/ 9:03 AM /
ឧត្ដមសិក្សាយើងឥឡូវ
បច្ចុប្បន្ន យើងសង្កេតឃើញថា ការអប់រំផ្នែកឧត្ដមសិក្សានៅកម្ពុជាពិតជារីកចម្រើន បើប្រៀបធៀបមុនឆ្នាំ ២០០០។ វិទ្យាស្ថាន និងសកលវិទ្យាល័យបានរីកដុះដាលនៅក្នុងរាជធានី និងនៅស្ទើរតែគ្រប់ខេត្ត-ក្រុងក្នុងទូទាំងប្រទេស ប្រៀបបានដូចជាទំពាំងកំពុងដុះនាដើមរដូវវស្សា។ បើតាមសេចក្ដីរាយការណ៍ព័ត៌មានរបស់កាសែតក្នុងស្រុកមួយ ដោយដកស្រង់របាយការណ៍របស់ក្រសួងអប់រំ យុវជន និងកីឡាបានឲ្យដឹងថា គ្រឹះស្ថានឧត្ដមសិក្សាទាំងអស់មានចំនួន ៧៧ ដែលក្នុងនោះផ្នែកសាធារណៈរបស់រដ្ឋមានចំនួន ៣២ និងផ្នែកឯកជនមានចំនួន ៤៥ ដោយបណ្ដុះបណ្ដាលនិស្សិតសរុបទាំងអស់ចំនួន ១៣៧.៤០០ នាក់ ក្នុងនោះថ្នាក់បណ្ឌិត ៨៦២ នាក់ អនុបណ្ឌិត ១១.៦៨១ នាក់ បរិញ្ញាបត្រ ១១០.០០០ នាក់ និងថ្នាក់បរិញ្ញាបត្ររង ១៤.៨៥៧ នាក់នៅទូទាំងប្រទេស។
ពិតជាមិនធម្មតាទេ ហើយបើស្ដាប់ទៅកម្ពុជាមិនអន់ឡើយចំពោះធនធានមនុស្សដែលចេញពីថ្នាក់ឧត្ដមសិក្សាក្នុងមួយឆ្នាំៗ។ នេះមិនទាន់បានគិតដល់និស្សិតដែលបានបញ្ចប់ការសិក្សានៅឯបរទេសផង។ យុវនិស្សិតឥឡូវបានពោលដោយមោទនៈថា ពួកគេពិតជាមានសំណាងជាងនិស្សិតជំនាន់មុនទសវត្សរ៍នៃឆ្នាំ ២០០០ ព្រោះពួកគេស្ថិតនៅក្នុងសម័យកាលនៃបច្ចេកវិទ្យា គមនាគមន៍ និងព័ត៌មានវិទ្យាដ៏ទំនើប។ ថ្មីៗនេះមាននិស្សិតខ្មែរប្រុសស្រីបានទៅចូលរួមប្រកួតមុខវិជ្ជាមេធាវីនៅឯទីក្រុងវ៉ាស៊ីនតោន សហរដ្ឋអាមេរិក ដែលជាមោទនភាពជាតិមួយដ៏ធំ។ ប្រាវ៉ួ (Bravo)ឧត្ដមសិក្សា និងធនធានមនុស្សនៅកម្ពុជា!
