងតំណាងដៃគូអភិវឌ្ឍន៍ប្រមាណ១៥០នាក់នោះ សិក្ខាសាលាមន្ត្រីរដ្ឋបាលជាន់ខ្ពស់នេះ ត្រូវបានរៀបចំឡើងក្នុងគោលបំណងផ្សព្វផ្សាយអំពីច្បាប់ស្ដីពីការគ្រប់គ្រងរដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ និងដើម្បីពិភាក្សាអំពីបញ្ហាមួយចំនួនក្នុងគោលបំណងស្វែងយល់ឲ្យកាន់តែច្បាស់លាស់ និងស៊ីជម្រៅថែមទៀតនូវច្បាប់ថ្មីនេះ ដើម្បីត្រៀមលក្ខណៈសម្បត្តិឲ្យបានសមស្របក្នុងការអនុវត្តន៍ច្បាប់ប្រកបដោយប្រសិទ្ធភាព និងលទ្ធផលខ្ពស់ពីក្នុងចំណោមអ្នកពាក់ព័ន្ធនានា ជាពិសេសនៅរដ្ឋបាលថ្នាក់ក្រោមជាតិ។
លោក ព្រំ សុខា រដ្ឋលេខាធិការក្រសួងមហាផ្ទៃបានមានប្រសាសន៍ថា "សិក្ខាសាលានាពេលនេះជាសិក្ខាសាលាលើកដំបូងហើយដែលរៀបចំឡើងដោយក្រសួងមហាផ្ទៃ ដើម្បីផ្សព្វផ្សាយ និងពិភាក្សាអំពីច្បាប់ស្ដីពីការគ្រប់គ្រងរដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ចាប់តាំងពីច្បាប់នេះបានចូលជាធរមានមក។ សិក្ខាសាលាពេលនេះគឺជាឱកាសដ៏មានតំលៃបំផុតសម្រាប់យើងទាំងអស់គ្នា គិតគូរពិចារណាអំពីការរៀបចំរដ្ឋបាលមូលដ្ឋាននៅកម្ពុជានាថ្ងៃខាងមុខ សំដៅលើកកម្ពស់ការអភិវឌ្ឍន៍តាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ"។
សូមរំលឹកដែរថា រដ្ឋសភាបានអនុម័តនៅខែមេសា ឆ្នាំ២០០៨ ហើយនៅថ្ងៃទី២២ ខែឧសភា ឆ្នាំ២០០៨ ច្បាប់ចំនួន២នេះ ត្រូវបានប្រកាសឲ្យប្រើ គឺច្បាប់ស្ដីពីការគ្រប់គ្រងរដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ និងច្បាប់ស្ដីពីការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ក្រុមប្រឹក្សាខេត្តក្រុង ក្រុមប្រឹក្សាស្រុកខណ្ឌ។
លោក ព្រុំ សុខា បានមានប្រសាសន៍ថា "ការប្រកាសឲ្យប្រើច្បាប់ទាំងពីរខាងលើនេះ បានបង្ហាញពីសមិទ្ធផលដ៏ធំធេងមួយរបស់រាជរដ្ឋាភិបាល ប៉ុន្តែកិច្ចការនេះមិនមែនជាការបញ្ចប់នោះទេ គឺគ្រាន់តែជាការចាប់ផ្ដើមតែប៉ុណ្ណោះ។ អ្វីដែលសំខាន់គឺថា តើយើងត្រូវត្រៀមលក្ខណៈយ៉ាងណាខ្លះដើម្បីអាចអនុវត្តច្បាប់ថ្មីនេះបានដោយឆាប់រហ័ស ពេញលេញ និងប្រកបដោយប្រសិទ្ធភាព និងប្រសិទ្ធផលខ្ពស់"។
