បន្ទាយមានជ័យ៖ សុវត្ថិភាព​ពេល​មុន​កំពុង​នឹង​ក្រោយ​ពេល​សម្រាល​កូន​របស់​ស្ត្រី​ក្រីក្រ​នៅ ​ជនបទ​ នៅ​តែ​ជា​បញ្ហា​ប្រឈម​មុខ​ខ្លាំង​ ហើយ​ចាំបាច់​ត្រូវ​បន្ត​រក​គន្លឹះ​ដោះស្រាយ​ថែម​ទៀត។ មធ្យោបាយ​ សេវា​ និង​ឆ្មប​បង្កើត​កូន​នៅ​មាន​កង្វះ​ខាត​ជាយថាហេតុ​នៅ​ឡើយ។

  • គ្រោះថ្នាក់​ដែល​ចៀស​ពុំ​រួច
  កញ្ញា​ ថុន​ ស្រីម៉ៅ​ អាយុ​២២​ឆ្នាំ​ជា​កូន​ស្រី​នៃ​ស្ត្រី​ឈ្មោះ​ ចេត​ អៀយ​ អាយុ​៤២​ឆ្នាំ​ នៅ​​ភូមិ​កណ្ដាល​​ ឃុំ​គោករមៀត​ ស្រុក​ថ្មពួក​ ដែល​បាន​ស្លាប់​ក្រោយ​ឆ្លង​ទន្លេ​​ប្រាប់​រស្មីកម្ពុជា​ នៅ​ថ្ងៃ​ទី​១០​ តុលា ​២០០៩​ថា​ ម្ដាយ​​នាង​ស្គម​ស្លេកស្លាំង​ និង​ពិសា​អាហារ​ពុំ​សូវ​បាន​ នៅ​ពេល​មាន​ផ្ទៃ​ពោះ​ និង​ក្រោយ​ពី​ឆ្លង​ទន្លេ​មាន​ឈាម​ ធ្លាក់​ច្រើន​ថែម​ទៀត។
ស្ត្រី​នេះ​ ត្រូវ​បាន​ស្ត្រី​ឆ្មប​បុរាណ​២​នាក់​ជួយ​សម្រាល​កូន​នៅ​ផ្ទះ។ ប៉ុន្តែ​បន្ទាប់​បី​សម្រាល​មាន​​បញ្ហា​រួច​ ត្រូវ​បញ្ជូន​ទៅ​មន្ទីរពេទ្យ​បង្អែក​ថ្ម​ពួក​ ដោយ​ដឹក​តាម​គោយន្ត​ព្រោះ​ឡាន​ពេទ្យ​​មក​ពុំ​ទាន់។
សុខ​ ប៊ុន​ ស្ត្រី​ជា​​អ្នក​ភូមិ​រស់នៅ​ជិត​ខាង​និយាយ​ថា​ "អៀយ​ធ្លាប់​ទៅ​ពិនិត្យ​ផ្ទៃ​ពោះ​មុន​សម្រាល​នៅ​ពេទ្យ​ ប៉ុន្តែ​​ពេល​សម្រាល​ គឺ​ធ្លោយ​​កើត​នៅ​​ផ្ទះ​ក៏​គ្រោះថ្នាក់​​យ៉ាង​នេះ។ គាត់​ចាស់​ និង​មាន​សុខភាព​ទន់ខ្សោយ​ស្រាប់​ហើយ​ផង។ ឥឡូវ​គេ​ចូល​ចិត្ត​ទៅ​កើ​ត​នៅ​ពេទ្យ​​ទើប​សុខ​សប្បាយ"។
លោក​យាយ​ ស្រី​ អ៊ុត​ អាយុ​៦៧​ឆ្នាំ​ និង​ស្ត្រី​ឈ្មោះ​ ខេន​ ជា​ឆ្មប​ពីរ​នាក់​បាន​ជួយ​​សម្រាល​កូន​ឲ្យ​ស្ត្រី​នេះ។ ប៉ុន្តែ​បន្ទាប់​សម្រាល​កូន​ចេញ​ក៏​មាន​ឈាម​ធ្លាក់​យ៉ាង​ខ្លាំង និង​ត្រូវ​បញ្ជូន​ពី​ផ្ទះ​ទៅ​មន្ទីរពេទ្យ​នៅ​ម៉ោង​​៣​រំលង​អាធ្រាត្រ។ ដោយសារ​ចម្ងាយ​ផ្លូវ​ឆ្ងាយ​ និង​គោ​យន្ត​រលាក់​ផង​ ទើប​លទ្ធភាព​នៃ​​ការ​សង្គ្រោះ​ត្រូវ​បរាជ័យ។ ពោល​គឺ​សុក​ស្ត្រី​នោះ​ពុំ​ព្រម​ធ្លាក់​បណ្ដាល​ឲ្យ​ឈាម​ធ្លាក់​យ៉ាង​ច្រើន។
