លោក ម៉ម ប៊ុនហេង លើកបង្ហាញលិខិត្តប័ណ្ណផ្សព្វផ្សាយពីវិធីការពារជំងឺគ្រុនផ្ដាសាយថ្មីភ្នំពេញ៖ លោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានមានប្រសាសន៍ថា ក្រសួងនឹងចែកខិត្តប័ណ្ណចំនួន៥ សែនសន្លឹកជូនដល់ប្រជាពលរដ្ឋដែលមកចូលរួមទស្សនាក្នុងពិធីបុណ្យ អុំទូក បណ្ដែតប្រទីប និងសំពះខែ នៅរាជធានីភ្នំពេញនាថ្ងៃទី០១-០៣ខែវិច្ឆិកាឆ្នាំ២០០៩
ដើម្បីបន្ត និងជំរុញផ្សព្វផ្សាយនៃការការពារ ឆ្លងជំងឺគ្រុនផ្ដាសាយថ្មីប្រភេទ A/H1N1។
លោករដ្ឋមន្ត្រី ម៉ម ប៊ុនហេង បានបន្តទៀតថា "ការចែកខិត្តប័ណ្ណផ្សព្វផ្សាយដើម្បីទប់ស្កាត់នៃការឆ្លងវីរុស A/H1N1នៅក្នុងពិធីបុណ្យអុំទូក ក្នុងរាជធានីភ្នំពេញ ខាងមុខនេះ បន្ទាប់ពីវីរុសនេះបានចម្លងដល់ប្រជាជនកម្ពុជា និងជនបរទេសមួយចំនួនដែលមកកម្ពុជា រហូតទៅដល់១៣៣ករណី ហើយធ្វើឲ្យពលរដ្ឋកម្ពុជាស្លាប់បាត់បង់ជីវិតចំនួន៣នាក់"។ ដើម្បីបន្ត និងជំរុញផ្សព្វផ្សាយនៃការការពារ ឆ្លងជំងឺគ្រុនផ្ដាសាយថ្មីប្រភេទ A/H1N1។
លោកម៉ម ប៊ុនហេង បានបញ្ជាក់ទៀតថា "នៅក្នុងខិត្តប័ណ្ណផ្សព្វផ្សាយទាំងនេះ គឺបានបង្ហាញនូវសារមួយចំនួន ដើម្បីឲ្យប្រជាពលរដ្ឋដែលចូលរួមក្នុងពិធីបុណ្យអុំទូកដឹងពីការ ឆ្លងនៃជំងឺគ្រុនផ្ដាសាយ A/H1N1 និងដឹងពីវិធីការពារនៃជំងឺនេះ រួមទាំងការព្យាបាលនៅផ្ទះហើយចំពោះជនណាដែលសង្ស័យ ត្រូវតែសម្រាកនៅផ្ទះ លេបថ្នាំ និងហូបទឹកឲ្យបានច្រើនសម្រាប់ការព្យាបាល"។
លោករដ្ឋមន្ត្រី ម៉ម ប៊ុនហេង បានបន្ថែមថា កម្ពុជាមានការព្រួយបារម្ភនៃការឆ្លងពីវីរុស A/H1N1 នៅក្នុងពិធីបុណ្យអុំទូកខាងមុខនេះ ប៉ុន្តែយើងត្រូវតែអប់រំប្រជាពលរដ្ឋនៅពេលនេះ ដើម្បីការពារពួកគេពីជំងឺនេះ។
បច្ចុប្បន្ននេះវីរុស A/H1N1 បានកំពុងរីករាលដាលនៅតាមសហគមន៍ជាច្រើន ប៉ុន្តែដំណើរនៃការឆ្លងនៃវីរុសនេះ គឺមានកម្រិតយឺតនៅឡើយ ដោយសារតែរាជរដ្ឋាភិបាលកម្ពុជា ក្រសួងសុខាភិបាល ក៏ដូចជាស្ថាប័នពាក់ព័ន្ធទាំងអស់ មានវិធីការពារទាន់ពេលវេលា។
នៅក្នុងសន្និសីទសារព័ត៌មាន នៅក្រសួងសុខាភិបាល កាលពីរសៀលថ្ងៃច័ន្ទម្សិលមិញ លោករដ្ឋមន្ត្រី ម៉ម ប៊ុនហេង បានបញ្ជាក់ទៀតថា "ឥឡូវនេះកម្ពុជាមានថ្នាំប្រភេទ Famiflu ចំនួន៣៣០.០០០គ្រាប់ នៅក្នុងស្ដុកដើម្បីព្យាបាលនូវករណី៣ដែលធ្ងន់ធ្ងរ"។
