ប្រយ័ត្ន​អ្នក​ឆ្លាត​មហា​ហួសហេតុ​នាពេល​ផ្ដាសាយ​ជ្រូក​

បើ​និយាយ​ពី​រឿង​ផ្ដាសាយ​ជ្រូក ពលរដ្ឋ​របស់​យើង​ភាគច្រើន​ទំនង​ជា​បាន​ដឹង ព្រោះ​ថា​ប្រព័ន្ធ​ផ្សព្វផ្សាយ​ព័ត៌មាន​នា​ពេល​បច្ចុប្បន្ន​គឺ​បញ្ជូន​សារ​បាន​យ៉ាង​លឿន​បំផុត ពិសេស​​ប្រព័ន្ធ​ផ្សព្វផ្សាយ​តាម​រលកអាកាស​គឺ​វិទ្យុ និង​ទូរទស្សន៍។ វា​មិន​ខុស​នឹង​ពាក្យ​មួយ​ឃ្លា​ដែល​សកម្មជន​ផ្នែក​ការងារ​សុខភាព​តែងតែ​ពោល​ថា "ជំងឺ​ឆ្លង​លឿន​ណាស់ តែ​សារ​របស់​អ្នក​ព័ត៌មាន​លឿន​ជាង​ការ​ចម្លង​ជំងឺ​ទៅ​ទៀត"។

ជាង​នេះ​ទៅ​ទៀត ការ​និយាយ​តៗគ្នា​ពី​មាត់​មួយ​ទៅ​មាត់​មួយ ឬ​ថា ក្អែក​មួយ​ជា​ក្អែក​ដប់​គឺ​ពេល​ខ្លះ​រហ័ស និង​មាន​ប្រសិទ្ធភាព​ជាង​បណ្ដាញ​សារព័ត៌មាន​ទៅ​ទៀត ហើយ​ទី​ផ្សារ​គឺ​ជា​ទីប្រជុំជន​មួយ​ដែល​ការ​និយាយ​តៗ​គ្នា​ពី​មាត់​មួយ​ទៅ​មាត់​មួយ​រហ័ស​បំផុត ហើយ​ការ​និយាយ​នោះ​អាច​នឹង​យក​មក​បន្ត​មកដល់​សមាជិក​គ្រួសារ អ្នកជិតខាង និង​សហគមន៍។