ស្ត្រី​រងគ្រោះ​ មាន​កូន​៤​នាក់​រួច​ហើយ​ គ្រួសារ​នេះ​ពឹង​លើ​របរ​ធ្វើ​ស្រែ​ទំហំ​៣​ហិកតា​ និង​ការ​ដើរ​ស៊ី​ឈ្នួល​គាស់​គល់​ឈើ​ធ្វើ​ចម្ការ​ឲ្យ​គេ។
អ្នក​ភូមិ​កណ្ដាល​បាន​បន្ទោស​រឿង​នេះ​ តែ​សម្ដែង​ការ​អាណិត​ដល់​ស្ត្រី​រងគ្រោះ​នេះ​ដែល​​បាន​ស្លាប់​កាល​ពី​ថ្ងៃ​ ទី​១៦​ ខែ​ឧសភា ​ឆ្នាំ​២០០៩​កន្លង​មក។ គឺ​ស្លាប់​ក្រោយ​សម្រាល​កូន​បាន​៨​ម៉ោង
លោកស្រី​ អ៊ុត​ អាយុ​ ៧៦​ឆ្នាំ​ ជា​ឆ្មប​​បូរាណ​ប្រាប់​រស្មី​កម្ពុជា​ថា​ "ខ្ញុំ​នឹង​ខេន​ (ឆ្មប​ម្នាក់​ទៀត)​ មិន​ចង់​ធ្វើ​ឆ្មប​​ឲ្យ​ក្អៀយ​ទៀត​ទេ។ គឺ​ចង់​ឲ្យ​ទៅ​ពេទ្យ​ព្រោះ​វា​ស្គម​រីងរៃ​ ឈឺ​មិន​ហូប​អី​បាន។ លុះ​ធ្វើ​រួច​វា​ធ្លាក់​ឈាម​ខ្លាំង​ណាស់។ កូន​មក​ពុំ​ស្អាត​សោះ"។
គាត់​និយាយ​ថា​ "របៀប​បង្កើត​កូន​នៅ​ឆ្មប​ឯ​ផ្ទះ​ និង​នៅ​ពេទ្យ​ពុំ​ខុស​គ្នា​ប៉ុន្មាន​​ទេ​ តែ​នៅ​ពេទ្យ​គេ​មាន​ក្បូន​ខ្នាត​ និង​មាន​សម្ភារៈ​ប្រើប្រាស់​ធានា​​ជាង"។
ឆ្មប​ចំណាស់​នេះ​និយាយ​ថា​ "ខ្ញុំ​ធ្លាប់​សម្រាល​កូន​ឲ្យ​គេ​រហូត​មក​ ពុំ​ធ្លាក់​គ្រោះ​ថ្នាក់​ទេ​ តែ​ដល់​ចាស់​ដូច្នេះ​ពុំ​ចង់​ធ្វើ​ទៀត​ទេ។ កម្លាំង​ដៃ​ខ្សោយ​ភ្នែក​ងងឹត​ និង​ខ្លាច​ឈាម​​ផង​ តែ​ដល់​អាសន្ន​ (ឆ្លង​ទន្លេ) ខ្ញុំ​ចេះ​ជួយ​ទៅ​ទាំង​ទើសទ័ល"។
ឆ្មប​បុរាណ​នេះ​ទទួល​បាន​ "គ្រឿង​ទ្រនិប" ដូចជា​អង្ករ​ ស្រូវ​ពន្លៃ​ ម្លូ​ស្លា​ ទៀនធូប​ និង​ប្រាក់​ ១០.០០០រៀល​ ទៅ​១៥.០០០រៀល។ ចំនួន​នេះ​គ្រួសារ​ស្ត្រី​ក្រីក្រ​បាន​ស៊ូ​ប្រថុយ​ដើម្បី​សម្រាល​កូន​នៅ​ ផ្ទះ​មិន​ទៅ​ពេទ្យ។ ម្យ៉ាង​​ផ្ទះ​នៅ​ឆ្ងាយ​ពេទ្យ​ផង។
