សម្ដែងរបាំសម័យទំនើបនៅមហោស្របចេនឡាដោយឥតគិតថ្លៃ
ភ្នំពេញ៖ ក្រុមសិល្បៈ "ក្រុមត្រីវិស័យ " ដែលបង្កើតឡើងដោយនិស្សិត សកលវិទ្យាល័យ វិចិត្រសិល្បៈ និងធ្វើការសម្ដែងរបាំ "សម័យទំនើប ឬរបាំសហសម័យ" នៅរោងមហោស្រពចេនឡា នាថ្ងៃ២៤និង២៥មេសា២០០៩វេលាម៉ោង៧យប់។
ការសម្ដែងរបាំសហសម័យដែលច្នៃចេញពីរបាំក្បាច់បុរាណខ្មែរនេះ មិនមានលក់សំបុត្រទេ គឺសាធារណជនទូទៅអាចចូលទស្សនាដោយសេរី ហើយមជ្ឈមណ្ឌលវប្បធម៌បារាំងជាអ្នករៀបចំឱ្យមានការសម្ដែងសិល្បៈដ៏ មានសារៈសំខាន់នេះ។
យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ មជ្ឈមណ្ឌលវប្បធម៌បារាំងបានឱ្យដឹងថា របាំសម័យទំនើប ឬរបាំសហសម័យនេះ គឺជារបាំថ្មីមួយបែបដែលច្នៃប្រឌិតចេញពីរបាំក្បាច់បុរាណខ្មែរ តែនៅរក្សាទម្រង់ដើមដដែល។
ការសម្ដែងនេះជាស្នាដៃរបស់ក្រុមត្រីវិស័យសិល្បៈ។ ក្រុមនេះបង្កើតឡើងនៅថ្ងៃ១សីហាឆ្នាំ២០០៦ ដោយមានការផ្ដួចផ្ដើមពីសិល្បករ សិល្បការនី៩នាក់ (ក្រោយមកឡើងដល់១១នាក់) ដែលសុទ្ធតែបានបញ្ចប់ការសិក្សារបស់ខ្លួនពីសាលាមធ្យមសិក្សាជាតិ សិល្បៈ និងសកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ។ សព្វថ្ងៃនេះមានសមាជិកមួយចំនួននៃក្រុមនេះជាសាស្ត្រាចារ្យផ្នែក របាំនៅសាលាមធ្យមសិល្បៈ ខណៈខ្លះទៀតជាអ្នកសម្ដែងអាជីពនៅនាយកដ្ឋានសិល្បៈនៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ។ ចាប់តាំងពីឆ្នាំ២០០៦មកដល់បច្ចុប្បន្ន ក្រុមត្រីវិស័យបានបង្កើតបានរបាំសហសម័យ៣ទម្រង់។
ការបង្កើតក្រុមត្រីវិស័យសិល្បៈនេះមានគោលបំណងលើកស្ទួយវិស័យ វប្បធម៌ជាតិ រក្សារបាំខ្មែរឱ្យគង់វង្សស្ថិតស្ថេរនិងរីកចម្រើន ស្វែងយល់ពីទម្រង់របាំសហសម័យ លើកតម្កើងសមត្ថភាពនិងតម្លៃសិល្បករចែករំលែកបទពិសោធន៍ចំណេះដឹង ព្រមទាំងរួមចំណែកក្នុងការបណ្ដុះបណ្ដាលវិស័យសិល្បៈរបាំ។
ក្នុងចំណោមសមាជិកស្ថាបនិកនៃក្រុមត្រីវិស័យនេះរួមមាន សិល្បការិនី ជុំវណ្ណសូដាជីវី ជ័យ ច័ន្ទកិត្យា ហែម លីនដា និងសិល្បករ ផុន សុភាព ហង្ស បូរិន ដែលអ្នកទាំងអស់សុទ្ធតែមានបទពិសោធន៍ច្រើនផ្នែកសិល្បៈ។


Labels