ច្បាប់ស្ដីពីការគ្រប់គ្រងរដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ បានកំណត់ថា រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ត្រូវគ្រប់គ្រងតាមគោលការណ៍នៃរដ្ឋបាលឯកភាពដើម្បីបង្កើតជំរុញ និងធ្វើឲ្យមានចីរភាពដល់ការអភិវឌ្ឍន៍តាមបែបប្រជាធិបតេយ្យតាមរយៈនយោបាយវិមជ្ឈការ និងវិសហមជ្ឈការដែលមានក្រុមប្រឹក្សា ដែលត្រូវបានជ្រើសរើសឡើងតាមការបោះឆ្នោតអសកល។
លោក ព្រុំ សុខា បានមានប្រសាសន៍ថា ប្រព័ន្ធរដ្ឋបាលថ្មីដែលកម្ពុជាយើងមានបទពិសោធន៍តិចតួចនៅឡើយក្នុងពេលនេះ ពោលគឺមានបទពិសោធន៍តែជាមួយការគ្រប់គ្រងរដ្ឋបាលឃុំ សង្កាត់ដែលយើងបានអនុវត្តចាប់តាំងពីការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់នាខែកុម្ភៈ ឆ្នាំ២០០២។
ដើម្បីអាចអនុវត្តច្បាប់ថ្មីឲ្យបានឆាប់រហ័ស លោក ព្រុំ សុខា បានលើកឡើងថា មានការងារជាច្រើនទៀតដែលយើងទាំងអស់គ្នាត្រូវរួមគ្នាគិតគូរពិចារណាឲ្យបានល្អិតល្អន់ និងជាបន្ទាន់មានជាអាទិ៍ : ១-ការពិនិត្យឡើងវិញ និងកំណត់ឲ្យបានច្បាស់លាស់នូវព្រំប្រទល់រាជធានី ខេត្តក្រុង ស្រុកខណ្ឌ និងកំណត់ឡើងវិញឈ្មោះខេត្ត ក្រុង ស្រុក ខណ្ឌ ឃុំ សង្កាត់។ ២-ការពិនិត្យមើលឡើងវិញនូវការទទួលខុសត្រូវ និងមុខងាររបស់ក្រសួងស្ថាប័ន មន្ទីរអង្គភាព និងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ ដើម្បីកំណត់មុខងារ និងធនធានដែលត្រូវផ្ទេរទៅឲ្យក្រុមប្រឹក្សានៅថ្នាក់រដ្ឋបាលក្រោមជាតិ។ ៣-ការរៀបចំលិខិតបទដ្ឋានពាក់ព័ន្ធនានាដើម្បីអនុវត្តច្បាប់នេះ។ ៤-ការផ្សព្វផ្សាយច្បាប់នេះឲ្យបានទូលំទូលាយ នៅក្នុងចំណោមអ្នកពាក់ព័ន្ធទាំងអស់ ដើម្បីឲ្យអ្នកទាំងនោះយល់ច្បាស់ និងរួមចំណែកអនុវត្តច្បាប់ឲ្យបានល្អ។ ៥-ការត្រៀមរៀបចំបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ក្រុមប្រឹក្សាខេត្ត ក្រុមប្រឹក្សាក្រុង ក្រុមប្រឹក្សាស្រុក ក្រុមប្រឹក្សាខណ្ឌ ដែលយើងគ្រោងនឹងរៀបចំនៅឆ្នាំក្រោយ។ ៦-តម្រូវការបណ្ដុះបណ្ដាលដល់សមាជិកក្រុមប្រឹក្សារាជធានី ក្រុមប្រឹក្សាខេត្ត ក្រុមប្រឹក្សាក្រុង ក្រុមប្រឹក្សាស្រុក ក្រុមប្រឹក្សាខណ្ឌ ដែលនឹងជាប់ថ្មីដើម្បីឲ្យអ្នកទាំងនោះអាចអនុវត្តតួនាទី ភារកិច្ចរបស់ខ្លួនបានប្រកបដោយភាពរលូន។
