អនាគតនឹងតម្រូវឲ្យស្ថាប័នរដ្ឋ និងឯកជនទទួលយកជនពិការធ្វើការ
រាជធានីភ្នំពេញ៖ លោកជំទាវ អ៊ឹង កន្ថាផាវី រដ្ឋមន្ត្រីក្រសួងកិច្ចការនារី បាននិយាយឲ្យដឹងថា ជនពិការទាំងឡាយមិនចាំបាច់បន្តការព្រួយបារម្ភរបស់ខ្លួន អំពីការពិបាករកការងារធ្វើនោះឡើយ គឺធ្វើយ៉ាងណាខិតខំកសាងអភិវឌ្ឍន៍ចំណេះដឹង និងជំនាញវិជ្ជាជីវៈរបស់ខ្លួនឲ្យកាន់តែខ្ពស់ ព្រោះអនាគតមិនជាយូរប៉ុន្មានទៀតទេ តាមក្រសួងមន្ទីរស្ថាប័នរដ្ឋ និងឯកជន នឹងមានតម្រូវឲ្យទទួលយកជនពិការឲ្យទៅបម្រើការងារ ដើម្បីបើកទីផ្សារការងារដល់ជនពិការកម្ពុជា។
លោកជំទាវបន្តថា ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា មានទស្សនៈធំទូលំទូលាយណាស់ នៅក្នុងការការពារ និងផ្ដល់ផលប្រយោជន៍ដល់
ជនពិការ ដូច្នេះហើយទើបរាជរដ្ឋាភិបាលបាននឹងកំពុងកសាងផ្លូវច្បាប់ដើម្បីការពារដល់ជនពិការ ហើយច្បាប់នេះបច្ចុប្បន្នកំពុងរង់ចាំសភាពិភាក្សា នៅពេលខាងមុខនេះ។
លោកជំទាវ អ៊ឹង កន្ថាផាវី បាននិយាយបែបនេះ កាលពីថ្ងៃទី ១០ មីនា ខណៈពេលដែលលោកជំទាវ បានអញ្ជើញចូលរួមជាអធិបតីភាពក្នុងពិធីប្រារព្ធទិវាសិទ្ធិនារីអន្តរជាតិ ៨ មីនា ខួបលើកទី៩៩ ដែលរៀបចំឡើងដោយអង្គការជនពិការកម្ពុជា នៅទីស្នាក់ការដែលមានទីតាំងស្ថិតនៅក្នុងបរិមាណវត្តថាន់។
លោក ងិន សៅរ័ត្ន នាយកប្រតិបត្តិនៃអង្គការជនពិការកម្ពុជាបានថ្លែងថា ប្រទេសកម្ពុជាយើងមានជនពិការរាប់ម៉ឺននាក់ ហើយពួកគាត់ភាគច្រើនកំពុងប្រឈមមុខនឹងបញ្ហារៀបរាប់មិនអស់ ជាពិសេសស្ត្រី និងកុមារពិការ។ ស្ត្រី និងកុមារពិការភាគច្រើនមានជីវភាពរស់នៅយ៉ាងពិបាកវេទនា ដោយសារភាពក្រីក្រ។ ស្ត្រី និងកុមារពិការត្រូវស្វែងរកការងារធ្វើដើម្បីចិញ្ចឹមជីវិត ដោយមានការលំបាក និងមានការរើសអើង។ ជួនកាលពួកគេត្រូវបោះបង់ចោលការសិក្សា ដែលជាមូលហេតុធ្វើឲ្យស្ត្រី និងកុមារពិការមានចំណេះដឹងនៅមានកម្រិតទាប។
ស្ត្រី និង កុមារពិការ ក៏មានវាសនាពិបាកជាងស្ត្រី និងកុមារទូទៅដែរ ពួកគេទទួលរងនូវការរំលោភបំពានលើរាងកាយ និងកម្លាំងពលកម្ម ជាជនរងគ្រោះនៃអំពើហិង្សានៅក្នុងគ្រួសារ និងការជួញដូរជាទំនិញ។ល។ ស្ត្រី និងកុមារពិការភាគច្រើនបានបាត់បង់នូវឱកាសចូលរួមក្នុងសកម្មភាពសង្គម ដោយឲ្យស្ត្រី និងកុមារពិការពួនសម្ងំនៅក្នុងផ្ទះ ដោយសារភាពខ្មាសអៀន ស្ត្រី និងកុមារពិការភាគច្រើនមិនអនុញ្ញាតឲ្យចូលធ្វើការដោយគិតថា ស្ត្រី និងកុមារពិការមានគំនិតផ្ដួចផ្ដើមតិចតួច និងដោយសារពួកគេមានពិការភាពជាប់ខ្លួន។