ប៉ុន្តែមានអ្នកខ្លះបានជ្រួញចិញ្ចើម ហើយគ្រវីក្បាលដូចស្រាំងទិចស្លឹកត្រចៀក បន្ទាប់ពីពួកគេគិតមួយសន្ទុះពីរឿងឧត្ដមសិក្សានេះ។ ពួកគេបានសរសើរពីបរិមាណ ប៉ុន្តែបានរិះគន់ និងចំអកពីគុណភាព។ ស្ដាប់ឮដំបូង យើងគិតថា អ្នកទាំងនោះមានគំនិតទុទិដ្ឋិនិយម គិតមិនបានទូលំទូលាយ មានការចង្អៀតចង្អល់ អភិរក្ស មិនទាន់សម័យក្នុងដំណាក់កាលនៃឌីជីថលដ៏ទំនើបទាល់តែសោះ។ ប៉ុន្តែបើយើងគិតឲ្យស៊ីជម្រៅបន្តិច យើងគិតថាពួកគេទំនងជាវិភាគត្រូវមួយជ្រុងដែរ ហើយគួរតែយកគំនិតរបស់គេទាំងនោះមកពិចារណា និងចាត់វិធានការណ៍ដោះស្រាយឲ្យបានសមស្រប ដើម្បីជាឧត្ដមប្រយោជន៍របស់សង្គមជាតិយើងទាំងនៅក្នុងបច្ចុប្បន្ន ក៏ដូចជានៅពេលអនាគត។
ពួកអ្នកវិភាគទាំងនោះ ដោយរួមមានទាំងនិស្សិតផងបាននិយាយថា មានកត្តាមួយចំនួនដែលធ្វើឲ្យប៉ះពាល់ដល់គុណភាពអប់រំឧត្ដមសិក្សារបស់កម្ពុជានាពេលបច្ចុប្បន្ន។ ទីមួយ អំពើពុករលួយគឺជាគ្រាប់បែកគ្មានសំឡេងក្នុងការបំបែកគុណភាពអប់រំតាំងពីបឋមសិក្សារហូតដល់ឧត្ដមសិក្សា។ មិនចាំបាច់និយាយពីគុណភាពបឋមសិក្សា និងមធ្យមសិក្សានោះទេ ព្រោះថា សិស្សានុសិស្ស និងមាតាបិតារបស់គេ ហើយសូម្បីតែលោកគ្រូអ្នកគ្រូខ្លួនឯងក៏លោកបានដឹងដែរពីបញ្ហាគុណភាពនៃការសិក្សារបស់សិស្ស ។ តើឲ្យលោកគ្រូអ្នកគ្រូមើលបានគ្រប់ជ្រុងជ្រោយយ៉ាងដូចម្ដេច បើថ្នាក់រៀនខ្លះមានសិស្សពី ៥០ នាក់ទៅ ៧០ នាក់ឯណោះ ហើយមានលោកគ្រូអ្នកគ្រូខ្លះគាត់បង្រៀនដល់ទៅពីរបីថ្នាក់ឯណោះ?
ទាក់ទិននឹងអំពើពុករលួយ និងការទារលុយសិស្សប្រចាំថ្ងៃគឺពិបាកនឹងបន្ទោសដល់លោកគ្រូអ្នកគ្រូរបស់យើងណាស់ ព្រោះពួកគាត់ខំប្រឹងត្រដររស់តាមមធ្យោបាយដែលគាត់អាចធ្វើទៅបាន ខណៈដែលប្រាក់បៀវត្សរ៍របស់គាត់តិចតួច។
លោកគ្រូអ្នកគ្រូបានពោលថា ពួកគាត់យកលុយបន្តិចបន្តួចពីសិស្សគ្រាន់តែបំពេញក្រពះយកកម្លាំងមកបង្រៀនសិស្សវាខុសអី ខណៈដែលមន្ត្រី និងអ្នកជំនួញខ្លះរួមគ្នាមួយទំហឹងលួចសម្បត្តិជាតិមកធ្វើជាមហាសេដ្ឋីតាមរយៈការលក់ដី លក់បឹង កាប់ព្រៃឈើ ចាប់សត្វព្រៃលក់ ដែលជាសម្បត្តិធម្មជាតិរបស់សាធារណៈ និងតាមរយៈការកិបកេងថវិការដ្ឋដោយបំប៉ោងការចំណាយលើសពីការចំណាយជាក់ស្ដែង ព្រមទាំងតាមរយៈការឃុបឃិតគ្នារវាងមន្ត្រីជំនាញ និងឈ្មួញទុច្ចរិតលួចបន្លំពន្ធរបស់រដ្ឋ ដោយគេចវេះមិនបង់ពន្ធជូនរដ្ឋ ឬក៏បង់ដែរតែមិនគ្រប់ចំនួន ព្រោះទាំងមន្ត្រីទាំងឈ្មួញបានផលចំណេញជាបុគ្គលទាំងសងខាង។
ជាងនេះទៅទៀត លោកគ្រូអ្នកគ្រូក៏បានលើកឡើងដែរថា គាត់យកលុយពីសិស្សនេះគឺគ្រាន់តែមួយចម្អែតប្រចាំថ្ងៃប៉ុណ្ណោះ គឺមិនដូចមន្ត្រីតុលាការ មន្ត្រីយោធា មន្ត្រីកងរាជអាវុធហត្ថ និងមន្ត្រីនគរបាលខ្លះជំរិតយកប្រាក់ដោយត្រង់ៗពីប្រជាពលរដ្ឋទៅតាមជំនាញរបស់ពួកគេរៀងៗខ្លួននោះទេ។ ពិតជាឈឺក្បាលមែនទែន បន្ទាប់ពីស្ដាប់បទឧទ្ទេសនាមដ៏ស្រទន់របស់លោកគ្រូអ្នកគ្រូរបស់យើង។ ចុះពួកគាត់ដឹងអីក៏ដឹងម្លិះ? នេះបានចំជាគ្រូមែន!