ក្នុង​លទ្ធផល​អង្កេត​មរណភាព​មាតា​ប្រចាំ​ត្រី​មាស​ទី​២​ឆ្នាំ​២០០៩​ របស់​ផ្នែក​គាំពា​មាតា​និង​ទារក​ខេត្តបន្ទាយមានជ័យ​ឲ្យ​ដឹង​ថា​ ចេក​ អៀយ​ ធ្លាប់​មាន​ផ្ទៃ​ពោះ​៩​លើក​ សម្រាល​៦​លើក​ ក្នុង​នោះ​រលូត​៣​លើក។ ស្ត្រី​មាន​សភាព​ស្លេកស្លាំង។ មូលហេតុ​ស្លាប់​គឺ​ស្លេកស្លាំង​ ធ្លាក់​ឈាម ​ជាប់​សុក។ គេ​កត់សម្គាល់​ថា​ ស្ត្រី​នេះ​មាន​កូន​ច្រើន​ ហើយ​​ខ្លួន​មានអាយុ​ច្រើន​ ក្រីក្រ​ ស្លេកស្លាំង​ និង​នៅ​មាន​ផ្ទៃពោះ​ទៀត។ ឯ​ការ​សង្គ្រោះ​ គឺ​បញ្ជូន​ពី​ផ្ទះ​ទៅ​ពេទ្យ​បង្អែក​ថ្ម​ពួក​យឺតយ៉ាវ​ ហើយ​ពេទ្យ​នោះ​ពុំ​បាន​បញ្ជូន​បន្ត​ទៅ​មន្ទីរពេទ្យ​បង្អែក​មង្គល​បូរី​ឲ្យ​​ ទាន់ពេល។
អនុសាសន៍​ និង​សំណូមពរ​ ពី​រឿង​នេះ​ គឺ​ស្ត្រី​ត្រូវ​តែ​ទទួល​មធ្យោបាយ​ពន្យារ​កំណើត​ជា​ចាំបាច់ ​ព្រោះ​កូន​ច្រើន​ណាស់។ គួរ​មាន​កម្មវិធី​ពន្យារ​កំណើត​នៅ​សហគមន៍​ជនបទ​ និង​សេវា​ចុះ​មូលដ្ឋាន​ឲ្យ​ទៀងទាត់។ ពេល​ពិនិត្យ​ផ្ទៃពោះ​ឆ្មប​ត្រូវ​ផ្ដល់​ការ​ព្យាបាល​នូវ​ភាព​ស្លេកស្លាំង​មិន ​មែន​គ្រាន់​តែ​ផ្ដល់​ឲ្យ​ហ្វែរ (Fer) តែ​១​ថ្ងៃ​១​គ្រាប់​ និង​ត្រូវ​ណែនាំ​ទាំង​ក្រុម​គ្រួសារ​​ឲ្យ​យល់​ពី​សញ្ញា​គ្រោះថ្នាក់​ស្ត្រី​ ពេល​សម្រាល។ ត្រូវ​តែ​ទៅ​សម្រាល​កូន​នៅ​មណ្ឌល​សុខភាព​ ឬ​មន្ទីរពេទ្យ។ ក្រុម​អ្នក​អង្កេត​​ចម្រុះ​ត្រូវ​សហការ​ នឹង​​ក្រុម​គ្រួសារ​យក​ព័ត៌មាន​ឲ្យ​បាន​ច្រើន​ជុំវិញ​កន្លែង​ មុន​ពេល​ស្លាប់​ និង​ពេល​ស្លាប់។ សុំ​ក្រសួង​បង្រៀន​ពី​របៀប​អង្កេត​ករណី​ស្លាប់​របស់​ម្ដាយ​​ដល់​ក្រុម​ អង្កេត។ មន្ទីរពេទ្យ​នីមួយៗត្រូវ​មាន​ឈាម​​ត្រៀម​ទុក​ ពេល​ស្ត្រី​ត្រូវ​ការ​បញ្ចូល​ឈាម។ល។
ចំណែក​​ស្ត្រី​ឈ្មោះ​ មាស​ សុផាត​ អាយុ​៥៦​ឆ្នាំ​ ជា​ម្ដាយ​នៃ​ស្ត្រី​ ឈ្មោះ​ អូន​ សោភ័ណ​ អាយុ​៤២​ឆ្នាំ​ នៅ​ភូមិ-​សង្កាត់​កំពង់ស្វាយ​ ក្រុង​សិរីសោភ័ណ​ ដែល​ស្លាប់​ក្រោយ​សម្រាល​កូន​កាល​ពី​ថ្ងៃ​ទី​១៣​កញ្ញា​២០០៩​ បាន​ប្រាប់រស្មីកម្ពុជា​ កាល​ពី​ថ្ងៃ​ទី​​១០​ តុលា ២០០៩​ ស្ត្រី​ជា​កូន​របស់​គាត់​មាន​​កូន​ដល់​​ទៅ​១០​នាក់​ ប្ដី​ជា​ជន​ពិការ​​គ្មាន​លទ្ធភាព​ធ្វើ​ពលកម្ម។ ពួក​គេ​រស់នៅ​ក្នុង​ខ្ទម​មួយ​នា​ដី​ចិញ្ចើម​ថ្នល់​ ដោយ​កាល​នៅ​រស់ស្ត្រី​នោះ​ មាន​របរ​ទិញ-លក់​ត្រី​ដែល​គេ​រក​បាន​ពី​ស្រែ។
