សហភាពអឺរ៉ុបផ្ដល់ជំនួយ៤លានអឺរ៉ូដើម្បីកម្មវិធីសន្តិសុខស្បៀងនៅកម្ពុជា
ភ្នំពេញ៖ គណៈកម្មការសហគមន៍អឺរ៉ុបបានគ្រោងទឹកប្រាក់ចំនួន៤លានអឺរ៉ូ (ប្រមាណជាង៥,១១លានដុល្លារអាមេរិច) ដើម្បីផ្ដល់ជាហិរញ្ញប្បទានដល់គម្រោងរបស់សង្គមស៊ីវិលដែលរួមចំណែក ក្នុងការសម្រេចគោលដៅអភិវឌ្ឍន៍សហស្សវត្សរ៍ដែលទាក់ទងនឹងភាពក្រី ក្រនិងភាព អត់ឃ្លាននៅកម្ពុជា ។
បើតាមសេចក្ដីប្រកាសព័ត៌មានរបស់ប្រតិភូគណៈកម្មការសហគមន៍អឺរ៉ុប ប្រចាំនៅកម្ពុជាដែលចេញផ្សាយនៅថ្ងៃទី២០ខែមេសានេះបានឱ្យដឹង ថា គម្រោងនានាដែលមានសិទ្ធិទួលមូលនិធិនេះត្រូវគាំទ្រដល់សន្តិសុខ ស្បៀងសម្រាប់ក្រុមអ្នកងាយរងគ្រោះជាងគេដែលរស់នៅជនបទ និងទីប្រជុំជននៃប្រទេសកម្ពុជា។
លោករ៉ាហ្វែល ដូចៅ ម៉ូរ៉េនណូ (Rafeal Dochao Moreno) ភារធារីនៃ ប្រតិភូគណៈកម្មការសហគមន៍អឺរ៉ុបប្រចាំនៅប្រទេសកម្ពុជា បានមានប្រសាសន៍ថា គណៈកម្មការសហគមន៍អឺរ៉ុបមានបំណងគាំទ្រដល់សេដ្ឋកិច្ចប្រឹងប្រែង សម្រាប់ប្រជាពលរដ្ឋដែលកំពុងរងគ្រោះខ្លាំងជាងគេដោយសារវិបត្តិ ពិភពលោក។ នេះជាមូលហេតុដែលយើងផ្ដល់ហិរញ្ញប្បទានដល់សំណើគម្រោងល្អជាងគេ ដែលអាចដោះស្រាយការលំបាករបស់ប្រជាពលរដ្ឋក្រីក្រនៅជនបទ និងជនកម្ពុជាដែលពុំមានសន្តិសុខស្បៀង ជាពិសេសគម្រោងដែលអាចធ្វើឱ្យមានការផ្លាស់ប្ដូរជាវិជ្ជមានចំពោះ ការរស់នៅរបស់ប្រជាកសិករទាំងនោះ។
លោកបានអះអាងថា កម្មវិធីនេះនឹងបានជាប្រយោជន៍សម្រាប់អ្នករស់នៅក្នុងខេត្តដែល មានអសន្តិសុខស្បៀងខ្លាំងជាងគេដូចជាខេត្ត ឧត្ដរមានជ័យ ព្រះវិហារ រតនគិរី មណ្ឌលគិរី ។ល។
ប្រកាសព័ត៌មានរបស់សហគមន៍អឺរ៉ុបក៏បានបញ្ជាក់ឱ្យដឹងថា ពិធីផ្ដល់ព័ត៌មានស្ដីពីការប្រកាសទទួលសំណើនិងធ្វើឡើងនៅម៉ោង៨ ព្រឹកនាថ្ងៃទី២២ខែមេសា នៅសណ្ឋាគារ កាំបូឌីយ៉ាណា ហើយឱសានវាទ សម្រាប់ការទទួលសំណើគឺបញ្ចប់នៅរសៀលម៉ោង៤នាថ្ងៃទី២៥ខែមិថុនា ឆ្នាំ២០០៩។
សហគមន៍អឺរ៉ុបក៏បានបញ្ជាក់ឱ្យដឹងពីលក្ខខណ្ឌផងដែរថា បេក្ខភាពដែលមានសិទ្ធិទទួលមូលនិធិនេះត្រូវតែជានីតិបុគ្គលដែលជា អង្គការមិនមែនរដ្ឋាភិបាល ដែលមិនស្វែងរកផលចំណេញ និងមានបទពិសោធន៍ការងារយ៉ាងហោចណាស់រយះពេល៣ឆ្នាំលើការងារ សន្តិសុខស្បៀងនៅប្រទេសកំពុងអភិវឌ្ឍន៍ និងទទួលខុសត្រូវដោយផ្ទាល់លើការចាត់ចែង និងគ្រប់គ្រងសកម្មភាព ជាមួយដៃគូរបស់ខ្លួន មិនមែនគ្រាន់តែដើរតួនាទីជាអន្តរការីឡើយ។

Labels