ភ្នំពេញ៖ លោកឧបនាយករដ្ឋមន្ត្រី ទៀ បាញ់ រដ្ឋមន្ត្រីក្រសួងការងារជាតិ បានប្រកាសកាលពីព្រឹកថ្ងៃអង្គារទី១៣ តុលា ឆ្នាំ២០០៩ថា
នាពេលខាងមុខបន្តិចទៀតនេះ កម្ពុជានឹងមានរោងចក្រអគ្គិសនីប្រើដោយថាមពលនុយក្លេអ៊ែរ។
ការលើកឡើងបែបនេះ ត្រូវបានលោកឧបនាយករដ្ឋមន្ត្រី ទៀ បាញ់ ថ្លែងនៅក្នុងអង្គប្រជុំរដ្ឋសភា ក្នុងពេលដែលលោកឧបនាយករដ្ឋមន្ត្រីមកការពារសេចក្ដីព្រាងច្បាប់ ស្ដីពីការហាមឃាត់អាវុធគីមី អាវុធនុយក្លេអ៊ែរ អាវុធជីវសាស្ត្រ និងអាវុធវិទ្យុសកម្ម។
ដោយទទួលស្គាល់ពីវិនាសសកម្មនៃការផ្ទុះរោងចក្រអគ្គិសនីប្រើ ថាមពលនុយក្លេអ៊ែរនៅប្រទេសរុស្ស៊ី កាលពីពេលកន្លងមក លោកឧបនាយករដ្ឋមន្ត្រី ទៀ បាញ់ បានពន្យល់អង្គប្រជុំរដ្ឋសភាថា ថាមពលបរមាណូ (នុយក្លេអ៊ែរ) មានផលប្រយោជន៍សំខាន់ណាស់ សម្រាប់បម្រើឲ្យគោលដៅសន្តិភាព ដោយវាបង្កើតថាមពលអគ្គិសនី ដើម្បីឲ្យប្រទេសអភិវឌ្ឍន៍បានយ៉ាងខ្លាំងក្លា។ កន្លងមករោងចក្រអគ្គិសនីប្រើថាមពលនុយក្លេអ៊ែរនៅសហភាពសូវៀតត្រូវ បានផ្ទុះ ហើយរីកសាយភាយវិទ្យុសកម្ម បានបំផ្លិចបំផ្លាញអាយុជីវិតមនុស្ស។ ក៏ប៉ុន្តែឆ្លងកាត់បទពិសោធន៍នោះ គេបានអភិវឌ្ឍន៍ខ្លាំងក្លាក្នុងការប្រើប្រាស់ថាមពលបរមាណូ។ បច្ចុប្បន្ន (ថាមពលបរមាណូ) គេប្រៀបដូចជាធុងអាគុយមួយ ដែលអាចយកមកដំឡើងទៅចាំរោងចក្រអគ្គិសនីដោយមានការគ្រប់គ្រងល្អ សម្រាប់គោលដៅសន្តិភាព និងការអភិវឌ្ឍន៍ប្រទេស។ ក៏ប៉ុន្តែលោកឧបនាយករដ្ឋមន្ត្រីទៀ បាញ់ មិនបានផ្ដល់ព័ត៌មានលម្អិតអំពីគម្រោងបង្កើតរោងចក្រអគ្គិសនី ប្រើប្រាស់សារធាតុនុយក្លេអ៊ែរ នៅកម្ពុជានាពេលខាងមុខនោះឡើយ។
ទោះជាយ៉ាងណា ក្នុងអង្គប្រជុំរដ្ឋសភា កាលពីព្រឹកថ្ងៃអង្គារម្សិលមិញបានចាប់ផ្ដើមពិនិត្យ និងអនុម័តលើសេចក្ដីព្រាងច្បាប់ ស្ដីពីការហាមឃាត់អាវុធគីមី អាវុធនុយក្លេអ៊ែរ អាវុធជីវសាស្ត្រ និងអាវុធវិទ្យុសកម្ម។
ជាសេចក្ដីព្រាងច្បាប់ ដែលលោកឧបនាយករដ្ឋមន្ត្រីអះអាងថា មានគោលដៅហាមឃាត់ជាដាច់ខាតនូវ ការផលិតការកែច្នៃ ការទទួល ការផ្ទេរ ការរក្សាទុក ការដឹកជញ្ជូន និងការប្រើប្រាស់អាវុធគីមី អាវុធនុយក្លេអ៊ែរ អាវុធជីវសាស្ត្រ អាវុធវិទ្យុសកម្ម និងសារធាតុគីមី ដែលទាក់ទងនឹងការផលិតអាវុធទាំងនេះនៅក្នុងព្រះរាជាណាចក្រកម្ពុជា។