បើតាមការបញ្ជាក់របស់រដ្ឋមន្ត្រីក្រសួងសុខាភិបាល ម៉ម ប៊ុនហេង បានឲ្យដឹងទៀតថា កម្ពុជាមានការព្រួយបារម្ភអំពីករណីឆ្លងនៃវីរុស A/H1N1 នៅចុងឆ្នាំ២០០៩នេះ ដោយសារតែពលរដ្ឋភាគច្រើនងាយទទួលរងគ្រោះជំងឺគ្រុនផ្ដាសាយ ប៉ុន្តែវេជ្ជបណ្ឌិតនឹងធ្វើដំណើរជាទៀងទាត់ទៅកាន់តាមតំបន់ដើម្បី ទៅយកគំរូពីជនដែលសង្ស័យទូទាំងប្រទេសកម្ពុជាការពិនិត្យស្វែងរក នូវវីរុសនេះ។
ជំងឺគ្រុនផ្ដាសាយថ្មី A/H1N1 បានចាប់ផ្ដើមជាលើកដំបូង កាលពីពាក់កណ្ដាលខែមេសា ឆ្នាំ២០០៩ ដែលផ្ទុះឡើងនៅក្នុងប្រទេសមិចស៊ីកូ ហើយជំងឺនេះបានរីករាលដាលឆ្លងនៅក្នុងល្បឿនមួយយ៉ាងលឿងដល់ប្រទេស ជាច្រើនទៀតនៅក្នុងពិភពលោក រួមទាំងប្រទេសកម្ពុជាផងដែរ ដែលបានបញ្ជាក់ពីករណីនេះជាលើកដំបូង នៅថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០០៩ ដែលបានកើតទៅលើ" និស្សិតស្រីអាមេរិកាំង អាយុ១៦ឆ្នាំម្នាក់ ខណៈដែលនិស្សិតនេះចុះកម្មសិក្សាមកប្រទេសកម្ពុជា ក្នុងចំណោមពួកគេនោះ។
ការស្លាប់ដោយសារវីរុស A/H1N1 នៅប្រទេសកម្ពុជាជាលើកដំបូង ក្នុងចំណោម៣ករណី បានកើតឡើងកាលពីថ្ងៃទី២៧ ខែកញ្ញា កើតទៅលើស្ត្រីឈ្មោះ អេង ហេង អាយុ៤១ឆ្នាំ រស់នៅខណ្ឌចំការមន រាជធានីភ្នំពេញ។ បន្ទាប់ពីករណីទី១បានស្លាប់ដោយសារជំងឺនេះ រំលងរយៈពេលតែមួយសប្ដាហ៍ប៉ុណ្ណោះ ករណីទី២ និងទី៣ បានកើនឡើងជាបន្តបន្ទាប់គ្នា កាលពីថ្ងៃទី០៥-០៦ ខែតុលា ដែលករណីទី៣ បានកើតទៅលើស្ត្រីអាយុ២៥ឆ្នាំ ឈ្មោះ ឌុប សុគន្ធា បន្ទាប់ពីជនរងគ្រោះរូបនេះ ត្រូវបានវះកាត់យកទារកចេញពីក្នុងផ្ទៃ ហើយដោយសារស្ថានភាពជំងឺធ្ងន់ធ្ងរពេក ទើបធ្វើឲ្យក្រុមវេជ្ជបណ្ឌិតនៃមន្ទីរពេទ្យកាល់ម៉ែតជួយសង្គ្រោះ បន្ទាន់។
បន្ទាប់ពីជំងឺនោះបានផ្ទុះឡើងនៅក្នុងប្រទេសកម្ពុជា ប្រមុខដឹកនាំ និងមន្ត្រីក្រសួងសុខាភិបាល រួមស្ថាប័នពាក់ព័ន្ធទាំងអស់បានប្រកាស និងចាត់វិធានការភ្លាមៗដើម្បីទប់ស្កាត់នូវការរីករាលដាលឆ្លង ដូចជា ការបំពាក់ម៉ាស៊ីនត្រួតពិនិត្យកំដៅដោយស្វ័យប្រវត្តិ ដែលឧបត្ថម្ភដោយរដ្ឋាភិបាលសិង្ហបុរីនៅតាមច្រកចេញ-ចូល និងព្រលានយន្តហោះក្នុងប្រទេសកម្ពុជា។
ប្រភពពីទីភ្នាក់ងារស៊ិនហួរបានឲ្យដឹងថា កាលពីថ្ងៃសុក្រ អង្គការសុខភាពពិភពលោក WHO បានប្រកាសថា យ៉ាងហោចណាស់មានមនុស្ស ៤៥២៥នាក់ បានស្លាប់ដោយសារជំងឺប្រភេទថ្មី A/H1N1 នេះហើយយ៉ាងហោចណាស់មានមនុស្ស ៣៧៨.២២៣នាក់ បានផ្ទុកនូវជំងឺនេះ។
ទីភ្នាក់ងារស៊ីនហួរបានឲ្យដឹងទៀតថា ក្នុងចំណោមអ្នកស្លាប់ជាង ៤.០០០នាក់នេះគឺ ៣.២៩២នាក់ បានស្លាប់នៅក្នុងទ្វីបអាមេរិក ៤៨០នាក់ បានស្លាប់នៅអាស៊ីអាគ្នេយ៍ និង៤១០នាក់ នៅក្នុងប្រទេសប៉ាស៊ីហ្វិក ភាគខាងលិច៕