បានបង្កប់នូវអត្ថន័យយ៉ាងច្បាស់ថា "ឪពុកម្ដាយគឺជាអ្នកមានសិទ្ធិសម្រេចលើការទុកដាក់កូនចៅទាំង ស្រុង"។ ប៉ុន្តែសម្រាប់ពេលបច្ចុប្បន្ន ជាពិសេសនៅទីក្រុងធំៗនៃព្រះរាជាណាចក្រកម្ពុជា មាតាបិតាមិនមានសិទ្ធិអំណាចពេញទំហឹងដូចកាលពីអតីតកាលទៀតឡើយ ក្នុងការជ្រើសរើសគូស្រករឲ្យបុត្រាបុត្រីរបស់ខ្លួន។
គ្រូស្រករវ័យក្មេងខ្មែរក្នុងសតវត្សរ៍ទី២១មួយចំនួនធំជាពិសេស នៅទីក្រុងភ្នំពេញ បានសម្រេចរៀបការជាមួយគ្នាតាមការសម្រេចចិត្តរវាងគូស្នេហ៍ ទាំងពីរនាក់ ពោលគឺមិនមានកិច្ចអន្តរាគមន៍ច្រើនពីចាស់ទុំឡើយ។ និយាយបែបសាមញ្ញគូស្នេហ៍វ័យក្មេងទាំងពីរនាក់ស្រឡាញ់គ្នាមើល ចិត្តថ្លើមគ្នាអស់ចិត្តសិនទើបពួកគេណែនាំខ្លួនគេទាំងពីរនាក់ ទៅឲ្យឪពុកម្ដាយទាំងសងខាងជើង។
នេះគឺជាករណីអ្នកស្រី ណារី អាយុ២៦ឆ្នាំ ដែលរៀបការអស់រយៈពេល៣ឆ្នាំមកហើយ។ នាងណារី ជាបុគ្គលិករបស់ធនាគារឯកជនមួយនៅទីក្រុងភ្នំពេញ ហើយស្វាមីរបស់អ្នកស្រីក៏ជាអ្នកធ្វើការនៅក្នុងធនាគារនោះដែរ។
គូភរិយាវ័យក្មេងទាំងពីរនាក់នេះចំណាយពេលពេញមួយឆ្នាំដើម្បី ស្គាល់ចិត្តគ្នា មុនពេលដែលពួកគេសម្រេចចិត្តចូលរោងការ។ ស្ត្រីកូនមួយរូបនេះបាននិយាយថា "ខ្ញុំចង់បានស្វាមីមួយដែលខ្ញុំជ្រើសរើសដោយខ្លួនឯង។ ខ្ញុំរើសដោយខ្លួនឯង ប្រសិនបើខុស ខ្ញុំជាអ្នកទទួលខុសត្រូវ។ ប៉ុន្តែបើឪពុកម្ដាយរើសឲ្យ ខ្ញុំប្រាកដជាមានអារម្មណ៍ទម្លាក់កំហុសទៅលើពួកគាត់។ អ្នកនាងណារីបាននិយាយបន្តទៀតថា នាងស្រឡាញ់ដោយខ្លួនឯងមែន ប៉ុន្តែនាងបានពិគ្រោះយោបល់យ៉ាងម៉ត់ចត់ជាមួយឪពុកម្ដាយ និងបងប្អូន មុននឹងឈានដល់ថ្ងៃរៀបការនោះ។ នាងបានបញ្ជាក់ថា ឪពុកម្ដាយរបស់នាងមិនជំទាស់និងសំណើរបស់នាងទេ។ អ្នកស្រីណារីបាននិយាយទាំងមោទនភាពថា "ខ្ញុំគិតថា បុរសដែលខ្ញុំរើសដោយខ្លួនឯងនេះ ពិតជាមិនខុសនោះទេ"។
កញ្ញាសុភាម្នាក់ទៀត មានអាយុ២៣ឆ្នាំក៏បានបង្ហាញទស្សនៈស្រដៀងគ្នាទៅនឹងអ្នកស្រី ណារីដែរ។ សុភានិយាយថា "ខ្ញុំត្រូវសម្រេចចិត្តរើសគូដោយខ្លួនឯង។ បើឪពុកម្ដាយរើសឲ្យហើយខ្ញុំមិនស្រឡាញ់នោះ ខ្ញុំមិនព្រមទេ"។ កញ្ញាមួយចំនួនទៀតដែលបានផ្ដល់បទសម្ភាសន៍បាននិយាយស្រដៀងៗគ្នាថា "ពួកគេត្រូវតែមើលងាយខ្លួនឯងជាមុនសិន មុននឹងណែនាំទៅដល់ឪពុកម្ដាយនោះ"។