លោក ព្រុំ សុខា បានមានប្រសាសន៍ថា បញ្ហាទាំងអស់ខាងលើនេះគឺជាការងារចំពោះមុខដោះស្រាយឲ្យបានឆាប់រហ័ស។ ដើម្បីឆ្លើយតបនឹងបញ្ហាប្រឈមទាំងនេះបានទាមទារឲ្យមានការរៀបចំដោយប្រុងប្រយ័ត្ន នូវយុទ្ធសាស្ត្រកម្មវិធី និងផែនការការងារ ដែលត្រូវរៀបចំឡើងជាដំណាក់កាលៗ។ បច្ចុប្បន្ននេះគណៈកម្មាធិការជាតិដឹកនាំការងារកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ (គ.ជ.វ.វ)បាន និងកំពុងរៀបចំនូវកម្មវិធីជាតិសម្រាប់ការអភិវឌ្ឍន៍តាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ ដែលកម្មវិធីនេះមានរយៈពេល១០ឆ្នាំ ហើយយើងសង្ឃឹមថាការរៀបចំកម្មវិធីជាតិនេះនឹងបញ្ចប់នៅពាក់កណ្ដាលដើមឆ្នាំ២០០៩ខាងមុខ។
លោកបានមានប្រសាសន៍ដែរថា កំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ គឺជាដំណើរការមួយដែលប្រើពេលយូរមានលក្ខណៈ ស្មុគស្មាញ ទាមទារឲ្យមានទិសដៅនយោបាយច្បាស់លាស់ ព្រមទាំងការផ្លាស់ប្ដូរទម្លាប់ឥរិយាបថ ការចូលរួម ការប្ដេជ្ញាចិត្ត និងការអនុវត្តន៍យ៉ាងខ្ជាប់ខ្ជួន។ លោកបានបង្ហាញពីសុទ្ធិនិយមថា ទោះបីជាត្រូវការពេលវេលាក្ដី ច្បាប់ស្ដីពីការគ្រប់គ្រងរដ្ឋបាលរាជធានីខេត្តក្រុង ស្រុក-ខណ្ឌ និងច្បាប់ស្ដីពីការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ក្រុមប្រឹក្សាខេត្ត ក្រុមប្រឹក្សាក្រុង ក្រុមប្រឹក្សាស្រុក ក្រុមប្រឹក្សាខណ្ឌ នឹងត្រូវបានអនុវត្តយ៉ាងពេញលេញ និងប្រកបដោយជោគជ័យជាក់ជាមិនខាន។
ជាមួយគ្នានេះ លោក ព្រុំ សុខា ក៏បានសម្ដែងនូវក្ដីសង្ឃឹមថា តាមរយៈគម្រោងកែលំអរដ្ឋបាលមូលដ្ឋាននៅកម្ពុជា ការកសាងសមត្ថភាពរបស់មន្ត្រីថ្នាក់ជាតិ ថ្នាក់ខេត្តក្រុងស្រុកខណ្ឌ នឹងត្រូវបានលើកកម្ពស់ ហើយគម្រោងនេះនឹងជួយគាំទ្រដល់ក្រសួងមហាផ្ទៃថែមទៀត ក្នុងការរៀបចំឲ្យមានប្រព័ន្ធអភិវឌ្ឍន៍ធនធានមនុស្សដ៏ល្អមួយដែលនឹងធានានូវនិរន្តរភាពនៃការបណ្ដុះបណ្ដាលមន្ត្រីរាជការស៊ីវិល ជាពិសេសមន្ត្រីដែលពាក់ព័ន្ធនឹងរដ្ឋបាលមូលដ្ឋាន។ លោកក៏សង្ឃឹមផងដែរថា អង្គការ JICAនឹងបន្តជួយឧបត្ថម្ភរាជរដ្ឋាភិបាលកម្ពុជាដើម្បីអនុវត្តឲ្យបានសម្រេចនូវគោលនយោបាយ វិមជ្ឈការ និងវិសហមជ្ឈការនៅកម្ពុជា ក្នុងរយៈពេលយូរតទៅមុខទៀត៕this is the ministry of foriegner


Labels