នៅ​ត្រង់​ចំណុច​នេះ អ្វី​ដែល​ថា ក្អែក​មួយ​ទៅជា​ក្អែក​ដប់​ ឬ​ការ​និយាយ​តៗគ្នា​គឺ​ពិត​ជា​ល្អ​ម្យ៉ាង​ដែរ ពិសេស​រឿងរ៉ាវ​ដែល​មានន័យ​វិជ្ជមាន មាន​ផល​ល្អ ផ្ដល់​នូវ​សេចក្ដី​សុខ និង​ទទួល​បាន​ប្រយោជន៍​ដល់​សាធារណជន​ទូទៅ។ ប៉ុន្តែ​វា​ពិត​ជា​មាន​ការ​ប្រឈម និង​ប្រកប​ដោយ​គ្រោះ​ថ្នាក់ ប្រសិន​បើ​សារ​នោះ​បំភ្លៃ​មាន​ន័យ​អវិជ្ជមាន ដែល​អាច​ធ្វើ​ឲ្យ​ជន​ឆក់​ឱកាស​និយម ឬ​ក៏​ហៅ​ម្យ៉ាង​ទៀត​ថា អ្នក​ឆ្លាត​មហា​ហួសហេតុ និង​ឈ្មួញ​ដែល​កំពុង​ឡុងចុង​នឹង​ទំនិញ​របស់​ខ្លួន​អាច​ស្ដារ​ហាងឆេង​របស់​ខ្លួន​ឡើង​វិញ​បាន​យ៉ាង​ងាយ​ដោយសារ​តែ​ការ​បញ្ជូន​សារ​នេះ ខណៈ​ដែល​ការ​យល់ដឹង​របស់​ពលរដ្ឋ​យើង ពិសេស​អ្នក​រស់នៅ​តាម​ជនបទ​នៅ​មាន​កម្រិត។ ឧទាហរណ៍​មួយ​ជាក់ស្ដែង នៅ​ពេល​ដែល​មាន​ជំងឺ​សារស៌ (SARS) បាន​ផ្ទុះ​ឡើង​ជា​លើកដំបូង​កាល​ពី​ពាក់កណ្ដាល​ខែ វិច្ឆិកា ឆ្នាំ ២០០២ ហើយ​បាន​ឆក់​យកជីវិត​អ្នកជំងឺ​ចំនួន ៧៧៤ នាក់ នៅ​ក្នុង​ចំណោម​អ្នក​ដែល​បាន​ឆ្លង​ជាង ៨.០០០ នាក់ ក្នុង​ប្រទេស​ចំនួន ២០ ក្នុង​តំបន់​អាស៊ី អឺរ៉ុប និង​អាមេរិក។ កាល​ពី​ពេលនោះ នៅ​កម្ពុជា គេ​នាំ​គ្នា​ផ្អើល​ហូប​សណ្ដែក​ខៀវ​ស្ទើរ​ពេញ​មួយ​នគរ។ អ្នកខ្លះ​ដាស់​គ្នា​ទាំង​កណ្ដាល​អាធ្រាត្រ ក្រោក​ឡើង​ទាំង​អារម្មណ៍​មិងមាំង​នាំ​គ្នា​ស្ងោរ​សណ្ដែក​ហូប​មួយ​ទំហឹង បើ​ទោះ​ជា​មិន​ចង់​ក៏​ដោយ ព្រោះ​គេ​បាន​ឭ​តៗ​គ្នា​ថា សណ្ដែក​ខៀវ​អាច​ជួយ​ទប់​ស្កាត់​ការ​ឆ្លង​មេរោគ​សារស៌​បាន។ បញ្ហា​នេះ ឈ្មួញ​ដែល​មាន​សណ្ដែក​ខៀវ​ពេញ​ឃ្លាំង ហើយ​គ្មាន​ហាង​ឆេង​ជា​យូរ​មក​ហើយ​នោះ​បាន​ដៃ​បញ្ចេញ​គ្មាន​សល់ បើ​ទោះ​ជា​សណ្ដែក​ខ្លះ​ដុះ​ផ្សិត​បាត់​គុណភាព​ក៏ដោយ។ កុំ​ថា​ឡើយ​ថៅកែ​ធំៗ សូម្បី​តែ​ហាង​លក់​ទំនិញ​ល្មមៗ ដោយ​រួម​ទាំង​ហាង​ចាប់ហួយ (គ្រឿងទេស) តូចៗ​ផង​ក៏​បាន​ឱកាស​ដំឡើង​ថ្លៃ​ដែរ។ សូម​អបអរ​សាទរ​ដល់​លោក​ថៅកែ​សណ្ដែក និង​ម្ចាស់​ហាង​ដែល​បាន​ចំណេញ​មួយក្ដារ​យ៉ាង​ចាស់ដៃ។ ដំណឹង​ដែល​ថា សណ្ដែក​ខៀវ​អាច​ជួយ​ទប់​ស្កាត់​ការ​ឆ្លង​មេរោគ​សារស៌​ទំនង​ជា​ចេញ​ពី​លោក​ថៅកែ​សណ្ដែក ដែល​មហា​ឆ្លាត​ហួសហេតុ​ចេះ​ក្ដាប់​ឱកាស ឆក់​ឱកាស និង​វាយ​លុក។ សូម​ជួយ​អរ​ផង​លោក​មហា​ឆ្លាត!