ម្យ៉ាងវិញទៀត វប្បធម៌ និងច្បាប់ស្ត្រីជាគំនាបមួយធ្វើឲ្យស្ត្រីពិការពុំមានសេចក្ដីក្លាហាននៅក្នុងសង្គម និងពុំហ៊ានប្រឈមមុខនឹងបញ្ហាដែលពួកគេមាន ហើយពួកគេតស៊ូទ្រាំរស់នៅដោយផ្អែកទៅលើកម្មផល ដែលអង្គការជនពិការកម្ពុជាយល់ឃើញថា វាជាជំនឿមួយដែលធ្វើឲ្យប៉ះពាល់ការអភិវឌ្ឍន៍ និងការចូលរួមរបស់ជនពិការនៅក្នុងសង្គម។
ដោយសារតែនៅក្នុងប្រទេសកម្ពុជារបស់យើង ការរើសអើង អំពើហិង្សា និងខ្វះសេវាអប់រំពិសេស ទាំងអស់នេះហើយ ដែលបណ្ដាលឲ្យពួកគេប្រឈមមុខនឹងភាពក្រីក្រ ហើយភាពក្រីក្រនេះ គឺបណ្ដាលមកពីការមិនដាក់បញ្ចូលស្ត្រី និងកុមារពិការនៅក្នុងការអភិវឌ្ឍន៍របស់សង្គម។
នៅក្នុងអនុសញ្ញាស្ដីពីជនពិការ ដែលរាជរដ្ឋាភិបាលបានចុះហត្ថលេខាទទួលស្គាល់នៅថ្ងៃទី ១ តុលា ឆ្នាំ ២០០៧ នៅទីក្រុងញូវយ៉ក មាត្រាទី៦ នៃច្បាប់នេះបានចែងថា ១- រដ្ឋភាគីទទួលស្គាល់ថា ស្ត្រី និងកុមារពិការងាយរងការរើសអើងច្រើនបែបយ៉ាង ចំពោះបញ្ហានេះត្រូវចាត់វិធានការនានា ដើម្បីធានាឲ្យពួកគេ ទទួលភាពស្មើភាព និងពេញលេញនូវសិទ្ធិមនុស្ស និងសេរីភាពជាសារវន្តទាំងអស់។ ចំណុចទី ២- រដ្ឋភាគីត្រូវចាត់រាល់វិធានការសមស្រប ដើម្បីធានាឲ្យស្ត្រីទទួលបានការអភិវឌ្ឍន៍ វឌ្ឍនភាព និងផ្ដល់សិទ្ធិអំណាចឲ្យបានពេញលេញក្នុងគោលបំណង ដើម្បីធានាពួកគេឲ្យអនុវត្តន៍ និងទទួលបានសិទ្ធិមនុស្ស និងសេរីភាពជាសារវន្ត ដូចមានចែងក្នុងអនុសញ្ញានេះ។ ការចុះហត្ថលេខាលើអនុសញ្ញាស្ដីពីសិទ្ធិជនពិការ និងការរៀបចំសេចក្ដីព្រាងច្បាប់ ដើម្បីលើកស្ទួយ និងការពារសិទ្ធិជនពិការនេះសបញ្ជាក់ឲ្យឃើញថា រាជរដ្ឋាភិបាលដែលមានសម្ដេចតេជោ ហ៊ុន សែន ជាប្រមុខពិតជាបាននឹងកំពុងយកចិត្តទុកដាក់យ៉ាងខ្លាំងមកលើជនពិការរបស់យើង។ ក្នុងនាមស្ត្រីពិការទាំងអស់ និងបងប្អូនពិការគ្រប់ប្រភេទ ទាំងអស់ជឿក់លើសម្ដេចនាយក និងអនុម័តសេចក្ដីព្រាងច្បាប់ជនពិការ និងផ្ដល់សច្ចាប័នដល់អនុសញ្ញាស្ដីពីសិទ្ធិពិការ និងផ្ដល់សច្ចាប័នដល់អនុសញ្ញាស្ដីពីសិទ្ធិជនពិការនៅក្នុងអាណត្តិនេះជាក់ជាពុំ


Labels