មួកសុវត្ថិភាពចរាចរអាចនឹងឡើងថ្លៃ នៅពេលអនុវត្តច្បាប់ចរាចរ
ភ្នំពេញ ៖ យុទ្ធនាការផ្សព្វផ្សាយការប្រើប្រាស់មួកសុវត្ថិភាពចរាចរផ្លូវគោកកំពុងត្រូវបានធ្វើនៅក្នុងខណ្ឌ៧មករា ហើយព្រមពេលជាមួយគ្នានេះគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរផ្លូវគោក ក៏បានលក់មួកដោយតម្លៃថោកនៅតាមសាលារៀន ដើម្បីជាការលើកទឹកចិត្តឲ្យប្រើប្រាស់មួក។ ការអនុវត្តន៍ច្បាប់ចរាចរស្ដីពីការប្រើប្រាស់មួកនៅថ្ងៃទី១ ខែមករា ឆ្នាំ២០០៩នោះអាចនឹងធ្វើឲ្យតម្លៃមួកឡើងថ្លៃ ដោយសារតម្រូវការច្រើន ហើយនៅស្រុកយើងសព្វថ្ងៃមិនទាន់មានរោងចក្រផលិតមួកនៅឡើយទេ។
លោក មាស ចាន់ឌី អ្នកគ្រប់គ្រងគម្រោងសុវត្ថិភាពចរាចររបស់អង្គការជនពិការអន្តរជាតិបែលហ្ស៊ិកបាននិយាយឲ្យដឹងនៅថ្ងៃទី២៩ ខែវិច្ឆិកានេះថា យុទ្ធនាការផ្សព្វផ្សាយអំពីការប្រើប្រាស់មួកសុវត្ថិភាពចរាចរផ្លូវគោកកំពុងតែប្រព្រឹត្តទៅនៅ
តាមផ្លូវ និងនៅតាមភ្លើងស្តុបក្នុងខណ្ឌ៧មករា ដោយមានយុវជនស្ម័គ្រចិត្តចូលរួមចែកខិត្តប័ណ្ណ និងបង្ហាញរូបភាពស្ដីពីការប្រើប្រាស់មួកសុវត្ថិភាព។
ប្រភពខាងលើបាននិយាយឲ្យដឹងទៀតថា យុទ្ធនាការនេះនឹងបញ្ចប់នៅដំណាច់ខែធ្នូ ហើយបន្ទាប់ពីនេះគឺនគរបាលជាតិគេចាប់ផ្ដើមអនុវត្តច្បាប់ចរាចរផ្លូវគោកស្ដីពីការប្រើប្រាស់មួកសុវត្ថិភាព។ ក្នុងពេលយើងកំពុងតែធ្វើយុទ្ធនាការផ្សព្វផ្សាយពីការប្រើប្រាស់មួកសុវត្ថិភាពនេះ គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរផ្លូវគោកក៏ទទួលបានមួកសុវត្ថិភាពចំនួន២.០០០ ពីអង្គការសម្ព័ន្ធដើម្បីសុវត្ថិភាពចរាចរផ្លូវគោកសកលសម្រាប់លក់នៅតាមសាលារៀនមួយចំនួននៅក្នុងទី
ក្រុងភ្នំពេញ ដោយតម្លៃថោក ជាការលើកទឹកចិត្តឲ្យប្រើប្រាស់មួក។
កាលពីដើមខែតុលា កន្លងទៅនេះអគ្គស្នងការនគរបាលជាតិបានចេញសេចក្ដីប្រកាសជូនដំណឹងជាសាធារណៈ
ថា ដើម្បីអនុវត្តឲ្យបានត្រឹមត្រូវតាមច្បាប់ស្ដីពីចរាចរផ្លូវគោក សំដៅកាត់បន្ថយគ្រោះថ្នាក់ចរាចរដែលបច្ចុប្បន្នបាន និងកំពុងកើតឡើងភាគច្រើនដល់អ្នកជិះទោចក្រយានយន្តដែលងាយទទួលរងគ្រោះត្រង់ក្បាល បណ្ដាលឲ្យបាត់បង់ជីវិតឬរបួសធ្ងន់ធ្ងរដល់ពិការភាព បាត់បង់ពលកម្មនោះ អគ្គស្នងការនគរបាលជាតិបានចេញបទបញ្ជាដល់នគរបាលចរាចរគ្រប់ខេត្ត-ក្រុងចាប់ផ្ដើមធ្វើការត្រួតពិនិត្យផាកពិន័យតាមជំពូកទី១០ នៃច្បាប់ចរាចរផ្លូវគោក ចាប់ពីថ្ងៃទី១ ខែមករា ឆ្នាំ២០០៩ លើករណីមិនពាក់មួកសុវត្ថិភាព ក្នុងពេលបើកបរទោចក្រយានយន្ត និងត្រីចក្រយានយន្ត។
លោក កែវ សាវិន ប្រធាននាយកដ្ឋានដឹកជញ្ជូន និងជាលេខាធិការដ្ឋាននៃគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរ
ផ្លូវគោក បាននិយាយឲ្យដឹងកាលពីសប្ដាហ៍មុននេះថា ម៉ូតូដែលបានចុះបញ្ជីត្រឹមត្រូវ ហើយកំពុងធ្វើចរាចរនៅលើផ្លូវសាធារណៈពេលនេះមានចំនួនរហូតដល់៨៣៥.៧២០គ្រឿង តែអ្នកដែលបានប្រើប្រាស់មួកសុវត្ថិភាពចរាចរផ្លូវគោកហើយនោះមានចំនួនតិចតួចណាស់។
លោក មាស ចាន់ឌី បាននិយាយឲ្យដឹងថា តាមការអង្កេតកន្លងទៅនៅក្នុងទីក្រុងភ្នំពេញឃើញមានអ្នកជិះម៉ូតូដែលបានប្រើប្រាស់មួកសុវត្ថិភាពហើយមានចំនួន
ប្រមាណជា២៤ភាគរយ (នៅរាជធានីភ្នំពេញម៉ូតូដែលបានចុះបញ្ជីត្រឹមត្រូវមានចំនួនប្រមាណជាង៥០ម៉ឺនគ្រឿង) ការប្រកាសជូនដំណឹងស្ដីពីការអនុវត្តន៍ច្បាប់ចរាចរស្ដីពីការប្រើប្រាស់មួកសុវត្ថិភាពចាប់ពីថ្ងៃទី១ ខែមករា ឆ្នាំ២០០៩ ខាងមុខនេះ អាចនឹងធ្វើឲ្យមួកនៅលើទីផ្សារឡើងថ្លៃ ដោយសារមួកដែលត្រូវប្រើបើសម្រាប់ម៉ូតូជាង៨សែនគ្រឿងនោះ គឺប្រមាណជា១លានមួកនៅលើទីផ្សារមានតម្លៃប្រមាណជា១០ដុល្លារ នៅស្រុកយើងសព្វថ្ងៃនេះមិនទាន់មានរោងចក្រផលិតមួកសុវត្ថិភាពចរាចរផ្លូវគោកនៅឡើយទេ៕

Labels