ជា​ការ​ពិត ព័ត៌មាន​នេះ​មិន​អាក្រក់​ពេក​ទេ ព្រោះ​សណ្ដែក​ខៀវ​មិន​បាន​ប៉ះពាល់​ដល់​សុខភាព​មនុស្ស​ឡើយ។ អ្វី​ដែល​យើង​បារម្ភ​គឺ​ខ្លាច​ក្រែង​តែ​ព័ត៌មាន​ដែល​និយាយ​តៗ​គ្នា​នោះ​គឺ​អវិជ្ជមាន​ប្រកប​ដោយ​គ្រោះថ្នាក់ ដូចជា​ការ​និយាយ​តៗ​គ្នា​ថា អ្នក​ផ្ទុក​មេរោគ​អេដស៍​អាច​ជា​វិញ​បាន ប្រសិន​បើ​គេ​រួមភេទ​ជា​មួយ​អ្នក​នៅ​បរិសុទ្ធ​ព្រហ្មចារី​ដោយ​មិន​បាច់​ពាក់​ស្រោម​អនាម័យ។ ការ​និយាយ​តៗ​គ្នា​បែប​នេះ ហើយ​ប្រសិន​បើ​អ្នក​ផ្ទុក​មេរោគ​អេដស៍​ជឿ​មែន​នោះ នោះ​វា​ពិតជា​មាន​គ្រោះថ្នាក់​ធ្ងន់ធ្ងរ​បំផុត​នៅ​ក្នុង​សង្គម​មនុស្ស ព្រោះ​មេរោគ​អេដស៍​នឹង​ឆ្លង​បន្ត ដែល​ធ្វើ​ឲ្យ​សង្គម​អន្តរាយ និង​មាន​មនុស្ស​ស្លាប់​ជា​បន្តបន្ទាប់។ ប្រកា​នេះ​ពិតជា​មិន​អាច​អត់ឱន​ឲ្យ​បាន​ឡើយ​ចំពោះ​អ្នក​ប្រឌិត​ដំណឹង​អគតិ​បែបនេះ ហើយ​ពួកគេ​ត្រូវ​តែ​ទទួល​ទោស​ទៅ​តាម​ច្បាប់​កំណត់។

ឥឡូវ ខណៈ​ដែល​យើង​កំពុង​អង្គុយ​រង់ចាំ​មើល​ផល​ប៉ះពាល់​ពី​វិបត្តិ​នៃ​ការ​រីក​​​រាលដាល​ជំងឺ​គ្រុនផ្ដាសាយ​ជ្រូក (swine flu) ឬ​ហៅថា មេរោគ​ផ្ដាសាយ​ជ្រូក ឬ​ក៏​ថា មេរោគ​គ្រុន A(H1N1) ដែល​ពិភពលោក​កំពុង​ជ្រួល​ច្របល់​នោះ តើ​នៅ​កម្ពុជា​មាន​ព័ត៌មាន​អ្វី​ដែល​អ្នក​ឆក់​ឱកាស ​ឬ​ពួក​អ្នក​មហា​ឆ្លាត​ទាំងឡាយ​ចង់​បង្អើល​នោះ?