ស្ត្រី​នោះ​ធ្លាក់​ឆ្លង​ទន្លេ​១០​ដង​ ក្នុង​នោះ​កូន​៤​នាក់​បាន​ស្លាប់​ក្នុង​ពេល​សម្រាល​ ហើយ​លើក​ចុង​ក្រោយ​ស្លាប់​ម្ដាយ​ សល់​តែ​កូន​ដែល​ត្រូវ​ចិញ្ចឹម​ដោយ​បំបៅ​ទឹក​ដោះគោ។
អ្នកស្រី​ យក់​ សុវុឌ្ឍនី​ អនុ​ប្រធាន​​ផ្នែក​គាំពារ​មាតា​និង​ទារក​ នៃ​មន្ទីរ​សុខាភិបាល​​ខេត្ត​បន្ទាយមានជ័យ ​ប្រាប់​រស្មីកម្ពុជា​ថា​ "អត្រា​មរណភាព​ម្ដាយ​ ឬ​ទារក​ក្នុង​ពេល​សម្រាល​កូន​ច្រើន​លើស​លុប​គឺ​កើត​លើ​ពលរដ្ឋ​ក្នុង​គ្រួសារ ​ក្រីក្រ​ និង​នៅ​ទី​ឆ្ងាយ​ពី​មណ្ឌល​សុខភាព​ ឬ​មន្ទីរពេទ្យ​​ និង​ដោយសារ​កត្តា​ពុំ​ទទួល​បាន​សេវា​សង្គ្រោះ​ព្យាបាល​ទាន់​ពេល"។
អ្នកស្រី​ យក់​ សុវុឌ្ឍី​ និង​ពេទ្យ​ឆ្មប​នៅ​មន្ទីរពេទ្យ​បង្អែក​ខេត្ត​មិត្តភាព​កម្ពុជា-ជប៉ុន​មង្គល​ បូរី​ និយាយ​ថា​ មន្ត្រី​មន្ទីរ​សុខាភិបាល​ និង​ពេទ្យ​ឆ្មប​ តែង​ចុះ​ទៅ​អប់រំ​ផ្សព្វផ្សាយ​ និង​ជួប​ស្ត្រី​ដែល​នឹង​​មាន​ផ្ទៃ​ពោះ​នឹង​ត្រូវ​សម្រាល​កូន​ដល់​លំនៅ​ស្ថាន ​ពួក​គេ។ ដើម្បី​ស្រាវជ្រាវ​រក​មូលហេតុ​​ និង​សង្គ្រោះ។ ពោល​គឺ​ដើម្បី​កាត់​បន្ថយ​ និង​បញ្ឈប់​អត្រា​មរណភាព​ និង​ទារក​ ក្នុង​ដំណាក់​កាល​សម្រាល​កូន។
យោង​ការ​​អង្កេត​ដោយ​មន្ទីរ​សុខាភិបាល​​ខេត្ត​បន្ទាយមានជ័យ​ អត្រា​ម្ដាយ​ស្លាប់​ពេល​សម្រាល​កូន​មាន​១០​នាក់​កាល​ពី​ឆ្នាំ​២០០៨។ នៅ​ឆមាស​ទី​១​ ឆ្នាំ​២០០៩​​មាន​ចំនួន​៨​នាក់។ មូលហេតុ​នៃ​មរណភាព​មាន​ដូចជា​ ធ្លាក់​ឈាម​ក្រឡា​ភ្លើង​ រំលូត​កូន ជំងឺ​បេះដូង​ ជំងឺ​​ទាក់ទង​ដទៃ​ទៀត...។ ក្នុង​នោះ​ទីកន្លែង​គ្រោះថ្នាក់​មាន​នៅ​តាម​ផ្ទះ​ តាម​ផ្លូវ​ និង​នៅ​មូលដ្ឋាន​សុខាភិបាល។