- នៅជនបទប្រពៃណីចាស់នៅដិតដាម ប៉ុន្តែនិន្នាការថ្មីកំពុងវាយលុក
អ្នកស្រី អៀង អាយុ២៤ឆ្នាំ មានកូនពីរនាក់នៅក្នុងបន្ទុកបាននិយាយថា នាងរៀបការជាមួយបុរសនៅក្នុងភូមិតាមការណែនាំពីម្ដាយរបស់នាង។ នាងអៀងរស់នៅក្នុងខេត្តតាកែវ បាននិយាយរបៀបអៀនប្រៀនបន្តិចនៅចំពោះមុខម្ដាយរបស់នាងថា "ខ្ញុំសម្រេចចិត្តតែតាមម្ដាយរបស់ខ្ញុំប៉ុណ្ណោះ។ ម្ដាយឲ្យខ្ញុំរៀបការជាមួយអ្នកណា ខ្ញុំរៀបការជាមួយអ្នកនោះ"។ រំពេចនោះម្ដាយរបស់នាងអៀងឆ្លើយបន្ទរមកថា "កូនចៅនៅជនបទវាធ្វើតែតាមឪពុកម្ដាយប៉ុណ្ណោះ។ ខ្ញុំទុកដាក់ឲ្យនរណា វាធ្វើតាមខ្ញុំហើយ"។
ចំពោះយុវជនវិញ ពួកគេក៏ប្រតិបត្តិតាមចាស់ទុំភាគច្រើនដែរ ប៉ុន្តែពួកគេមានលក្ខខណ្ឌមួយចំពោះអាណាព្យាបាល។ លក្ខខណ្ឌនោះគឺឪពុកម្ដាយជាអ្នកណែនាំមែន ប៉ុន្តែត្រូវមានការយល់ព្រមពីសាមីខ្លួនដែរ។
លោកសម្បូរនៅក្នុងខេត្តកំពង់ស្ពឺ បានបញ្ជាក់ថា "យើងធ្វើតាមឪពុកម្ដាយ ប៉ុន្តែយើងត្រូវពិនិត្យខ្លួនឯងដែរ"។
បុរសវ័យក្មេងម្នាក់ទៀតឈ្មោះ សុធា អាយុ២៦ឆ្នាំ ទើបមានកូនមួយនៅក្នុងបន្ទុក បាននិយាយថា អាពាហ៍ពិពាហ៍របស់គេត្រូវបានឪពុកម្ដាយជាអ្នករៀបចំទុកដាក់ និងចង្អុលបង្ហាញ។ មានដើមកំណើតនៅក្នុងខេត្តតាកែវ ប៉ុន្តែទើបមករស់នៅទីក្រុងភ្នំពេញបានជិតមួយឆ្នាំ លោកសុធា បាននិយាយថា គាត់សុខចិត្តឲ្យឪពុកម្ដាយជាអ្នកបង្ហាញផ្លូវជាការប្រសើរជាង ពីព្រោះឪពុកម្ដាយមានបទពិសោធន៍ជីវិតជ្រៅជ្រះល្អជាង។
លោក សុធា បាននិយាយរិះគន់ឥរិយាបថយុវជន និងយុវតីនៅទីក្រុងដែលស្រឡាញ់គ្នាមុនថា គឺជាការស្រឡាញ់លើតែសម្បកក្រៅតែប៉ុណ្ណោះ។ លោក ឃី កត់ សម្គាល់ថា "យុវជន និងយុវនារីមួយចំនួននៅទីក្រុងស្រឡាញ់គ្នាដោយពិនិត្យលើរូប សម្ផស្សច្រើនជាងអត្តចរិត"។
បើទោះបីជាអាពាហ៍ពិពាហ៍ភាគច្រើនត្រូវបានផ្សំផ្គំដោយ ឪពុកម្ដាយក៏ដោយ ក៏និន្នាការជ្រើសរើសគូស្រករដោយខ្លួនបាននិងកំពុងរាលដាលដល់ជនបទ ដែរ។ ជាការពិត យុវជន យុវនារីនៅក្នុងស្រុកបាទី ខេត្តតាកែវ ភាគច្រើននៅតែគោរពការសម្រេចចិត្តរបស់ឪពុកម្ដាយក្នុងការរៀប អាពាហ៍ពិពាហ៍មែន ប៉ុន្តែសម្រាប់នារីមកធ្វើការនៅរោងចក្រ ភាគច្រើនពួកគេបានស្រឡាញ់គ្នាហើយ ទើបប្រាប់ឪពុកម្ដាយឲ្យរៀបការឲ្យ។