រឿង​នេះ ស្ត្រី ពិសេស​ស្ត្រី​មេផ្ទះ​ជា​អ្នក​នៅ​ខ្សែ​ត្រៀម​ជួរ​មុខ ដែល​នឹង​ទទួល និង​រង​ផល​ប៉ះពាល់​មុនគេ។ ពិត​ជា​មិន​អាច​ប្រកែក​បាន​ទេ​ដែល​ថា ស្ត្រី​កម្ពុជា​ភាគច្រើន​ជា​ស្ត្រី​មេផ្ទះ​ទទួល​បន្ទុក​ការងារ​ដ៏​ធំធេង​នៅ​ឯ​លំនៅឋាន បើ​ទោះ​ជា​ពេល​ខ្លះ​ពួកគេ​មាន​ការងារ​មមាញឹក​នៅ​ខាង​ក្រៅ​ក៏ដោយ។ ជា​ធម្មជាតិ ឬ​ក៏​ថា​ពី​កំណើត ស្ត្រី​ភាគច្រើន​ចូល​ចិត្ត​ដាំ​ស្ល​ បើ​ទោះ​ជា​ពួក​គេ​មាន​ការងារ​ច្រើន​នៅ​ឯ​ការិយាល័យ​ដូច​គ្នា​នឹង​បុរស​យ៉ាងណាក៏ដោយ។ ជាង​នេះ​ទៅ​ទៀត ស្ត្រី​មេផ្ទះ​ទទួល​ខុស​ត្រូវ​ការងារ​នៅ​ឯ​លំនៅឋាន​នោះ​ភាគច្រើន​ជា​អ្នក​ទៅ​ផ្សារ​ទិញ​ម្ហូបម្ហា​ដូច​ជា​បន្លែ និង​ត្រី​សាច់​ជាដើម។ ប្រសិន​បើ​មាន​បញ្ហា​មេរោគ​គ្រុន A(H1N1) កើត​មាន​នោះ នោះ​ពួក​គេ​ពិត​ជា​ទទួលរង​មុន​គេ​នៅ​ក្នុង​ក្រុម​គ្រួសារ។ នៅ​ក្នុង​គ្រួសារ​មួយ បើ​ស្ត្រី​មេផ្ទះ​ទទួល​រង​ប៉ះពាល់​ដល់​សុខភាព​ហើយ នោះ​បញ្ហា​នឹង​អាច​កើត​មាន​នៅ​ក្នុង​គ្រួសារ​ទាំងមូល ហើយ​បើ​ស្ត្រី និង​គ្រួសារ​របស់​គេ​ប៉ះពាល់​គឺ​សហគមន៍​ក៏​ដូច​ជា​សង្គម​ទាំងមូល​ពិតជា​ប៉ះពាល់​ដែរ។

នៅ​ត្រង់​ចំណុច​នេះ ការ​បង្កើន​ការ​យល់​ដឹង ការអប់រំ ការ​ផ្សព្វផ្សាយ និង​ការ​ចាត់​វិធានការ​ទប់ស្កាត់​ទាំង​ជំងឺ​ទាំង​ជន​ឆក់​ឱកាស​និយម​ និង​ឈ្មួញ​កំហូច​ខ្លះ ឬ​ក៏​ថា​អ្នក​ឆ្លាត​មហា​ហួសហេតុ​នោះ​គឺជា​ចំណុច​សំខាន់។ អាជ្ញាធរ​ពាក់ព័ន្ធ ពិសេស​មន្ត្រី​សុខាភិបាល​ចាប់​ពី​ថ្នាក់​ជាតិ​រហូត​ដល់​មូលដ្ឋាន​ ដោយ​រួម​ទាំង​ក្រុមប្រឹក្សា​ឃុំ-សង្កាត់​និង​សហគមន៍​ត្រូវ​ខ្នះខ្នែង យកចិត្តទុកដាក់ ព្យាយាម​ឲ្យ​អស់​ពី​សមត្ថភាព ដោយ​ប្រកាន់​យក​ស្មារតី​យោគយល់ មនុស្សធម៌ និង​វិជ្ជាជីវៈ ដើម្បី​ជួយ​ដល់​ពលរដ្ឋ​របស់​យើង។ ទន្ទឹម​នឹង​នេះ អ្នក​ព័ត៌មាន​ដែល​ដើរ​តួនាទី​ដ៏​សំខាន់​នៅ​ក្នុង​សង្គម​នោះ​គឺ​ត្រូវ​ផ្ដល់​ព័ត៌មាន​ថ្មីៗ ព័ត៌មាន​ដែល​ជា​បច្ចុប្បន្នភាព និង​ផ្អែក​លើ​ការ​ពិត​របស់​អ្នក​ជំនាញ​ផ្នែក​សុខភាព និង​វិទ្យាសាស្ត្រ​ដោយ​មិន​ធ្វើ​បុរេនិច្ឆ័យ​គ្មាន​មូលដ្ឋាន​ច្បាស់លាស់​ដែល​នាំ​ឲ្យ​មាន​ការ​យល់​ច្រឡំ​ដល់​ពលរដ្ឋ​របស់​យើង ពិសេស​ដល់​អ្នក​ដែល​ការ​យល់ដឹង​របស់​ពួកគាត់​នៅ​មាន​កម្រិត​នោះ។