លោក​វេជ្ជបណ្ឌិត​ ឈុំ​ វណ្ណារិទ្ធិ​ ប្រធាន​មន្ទីរ​សុខាភិបាល​ខេត្ត​បន្ទាយមានជ័យ​ ប្រាប់​រស្មី​កម្ពុជា​ថា​ ពលរដ្ឋ​(ស្ត្រី) នៅ​មាន​ទម្លាប់​សម្រាល​កូន​នៅ​ជិត​ផ្ទះ​ដោយ​សេវាកម្ម​ឆ្មប​បុរាណ​ ព្រោះ​ជិត​ការ​​ចំណាយ​ថវិកា​​តិច​ បញ្ហា​​ផ្លូវ​ថ្នល់​ និង​មធ្យោបាយ​សេវា​ដឹកជញ្ជូន​ ជំនឿ​លើ​លទ្ធផល​ឆ្មប​បុរាណ​សម្រាល​​កូន។ ឧទាហរណ៍​ថា​ ក្នុង​ចំណោម​ភូមិ​៦០០​ភូមិ​ក្នុង​ខេត្ត​ គឺ​ក្នុង​១​ឆ្នាំៗ​​មាន​នៅ​​ភូមិ​៤​១០​ភូមិ​ប៉ុណ្ណោះ​ ដែល​មាន​មរណភាព​មាតា​ និង​ទារក​ពេល​សម្រាល​កូន។ ហេតុ​នេះ​ពលរដ្ឋ​មិន​សូវ​មើល​ឃើញ​ពី​អត្រា​គ្រោះថ្នាក់​ និង​មិន​ខ្លាច​ពី​អត្រា​ស្លាប់​នោះ​ទេ។
លោក​វេជ្ជបណ្ឌិត​ ឈុំ​ វណ្ណារិទ្ធិ​ និយាយ​បន្ត​​ថា​ ក្រសួង​និង​ខេត្ត​ស្នើ​​ឲ្យ​បង្កើន​ចំនួន​ពេទ្យ​ឆ្មប​​ឲ្យ​ច្រើន​នៅ​មណ្ឌល​ សុខភាព​ មន្ទីរពេទ្យ​បង្អែក​ និង​អាច​នៅ​តាម​ភូមិ​ ហើយ​ពង្រាយ​ និង​ប្រើ​​ឲ្យ​ចំ​គោលដៅ។ ត្រូវ​ពង្រឹង​ការងារ​នេះ​ ព្រោះ​កន្លង​មក​ទាំង​កម្ពុជា​ និង​ដៃ​គូ​ជំនួយ​​បរទេស​ផ្ដោត​ខ្លាំង​តែ​លើ​ជំងឺ​​ឆ្លង​មិន​សូវ​ផ្ដោត​លើ​ អត្រា​កំណើត​ទេ។ ការ​បណ្ដុះបណ្ដាល​បន្ថែម​ដល់​​ឆ្មប​បុរាណ​ និង​ឲ្យ​ពួក​គេ​ជា​អ្នក​ជួយ​ស្ត្រី​សម្រាល​កូន​មក​ពេទ្យ​ជា​កត្តា​ចាំបាច់។
បើ​យោង​តាម​បទសម្ភាសន៍​ប្រជាពលរដ្ឋ​ទាំង​នៅ​ប្រជុំ​ជន​​និង​ជនបទ ​​រស្មីកម្ពុជា​ទទួល​បាន​ថា​ ស្ត្រី​ត្រូវ​សម្រាល​កូន​មាន​ជំនឿ​លើ​ពេទ្យ​ឆ្មប​ស្ទើរ​ទាំងអស់​ លើកលែង​​កត្តា​ចៀស​ពុំ​រួច​ខ្លះ​ដែល​​ត្រូវ​ពឹង​លើ​ឆ្មប​បុរាណ​តាម​ភូមិ។ ការ​ពឹង​ពាក់​គឺ​ច្រើន​​តែ​មាន​នៅ​ទី​ជនបទ​ដាច់​ស្រយាល​ ពិបាក​មធ្យោបាយ​ក្រីក្រ...​ និង​ការ​សម្រាល​កូន​មាន​ឡើង​ពេល​យប់​ ឬ​កត្តា​អាកាសធាតុ​មិន​អំណោយ​ផល។
គោលដៅ​ទូទៅ​និង​ចម្បង​របស់​ក្រសួង​សុខាភិបាល​ និង​រាជរដ្ឋាភិបាល​កម្ពុជា​ គឺ​ធ្វើ​ឲ្យ​ប្រសើរ​ឡើង​នូវ​គុណភាព​​សេវា​ថែទាំ​សុខភាព​មាតា​ និង​កាត់បន្ថយ​អត្រា​មរណភាព​មាតា​និង​ទារក​ ដែល​​មាន​កត្ដា​ជា​ច្រើន






Labels