ចុះចំណែកឯការអប់រំនៅថ្នាក់ឧត្ដមសិក្សាវិញយ៉ាងដូចម្ដេចដែរ?
ទាក់ទិននឹងចំណុចនេះ ពួកអ្នកវិភាគ និងអ្នកអង្កេតដោយឯករាជជាច្រើនបានលើកឡើងថា ជាការពិតសាស្ត្រាចារ្យ និងគ្រូឧទ្ទេសនៅមហាវិទ្យាល័យ និងសកលវិទ្យាល័យមិនបានយកលុយពីនិស្សិតដូចលោកគ្រូអ្នកគ្រូនៅឯបឋមសិក្សា និងមធ្យមសិក្សានោះទេ។ អ្វីដែលជាចំណុចខ្សោយគឺថា ទីមួយ ក្នុងថ្នាក់នីមួយៗក៏មានចំនួននិស្សិតច្រើនលើសពីបទដ្ឋាន ឬនិយាមអប់រំ។
ទីពីរ មានគ្រូឧទ្ទេសខ្លះមិនមានសមត្ថភាព និងគរុកោសល្យបង្រៀនពិតប្រាកដឡើយ។ ដោយសារតែគ្រូឧទ្ទេសដែលមានសមត្ថភាពត្រូវការកម្រៃពលកម្មខ្ពស់ ទើបមហាវិទ្យាល័យ និងសកលវិទ្យាល័យមួយចំនួនមិនហ៊ានជួលឲ្យគ្រូឧទ្ទេសដែលមានសមត្ថភាពមកបង្រៀន។
ទីបី មហាវិទ្យាល័យ និងសកលវិទ្យាល័យភាគច្រើនបានជួលអ្នកដែលកំពុងបម្រើការនៅក្នុងជួររដ្ឋាភិបាល អង្គការមិនមែនរដ្ឋាភិបាល និងក្រុមហ៊ុនឯកជនខ្លះមកធ្វើជាគ្រូឧទ្ទេស។ ពិតមែនហើយ ការបង្រៀនរបស់ពួកគាត់មិនអន់ទេ ព្រោះពួកគាត់មានចំណេះដឹង និងបទពិសោធន៍គ្រប់គ្រាន់ ប៉ុន្តែអ្វីដែលគួរឲ្យបារម្ភនោះគឺថា ពួកគេទាំងនោះមានការមមាញឹកក្នុងការបំពេញការងារស្នូលជាច្រើនរបស់ខ្លួន និងមានការនឿយហត់អស់កម្លាំងផងនាពេលថ្ងៃ ដែលជាហេតុធ្វើឲ្យពួកគាត់មិនមានពេលវេលាគ្រប់គ្រាន់ ដើម្បីស្រាវជ្រាវបន្ថែម ក្រៅពីយកមេរៀនតែនៅក្នុងសៀវភៅដែលសាលាចែកឲ្យមកបង្រៀនប៉ុណ្ណោះ ។ ការស្រាវជ្រាវរបស់គ្រូមានការចង្អៀត នាំឲ្យការស្រាវជ្រាវរបស់និស្សិតមិនបានទូលំទូលាយ និងស៊ីជម្រៅដែរ ព្រោះថា សម័យនេះជាសម័យបដិវត្តន៍របស់បច្ចេកវិទ្យា គមនាគមន៍ និងព័ត៌មានវិទ្យាដ៏ទំនើប ដែលទាមទារឲ្យធ្វើបច្ចុប្បន្នភាព (Update) ជាប្រចាំ។