និន្នាការនំពង្រីកខ្លួនឲ្យធំជាងនាឡិ ត្រូវបានអ្នកអភិរក្សមួយចំនួនរិះគន់យ៉ាងខ្លាំង។ លោកមៀចប៉ុនទីប្រឹក្សានៃវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ បាននិយាយរំលឹកថា កាលពីដើមឡើយការរៀបចំទុកដាក់កូនចៅ ជាបន្ទុករបស់អាណាព្យាបាល ទាំងហិរញ្ញវត្ថុ ទាំងគូស្នេហ៍ ប៉ុន្តែបច្ចុប្បន្ននេះ គូស្នេហ៍វ័យក្មេងដោយខ្លួនឯងទេជាអ្នកទទួលបន្ទុកបញ្ហានេះ ទាំងអស់។ លោកមៀច ប៉ុន អាយុ៧៨ឆ្នាំបាននិយាយថា កាលពីសង្គមចាស់ ឪពុកម្ដាយជាអ្នករៀបការឲ្យកូនចៅ។ ឥឡូវក្មេងៗស្រឡាញ់គ្នាជាមុន ទើបពួកគេណែនាំទៅឪពុកម្ដាយទាំងសងខាង។
លោកប៉ុននិយាយរបៀបចំអកថា "ឥឡូវនេះក្មេងៗខ្លះមិនទាំងសួរយោបល់ឪពុកម្ដាយរបស់ពួកគេផងពួក គេគ្រាន់តែជម្រាបប្រាប់ប៉ុណ្ណោះ"។ លោក ប៉ុន កត់សម្គាល់ថា ស្នេហារបស់យុវវ័យបច្ចុប្បន្នគឺជាស្នេហាដែលកើតចេញតាមរយៈសម្បក ក្រៅតែប៉ុណ្ណោះមានន័យថា ពួកគេមើលគ្នាតែសម្ផស្សក្រៅទេ រីឯស្នេហាកាលពីដើម គឺជាស្នេហាដែលកើតចេញពីការស៊ើបអង្កេតលើពូជពង្សវង្សត្រកូល យូរ។
តើស្នេហារបៀបជំនាន់ថ្មី និងស្នេហាជាន់ចាស់មួយណាល្អជាង?
លោក ប៉ុន និយាយភ្លាមថា ស្នេហារៀបចំដោយចាស់ទុំមានស្ថិរភាពយូរជាងស្នេហាកសាងដោយគូ ស្នេហ៍ខ្លួនឯង។ ហេតុផលទីមួយ គឺថាចាស់ទុំមានបទពិសោធន៍ច្រើនក្នុងរឿងស្នេហា ដែលអាចជួយជ្រើសរើសគូស្រករល្អសម្រាប់កូនចៅ និងម្យ៉ាងទៀតពួកគេយល់ដឹងពីបញ្ហាសង្គមច្រើន។
ចំពោះហេតុផលទីពីរវិញលោក ប៉ុន ពន្យល់ថា ស្នេហាបង្កើតដោយគូស្នេហ៍ត្រូវបានកសាងឡើងមុនពេលរៀបការជាច្រើន ឆ្នាំពេក ដូច្នេះស្នេហានេះអាចឆាប់នឿយណាយបន្ទាប់ពីរៀបការហើយ។ ចំណែកឯគូស្នេហារៀបចំដោយឪពុកម្ដាយ អាចមានស្ថិរភាពយូរ ពីព្រោះរយៈពេលស្នេហាទើបចាប់ផ្ដើមថ្ងៃរៀបការតែម្ដង។ លោកប៉ុន្តែបានអះអាងថា "គ្មានការសិក្សាពីអត្រានៃការលែងលះគ្នារវាងស្នេហាខុសគ្នា នេះទេ ប៉ុន្តែខ្ញុំជឿជាក់ថា ស្នេហាតាមរបៀបបុរាណលែងលះគ្នាតិចជាងស្នេហាសម័យទំនើប។
