២០០៨កម្ពុជា ជំពាក់លុយធនាគារអភិវឌ្ឍន៍អាស៊ី ជាង៥០លានដុល្លារ
របាយការណ៍ថ្មីមួយរបស់ធនាគារអភិវឌ្ឍន៍អាស៊ីបានឲ្យដឹងថា នៅក្នុងមួយឆ្នាំ២០០៨នេះ កម្ពុជាជំពាក់លុយធនាគារអភិវឌ្ឍន៍អាស៊ីរហូតដល់ទៅ៥៣,៨លាន ដុល្លារ។
របាយការណ៍មួយដែលធនាគារនេះបានធ្វើការផ្សព្វផ្សាយតាមប្រព័ន្ធ អ៊ីនធឺណិតនៅក្នុងអំឡុងពេលចូលឆ្នាំបានឲ្យដឹងថា នៅក្នុងចំណោមបណ្ដាប្រទេសសមាជិកអាស៊ានទាំង១០កម្ពុជា គឺជាប្រទេសមួយដែលបានទទួលប្រាក់កម្ចីពីធនាគារនេះ។
បណ្ដាប្រទេសដែលជាសមាជិកអាស៊ានមាន កម្ពុជា ប្រ៊ុយណេ ឥណ្ឌូណេស៊ី ឡាវ ម៉ាឡេស៊ី ហ្វីលីពីន ថៃ វៀតណាម សាំងហ្គាពួរ និងភូមា។
របាយការណ៍នោះបានឲ្យដឹងថា មានតែប្រទេសកម្ពុជា ឥណ្ឌូណេស៊ី ហ្វីលីពីន និងវៀតណាមទេ ដែលបានជំពាក់ធនាគារនេះនៅក្នុងឆ្នាំ២០០៨ ប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយចំនួនទឹកប្រាក់ដែលកម្ពុជាជំពាក់ ធនាគារនេះ គឺមានមិនច្រើនដូចជាគេទេ។
របាយការណ៍នោះបានឲ្យដឹងថា កម្ពុជាជំពាក់ធនាគារនោះត្រឹមតែ ៥៣,៨លានដុល្លារទេ ខណៈដែលវៀតណាមជំពាក់ចំនួន៧៨៩,៧លានដុល្លារ ហ្វីលីពីនចំនួន៩៤០លានដុល្លារ ហើយឥណ្ឌូណេស៊ីជំពាក់រហូតដល់ទៅ ១.០៨៥លានដុល្លារនោះ។
ក្រៅពីគម្រោងដែលកម្ពុជាបានជំពាក់ ធនាគារនេះក៏បានគាំទ្រដល់គម្រោងជំនួយឥតសំណងមួយចំនួនទៀតដែលមាន ទឹកប្រាក់សរុបប្រមាណជាជាង៣៦លានដុល្លារ។ គម្រោងទាំងនោះមានគម្រោងគ្រប់គ្រងទ្រព្យសម្បត្តិតាមដងផ្លូវចំនួន ៤,៨លានដុល្លារ គម្រោងគាំទ្រផ្នែកសុខភាពចំនួន១,៨លានដុល្លារ គម្រោងគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈសម្រាប់កម្មវិធីអភិវឌ្ឍន៍ជនបទ ចំនួន៦,៧លានដុល្លារ គម្រោងគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈសម្រាប់គម្រោងអភិវឌ្ឍន៍ជនបទ ចំនួន៤,១លានដុល្លារ គម្រោងជំនួយស្បៀងអាហារសង្គ្រោះបន្ទាន់ចំនួន១៧,៥លានដុល្លារ និងគម្រោងលើកកម្ពស់ស្តង់ដារអនាម័យចំនួន២លានដុល្លារ។
ចាប់តាំងពីឆ្នាំ១៩៩២មកកម្ពុជាបានជំពាក់ធនាគារនេះប្រមាណជា ១.០០០លានដុល្លារហើយ។
យោងទៅតាមឯកសារមួយរបស់ធនាគារដដែលនេះបានឲ្យដឹងថា មកដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០០៧ កម្ពុជាបានជំពាក់លុយចំនួនប្រមាណជា ៩៤៧,៣៤លាន ដូច្នេះបើបូកនឹងទឹកប្រាក់ជំពាក់នាឆ្នាំ២០០៨នេះទៀតនោះ គឺមានចំនួនរហូតដល់ទៅ ១.០០១លានដុល្លារ។
គិតមកដល់ពេលនេះនៅក្នុងចំណោមប្រទេសអាស៊ានទាំងអស់ប្រទេសដែល ជំពាក់ធនាគារនេះតិចជាងគេ គឺសាំងហ្គាពួរ ដោយប្រទេសនេះជំពាក់ប្រមាណតែ ១៨១លានដុល្លារតែប៉ុណ្ណោះ។ បន្ទាប់មកប្រទេសភូមានៅក្នុងរង្វង់ទឹកប្រាក់៥៣០លានដុល្លារ កម្ពុជាជំពាក់ ១.០០១លានដុល្លារ។ ឡាវជំពាក់ ១.២១១លានដុល្លារ។ ម៉ាឡេស៊ីជំពាក់ចំនួន ១.៩៩៧លានដុល្លារ។ ថៃជំពាក់ចំនួន៥.៣៨៨លានដុល្លារ។ វៀតណាមជំពាក់ចំនួន៦.២៩៤លានដុល្លារ។ ហ្វីលីពីនជំពាក់ចំនួន១០.៧៧២លានដុល្លារ ហើយប្រទេសឥណ្ឌូណេស៊ីជំពាក់រហូតដល់ទៅ២៣.៥២៣លានដុល្លារឯណោះ។ ហើយដែលមិនជំពាក់សោះនោះគឺប្រទេសប្រ៊ុយណេ៕

Labels