ទីបួន មានមហាវិទ្យាល័យ និងសកលវិទ្យាល័យខ្លះទៀតបានជួលអ្នកទេសចរណ៍បរទេស ឬអ្នកមកស្នាក់អាស្រ័យនៅកម្ពុជាក្នុងរយៈពេលខ្លីឲ្យមកបង្រៀនក្នុងតម្លៃថោក។ តាមពិត អ្នកទាំងនោះគ្មានសមត្ថភាព និងបទពិសោធន៍បង្រៀនទាល់តែសោះ ដោយគ្រាន់តែពួកគេអាចនិយាយភាសាអង់គ្លេសបានល្អជាងខ្មែរតែប៉ុណ្ណោះ។
ទីប្រាំ មានមហាវិទ្យាល័យ និងសកលវិទ្យាល័យមួយចំនួនបានជំពាក់លុយគ្រូ ដោយបង់ប្រាក់ថ្លៃម៉ោងបង្រៀនជូនគាត់មិនទៀងទាត់ ធ្វើឲ្យគាត់បាក់ទឹកចិត្តបង្រៀន ហើយបណ្ដោយឲ្យការសិក្សាទៅតាមដំណើរ ដោយមិនបានគិតគូរឲ្យម៉ឺងម៉ាត់ពីអវត្តមានរបស់និស្សិត។
ទីប្រាំមួយ នៅពេលប្រឡងអនុរក្សធូររលុង មិនម៉ឺងម៉ាត់ដែលនាំឲ្យនិស្សិតអាចចម្លងគ្នា ឬបើកចាក់ទៅតាមជំនាញ បច្ចេកទេស និងទេពកោសល្យរៀងៗខ្លួន!! ជាងនេះទៅទៀត មានពេលខ្លះ វិញ្ញាសាបានធ្លាយចេញមុនការប្រឡងមកដល់ ដែលធ្វើឲ្យនិស្សិតដែលមិនបានមករៀនទៀងទាត់ ឬនិស្សិតដែលមកគ្រាន់តែលំអសាលា រង់ចាំទទួលសញ្ញាប័ត្រសប្បាយអស់ទាស់ តែបានធ្វើឲ្យនិស្សិតដែលខំរៀនពិតប្រាកដអាក់អន់ចិត្ត ហើយមិនដឹងធ្វើអីគេកើត។
ទីប្រាំពីរ បន្ថែមពីលើនេះ មានមហាវិទ្យាល័យ និងសកលវិទ្យាល័យខ្លះទៀតមិនហ៊ានឲ្យនិស្សិតរបស់ខ្លួនធ្លាក់ច្រើនពេកទេ ព្រោះខ្លាចខូចឈ្មោះសាលា ដែលគេនឹងចំអកថា បង្រៀនមិនកើតទើបនិស្សិតធ្លាក់ច្រើន។
ចំណែកចំណុចមួយចុងក្រោយគឺថា មាននិស្សិតខ្លះទៀតបានប្រឡងធ្លាក់ តែដោយសារលុយ សញ្ញាប័ត្រអាចជប់បានតាមសំណូមពរ។ មានសកលវិទ្យាល័យខ្លះត្រូវបាននិស្សិតជាច្រើនចំអកឲ្យថា សឹងតែក្លាយជាមជ្ឈមណ្ឌលផលិត និងចែកចាយសញ្ញាប័ត្រទៅហើយ។ បើតែយ៉ាងនេះ តើគុណភាពនៃឧត្ដមសិក្សារបស់ប្រទេសយើងនឹងទៅជាយ៉ាងណា?