យើង​ពិត​ជា​គាំទ្រ ដល់​រាជរដ្ឋាភិបាល​កម្ពុជា​ដែល​បាន​និង​កំពុង​យក​ចិត្ត​ទុកដាក់​ដល់​បញ្ហា​មេរោគ A(H1N1) នេះ។ បើ​ទោះ​ជា​វា​មិនទាន់​បាន​កើត​មាន​នៅ​ក្នុង​អាណាចក្រ​របស់​យើង​ក៏​ដោយ ក៏​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​ផ្ញើ​សារ​នយោបាយ​មួយ​ជា​បន្ទាន់​នា​ពេល​ថ្មីៗនេះ​ជូន​ជន​រួម​ជាតិ​របស់​លោក​ស្ដី​ពី​បញ្ហា​សកល​មួយ​នេះ។ ជាង​នេះ​ទៅ​ទៀត លោក​នាយករដ្ឋមន្ត្រី​​កាល​ពី​ថ្ងៃ​ទី ២៩ មេសា ក៏បាន​ស្នើសុំ​ឲ្យ​មាន​ការ​រៀប​ចំ​កិច្ចប្រជុំ​ពិភាក្សា​ក្នុង​ក្របខ័ណ្ឌ​នៃ​ប្រទេស​ទាំង​ដប់​របស់​សមាគម​ប្រជាជាតិ​អាស៊ីអាគ្នេយ៍ (អាស៊ាន) ស្ដី​ពី​ការទប់ស្កាត់​មេរោគ​នេះ​ដែរ ហើយ​កិច្ចប្រជុំ​នេះ​ត្រូវ​បាន​ប្រទេស​ថៃ​សម្រេច​ធ្វើ​ជា​ម្ចាស់​ផ្ទះ​ដែល​គេ​កំណត់​ជា​លើក​ដំបូង​ថា​នឹង​ធ្វើ​នៅ​ថ្ងៃ​ទី ៧-៨ ឧសភា នេះ។

ព័ត៌មាន​ចុង​ក្រោយ​ស្ដី​ពី​មេរោគ​ផ្ដាសាយ​ជ្រូក ឬ​មេរោគ A(H1N1) នេះ គឺ​កើត​មាន​នៅ​ក្នុង​ទ្វីប​អាមេរិក និង​ទ្វីប​អឺរ៉ុប ហើយ​ហុងកុង​នៃ​ប្រទេស​ចិន កូរ៉េ​ខាង​ត្បូង និង​ញូស៊ីលែន​ជា​ប្រទេស​ដំបូង​ដែល​ត្រូវ​បាន​គេ​ប្រកាស​ថា មាន​មេរោគ A(H1N1) នេះ​បាន​ឆ្លង​ពី​មនុស្ស​ទៅ​មនុស្ស​មុន​គេ​ក្នុង​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក។ ទាក់​ទិន​នឹង​បញ្ហា​​នេះ លោក Haruhiko Kuroda ប្រធាន​ធនាគារ​អភិវឌ្ឍន៍​អាស៊ី​បាន​និយាយ​នៅ​ថ្ងៃ ៥ ឧសភា នា​ទី​ក្រុង​បាលី ប្រទេស​ឥណ្ឌូណេស៊ី​ថា រដ្ឋាភិបាល​អាស៊ី​ត្រូវ​តែ​រួម​គ្នា​ទប់ទល់​នឹង​បញ្ហា​នេះ​ជា​បន្ទាន់ បើមិនដូច្នោះទេ ពួកគេ​នឹង​ជួប​វិបត្តិ​សេដ្ឋកិច្ច​កាន់តែ​ធ្ងន់ធ្ងរ ខណៈ​ដែល​ខ្លួន​កំពុង​មាន​វិបត្តិ​សេដ្ឋកិច្ច​នេះ​ស្រាប់។