ប៉ុន្តែខាងយុវវ័យវិញយល់ថា វាជាការចាំបាច់ដែលពួកគេត្រូវយល់ចិត្តថ្លើមគ្នាជាមុនសិនមុន ពេលសម្រេចចូលរោងការ ពីព្រោះនេះគឺជាអនាគតវែងឆ្ងាយអស់មួយជីវិត។ យើងមិនអាចធ្វើការជ្រើសរើសគូស្រករតាមរយៈការចាប់ដាក់នោះឡើយ។
អ្នកស្រី ជា វណ្ណាត អតីត នាយិកា នៃមជ្ឈមណ្ឌលអភិវឌ្ឍន៍សង្គម មិនជំទាស់ទៅនឹងនិន្នាការថ្មីនេះទេ ប៉ុន្តែអ្នកស្រីសំណូមពរឲ្យយុវជនជំនាន់ថ្មីត្រូវសម្រេចចិត្តជាមួយ នឹងការប្រកាន់ខ្ជាប់នូវសីលធម៌ សតិសម្បជញ្ញៈ និងការទទួលខុសត្រូវខ្ពស់។
កត្តាសេដ្ឋកិច្ចនិងវប្បធម៌បរទេសផ្លាស់ប្ដូរផ្នត់គំនិតយុវវ័យ ជំនាន់ថ្មី និន្នាការថ្មីនេះត្រូវបានយុវវ័យ និងគូស្រករវ័យក្មេងមួយចំនួនពន្យល់ថា គឺបណ្ដាលមកពីឥទ្ធិពលវប្បធម៌បរទេស។ យុវជន ម៉ង់ អាយុ២២ឆ្នាំបាននិយាយថា "ពួកយើងទទួលឥទ្ធិពលពីសង្គមខាងក្រៅតាមរយៈតួកុនបរទេសដែល សម្រេចចិត្តធ្វើអ្វីដោយខ្លួនឯងក្នុងនោះមានការជ្រើសរើសគូ ស្រករផងដែរ"។
អ្នកស្រី ជា វណ្ណាត អតីតិនាយិកា នៃមជ្ឈមណ្ឌលអភិវឌ្ឍន៍សង្គម បានពន្យល់ថា និន្នាការថ្មីនេះ បណ្ដាលមកពីការផ្លាស់ប្ដូរនៃកត្តាសេដ្ឋកិច្ច សង្គមខ្មែរ និងការរីកចម្រើនផ្នែកបច្ចេកវិជ្ជា។ ទាក់ទងនឹងកត្តាសេដ្ឋកិច្ច អ្នកស្រី ជា វណ្ណាត ពន្យល់ថា ពីមុនកូនចៅទាំងអស់ ស្ថិតនៅក្រោមការគ្រប់គ្រងរបស់ឪពុកម្ដាយ ទាំងហិរញ្ញវត្ថុ ទាំងរបៀបរស់នៅ ប៉ុន្តែបច្ចុប្បន្ននេះ កូនចៅកាន់តែច្រើនបានក្លាយជាអ្នកទទួលខុសត្រូវផ្នែកហិរញ្ញវត្ថុ ដោយខ្លួនឯង ដូច្នេះពួកគេមានឥទ្ធិពលក្នុងការជ្រើសរើសគូដោយខ្លួនឯង។ តាមរយៈការផ្លាស់ប្ដូរនេះ អ្នកស្រីបានបញ្ជាក់ថា "តួនាទីឪពុកម្ដាយកាន់តែចុះខ្សោយជាងមុនក្នុងការសម្រេចចិត្តលើ បញ្ហាផ្សេងៗ ក្នុងការមានការជ្រើសរើសគូស្រករផងដែរ"។
ទាក់ទងទៅនឹងបច្ចេកវិជ្ជាវិញអ្នកស្រី វណ្ណាត បាននិយាយថា ដោយសារបច្ចេកវិជ្ជាជឿនលឿននេះ យុវជនអាចទំនាក់ទំនងគ្នាបានស្រួលជាងមុន។ ពីមុន យុវវ័យមិនងាយមានឱកាសកសាងស្នេហានោះទេ ពោលគឺពួកគេស្ថិតនៅក្រោមការឃ្លាំមើលរបស់អាណាព្យាបាល។
ស្នេហាគ្នាមុនអាពាហ៍ពិពាហ៍ខុសសីលធម៌សង្គម