ពេលខ្លះពួកបរទេសបានចំអកឲ្យយើងថា កូនខ្មែរជាប់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់ទៅហើយបែរជាការយល់ដឹងមិនស្មើនឹងចំណេះដឹងរបស់សិស្សវិទ្យាល័យរបស់គេផង។ ស្ដាប់ទៅគួរឲ្យឈឺចាប់បំផុត ប៉ុន្តែមិនត្រូវប្រែក្លាយការលែបខាយនេះឲ្យទៅជាការចងជាកំហឹងនោះទេ។ គឺយើងត្រូវពិចារណាលើចំណុចខ្សោយរបស់ខ្លួន ដើម្បីកែលំអឲ្យឧត្ដមសិក្សារបស់យើងមានគុណភាពស្របតាមនិយាមតំបន់។
យើងពិតជាគាំទ្រដល់ប្រសាសន៍របស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលបានលើកឡើងកាលពីពេលថ្មីៗនេះពីគុណភាពនៃឧត្ដមសិក្សានេះ ដោយលោកបានបញ្ជាក់ថា សាកលវិទ្យាល័យជាតិត្រូវខិតខំយកចិត្តទុកដាក់ផ្លាស់ប្ដូរមុខមាត់នៃវិស័យអប់រំ ហើយធ្វើឲ្យមានវិសាលភាពនៃកម្មវិធីអប់រំបណ្ដុះបណ្ដាលរបស់ខ្លួនឲ្យទៅជាសកលវិទ្យាល័យខ្នាតទូលាយ ដែលអាចស្ដែងឡើងនូវលទ្ធភាព សមត្ថភាព និងបំពេញបានតាមគ្រប់បទដ្ឋានដែលបានកំណត់ ។ ពិតជាមិនខុសឡើយដែលលោកនាយករដ្ឋមន្ត្រីបានរិះគន់ដោយត្រង់ៗនាពេលថ្មីៗនេះពីការជួលឲ្យអ្នកដទៃសរសេរនិក្ខេបបទ បណ្ឌិត អនុបណ្ឌិតជំនួស គឺថា មានការទទួលបានសញ្ញាប័ត្រអនុបណ្ឌិត និងបណ្ឌិតនៅកម្ពុជា ហាក់ដូចជាងាយស្រួលពេក និងថាគ្មានប្រទេសណាសម្បូរអនុបណ្ឌិត និងបណ្ឌិតដូចនៅស្រុកខ្មែរទេ។ ពលរដ្ឋពិតជាទះដៃសាទរ ដែលលោកនាយករដ្ឋមន្ត្រី ចង់ឲ្យមានកិច្ចខិតខំប្រឹងប្រែងធ្វើសហប្រតិបត្តិការ និងប្រមូលផ្ដុំកម្លាំង និងធនធានសរុប ដើម្បីចូលរួមចំណែកអនុវត្តគោលការណ៍ចតុស្តម្ភ នៃវិស័យអប់រំសិក្សាធិការ «កូនល្អ សិស្សល្អ មិត្តល្អ និងពលរដ្ឋល្អ» ដោយមិនបណ្ដោយឲ្យសិស្ស និស្សិតធ្លាក់ខ្លួនទៅក្នុងអំពើអសីលធម៌ អនាធិបតេយ្យ និងពាលាអាវាសែក្នុងសង្គមឡើយ។
ហេតុនេះក្រសួងអប់រំ យុវជន និងកីឡាត្រូវយកចិត្តទុកដាក់ពង្រឹងគុណភាពអប់រំថ្នាក់ឧត្ដមសិក្សាបន្ថែមទៀត ដោយពិនិត្យមើលលើការគ្រប់គ្រងរបស់មហាវិទ្យាល័យ និងសកលវិទ្យាល័យ ពិសេស មហាវិទ្យាល័យ និងសកលវិទ្យាល័យឯកជន។
ឬមួយក៏មិនឈឺក្បាលវិលមុខចំពោះការផាចំអកឡកឡឺយរបស់បរទេសទាំងនោះ? បើអញ្ចឹងមែន បណ្ដោយតាមដំណើរ ឬក៏យថាកម្មទៅ ធ្វើមេចបើវាអញ្ចឹងទៅហើយ។ នេះបានចំជាឧត្ដមសិក្សាយើងឥឡូវ!