ដើម្បី​បាន​ដឹង​ខ្លះ​ពី​រោគសញ្ញា​របស់​មេរោគ A(H1N1) នេះ កាសែត​ក្នុង​ស្រុក​មួយ​បាន​ដក​ស្រង់​សំដី​មន្ត្រី​ជំនាញ​ដោយ​និយាយ​ថា ត្រូវ​យក​ចិត្ត​ទុក​ដាក់​នៅ​ពេល​ក្ដៅ​ខ្លួន​ខ្លាំង ហៀរ​សម្បោរ ឈឺ​ក ក្អក រាក ចង់​ក្អួត អស់​កម្លាំង និង​ឈឺ​ក្បាល​ជាដើម។

ដោយសារ​តែ​មាន​ការ​ភ័យខ្លាច និង​សង្ស័យ​ថា ផ្ដាសាយ​ជ្រូក ឬ​មេរោគA(H1N1) នេះ​អាច​ឆ្លង​ពី​ជ្រូក​មក​មនុស្ស ទើប​អាជ្ញាធរ​នៃ​ប្រទេស​អេហ្ស៊ីប​បាន​សម្លាប់​ជ្រូក​រាប់ពាន់​ក្បាល បើ​ទោះ​ជា​គ្មាន​ភស្តុតាង​ណា​មួយ​បញ្ជាក់​ពី​ការ​ឆ្លង​នេះ​ក៏​ដោយ។ ចំណែក​នៅ​ឯ​ខេត្ត​អាល់បឺតា (Alberta) របស់​ប្រទេស​កាណាដា​វិញ មន្ត្រី​កសិកម្ម និង​សុខាភិបាល​ក៏​បាន​និយាយ​ថា ខ្លួន​បាន​ដាក់​សត្វ​ជ្រូក​ប្រហែល ២២០ ក្បាល​របស់​កសិករ​ឲ្យ​នៅ​ដាច់​ពី​គេ បើ​ទោះ​ជា​ពួក​គេ​បញ្ជាក់​ថា ការ​បរិភោគ​សាច់​ជ្រូក​មិន​មាន​បញ្ហា​ឡើយ​នៅ​ពេល​ចម្អិន​វា​ឲ្យ​បាន​ឆ្អិន​ត្រឹមត្រូវ​នោះ។​

នៅ​កម្ពុជា​យើង បើ​ទោះ​ជា​នៅ​មិន​ទាន់​បាន​​រក​ឃើញ​ថា​ មេរោគA(H1N1) នេះ​កើត​មាន​ទាំង​នៅ​សត្វ​ជ្រូក ទាំង​នៅ​ក្នុង​រាងកាយ​របស់​មនុស្ស​ក៏​ដោយ ក៏​បងប្អូន​ជា​ច្រើន​ដែល​កំពុង​​ប្រកប​របរ​ទទួលទាន​ពី​ការ​លក់​សាច់​ជ្រូក​នៅ​តាម​ទីផ្សារ​បាន​ត្អូញត្អែរ​ថា ពួកគាត់​លក់​សាច់​ជ្រូក​មិន​សូវ​ដាច់ ដោយសារ​តែ​មាន​ការ​ភ័យខ្លាច​ពី​អ្នក​ទិញ។

ហេតុនេះ យើង​ត្រូវ​ត្រៀម​ខ្លួន និង​រួម​គ្នា​ដើម្បី​សុខភាព ភាព​សុខសាន្ត និង​ផលប្រយោជន៍​របស់​ពលរដ្ឋ​យើង​ទាំង​អស់​គ្នា ពិសេស​ទប់ស្កាត់ និង​ប្រយ័ត្ន​ការ​ឆក់​ឱកាស​របស់​ពួក​ឈ្មួញ​មួយ​ចំនួន​ដែល​មហា​ឆ្លាត​ហួសហេតុ​រង់​ចាំ​តែ​ទាញ​ប្រយោជន៍​ពី​ភាព​ភ័យខ្លាច​របស់​អ្នកដទៃ​នៅ​ពេល​មាន​បញ្ហា៕






Labels