លោកឧបនាយករដ្ឋមន្ត្រី ទៀ បាញ់ បានបន្ថែមថា ច្បាប់នេះក៏មានបំណងធានាសន្តិសុខ សណ្ដាប់ធ្នាប់ សាធារណៈ ការពារបរិស្ថាន សុខុមាលភាពរបស់ប្រជាពលរដ្ឋ ព្រមទាំងរួមចំណែកការពារសន្តិសុខ និងសន្តិភាពក្នុងតំបន់និងពិភពលោក។
ក្នុងសេចក្ដីព្រាងច្បាប់ដែលមាន១៣ជំពូក និង៣២មាត្រានោះ បានកំណត់ពីការបង្កើតអាជ្ញាធរជាតិទប់ស្កាត់អាវុធគីមី ដែលមានរដ្ឋមន្ត្រីក្រសួងការពារជាតិប្រធាន និងមានការចូលរួមពីអន្តរក្រសួង រួមមានក្រសួងយុត្តិធម៌ ការពារជាតិ មហាផ្ទៃ សុខាភិបាល ឧស្សាហកម្ម និងក្រសួងកសិកម្មជាដើម។
សេចក្ដីព្រាងច្បាប់ហាមឃាត់អាវុធគីមី ក៏បានកំណត់ពីទោសប្បញ្ញត្តិដោយត្រូវផ្ដន្ទាទោសជនល្មើសដាក់ ពន្ធនាគារពី២០ឆ្នាំទៅ៣០ឆ្នាំ ឬអស់មួយជីវិត ចំពោះបុគ្គលណា ដែលផលិតកែច្នៃទទួលផ្ទេររក្សាទុក ដឹកជញ្ជូនឆ្លងកាត់ ឬប្រើប្រាស់ដោយចេតនានូវអាវុធគីមី អាវុធនុយក្លេអ៊ែរ អាវុធជីវសាស្ត្រ និងអាវុធវិទ្យុសកម្ម។
ក្រៅពីនេះ បុគ្គលដែលផលិតទិញ លក់ កាន់កាប់ កែច្នៃ ទទួល ផ្ទេររក្សាទុកដឹកជញ្ជូនឆ្លងកាត់ ឬប្រើប្រាស់សារធាតុគីមី ដែលយកទៅប្រើក្នុងវិស័យសុខាភិបាល ឧស្សាហកម្ម រ៉ៃ ថាមពល កសិកម្ម និងការស្រាវជ្រាវក្នុងគោលដៅសន្តិភាពផ្សេងទៀតដោយគ្មានលិខិត អនុញ្ញាតពីក្រសួង ឬស្ថាប័នមានសមត្ថកិច្ចត្រូវពិន័យអន្តរកាលជាប្រាក់ពី២០លានរៀល ទៅ៥០លានរៀល។
សេចក្ដីព្រាងច្បាប់ហាមឃាត់អាវុធគីមីថ្មីនេះ បានអនុញ្ញាតឲ្យមានការប្រើប្រាស់សារធាតុគីមី នុយក្លេអ៊ែរ ជីវសាស្ត្រ និងសារធាតុវិទ្យុសកម្ម ដែលត្រូវយកទៅប្រើប្រាស់ក្នុងវិស័យសុខាភិបាល ឧស្សាហកម្មរ៉ែ ថាមពល កសិកម្ម ការស្រាវជ្រាវ និងគោលដៅសន្តិភាពផ្សេងទៀត ដែលមានការអនុញ្ញាតពីក្រសួងស្ថាប័នមានសមត្ថកិច្ច។
អង្គប្រជុំរដ្ឋសភា កាលពីព្រឹកថ្ងៃអង្គារម្សិលមិញបានពិនិត្យ និងអនុម័តអង្គារម្សិលមិញបានពិនិត្យ និងអនុម័តលើសេចក្ដីព្រាងច្បាប់ហាមឃាត់អាវុធប្រល័យលោកបាន១៧ មាត្រា។ រដ្ឋសភានឹងពិនិត្យ និងអនុម័តលើខ្លឹមសាររួមនៃសេចក្ដីព្រាងច្បាប់នេះ នៅព្រឹកថ្ងៃពុធទី១៤ ខែតុលា ឆ្នាំ២០០៩៕