លោកយាយសុខ អាយុ៧៥ឆ្នាំនៅក្នុងខេត្តតាកែវ បាននិយាយរិះគន់ការស្រឡាញ់គ្នាមុនថា គឺជាទង្វើខុសនឹងសីលធម៌ ហើយអាពាហ៍ពិពាហ៍របៀបនេះមិនសូវមានសុភមង្គលយូរអង្វែងទេ។ លោកយាយសង្កេតថា "ស្នេហាមុនពេលរៀបអាពាហ៍ពិពាហ៍ ហើយបើពួកគេផ្ដេសផ្ដាសជាមួយគ្នាទៀតនោះ អាពាហ៍ពិពាហ៍នោះច្រើនតែមិនបានសេចក្ដីសុខ និងច្រើនតែលែងលះគ្នា"។
បើយោងតាមអបិយជំនឿ ចាស់ទុំដែលចែកឋានទៅ ទាំងខាងឪពុក និងខាងម្ដាយមិនពេញចិត្តទេ នៅពេលដែលដឹងថា កូនចៅស្រឡាញ់គ្នា ហើយប្រព្រឹត្តអំពើផ្ដេសផ្ដាសជាមួយគ្នាមុនពេលរៀបអាពាហ៍ពិពាហ៍នោះ។
ប៉ុន្តែនិន្នាការពិភពលោកពិសេសនៅក្នុងប្រទេសអភិវឌ្ឍន៍មនុស្ស ដែលពេញវ័យ មានចំណូលចិត្តជ្រើសរើសគូស្រករដោយខ្លួនឯង។ ភាគច្រើនស្រឡាញ់គ្នាមុនពេលឈានដល់អាពាហ៍ពិពាហ៍ពិតប្រាកដ។ មនុស្សកាន់តែមានបំណងធ្វើការសម្រេចកំណត់អនាគតដោយខ្លួនឯង នៅពេលដែលពួកគេមានភាពរឹងមាំខាងហិរញ្ញវត្ថុ។ អ្វីដែលយើងគួរយកចិត្តទុកដាក់ដែរនោះ នៅប្រទេសអភិវឌ្ឍន៍ទាំងនោះដូចជានៅជប៉ុន កូរ៉េខាងត្បូង អាមេរិក និងអាល្លឺម៉ង់ជាដើមអាពាហ៍ពិពាហ៍របស់ពួកគេដល់ទៅរង្វង់៥០ភាគរយ ឯណោះបានលែងលះគ្នាទៅវិញ។
ដូច្នេះនៅកម្ពុជា តើករណីលែងលះគ្នានឹងរឹតតែកើតឡើងដែរទេ នៅពេលដែលយុវជន និងយុវតីរបស់យើងកាន់តែច្រើនបានជ្រើសរើសយកវិធីថ្មីមួយនៅក្នុង ការយកប្ដី ឬប្រពន្ធដោយបញ្ចប់អ្វីដែលហៅថា "នំមិនធំជាងនាឡិ?"
ពេលវេលានឹងអាចប្រាប់យុវជន និងយុវតីរបស់យើងឲ្យធ្វើការជ្រើសរើសស្វាមី ឬភរិយាដែលពួកគេអាចរស់នៅជាមួយគ្នាដល់ចាស់កោងខ្នង។ វានឹងគ្មានអ្វី ជាកំហុសឆ្គងឡើយនៅក្នុងការដើរតាមទ្រឹស្ដីនំមិនធំជាងនាឡិ ឬនំធំជាងនាឡិ។ អ្វីសំខាន់បំផុតនោះ គឺពួកគេត្រូវឆ្លាតវៃនៅក្នុងការសម្រេចចិត្តដើម្បីរកមិត្តមួយ រយឆ្នាំដែលអាចកសាងគ្រួសារតូចមួយជាមួយគ្នា ដោយអាចរស់នៅក្នុងភាពថ្លៃថ្នូរនៅក្នុងសង្គម។
អ្វីដែលគេត្រូវប្រយ័ត្ននោះ គឺមិនត្រូវធ្វើឲ្យប្រវត្តិនៃអត្រាលែងលះគ្នាដ៏គួរឲ្យខ្លាច នៅប្រទេសអភិវឌ្ឍន៍ចូលមកសណ្ឋិតនៅក្នុងប្រទេសកម្ពុជា ដោយធ្វើឲ្យកុមារជាច្រើនកំព្រាឪពុក ឬម្ដាយ ឬក៏រស់នៅដោយមានឪពុក ឬម្ដាយដែលមិនមែនជាឪពុកម្ដាយបង្កើតរបស់ខ្លួន។ ការស្រាវជ្រាវបង្ហាញកុមារដែលរស់នៅជាមួយទាំងឪពុកនិងម្ដាយបង្កើត របស់ខ្លួន ឆ្លាតជាងកុមារដែលមិនបានរស់នៅជាមួយទាំងឪពុកនិងម្ដាយបង្កើត៕