រាជធានីភ្នំពេញ៖ រដ្ឋសភាជាតិ កាលពីថ្ងៃទី២៨ ឧសភា ឆ្នាំ២០០៩ បានពិភាក្សានិងអនុម័តច្បាប់ស្ដីពីការកែតម្រូវនៃច្បាប់ស្ដីពីហិរញ្ញវត្ថុ សម្រាប់គ្រប់គ្រងឆ្នាំ២០០៩ ដោយសម្រេចផ្ដល់ឥណទានពិសេសចំនួន៧២ពាន់លានរៀល បន្ថែមលើច្បាប់ស្ដីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០០៩ ដែលជាធនធានដំបូងសម្រាប់មូលនិធិទ្រទ្រង់ និងអភិវឌ្ឍន៍វិស័យកសិកម្ម។
យោងសេចក្ដីព្រាងច្បាប់ដែលកោះសន្ដិភាពទទួលបានឲ្យដឹងថា ច្បាប់កែតម្រូវនេះ គឺជាច្បាប់ហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០០៩ ដែលមានគោលបំណងផ្ដល់ហិរញ្ញប្បទានពិសេសដល់រាជរដ្ឋាភិបាលសម្រាប់ជួយទ្រទ្រង់ និងអភិវឌ្ឍវិស័យកសិ-ឧស្សាហកម្ម ព្រមទាំងផ្ដល់ការលើកទឹកចិត្តដល់គម្រោងវិនិយោគដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់។
មាត្រា២នៃច្បាប់នេះចែងថា អនុញ្ញាតឲ្យបង្កើត "មូលនិធិទ្រទ្រង់ និងអភិវឌ្ឍវិសយកសិកម្ម" ដែលត្រូវគ្រប់គ្រងដោយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។ មូលនិធិនេះមានគោលដៅផ្ដល់ឥណទានរយៈពេលខ្លីមធ្យមនិងវែង សម្រាប់ទ្រទ្រង់និងអភិវឌ្ឍន៍វិស័យកសិ-ឧស្សាហកម្ម។
មាត្រា៥ចែងថា អនុម័តឥណទានពិសេសចំនួន៧២.០០០.០០០រៀល (ចិតសិបពីរពាន់លានរៀល) បន្ថែមលើច្បាប់ស្ដីពីហិរញ្ញវត្ថុសម្រាប់គ្រប់គ្រងឆ្នាំ២០០៩ ជាធនធានដំបូងសម្រាប់មូលនិធិទ្រទ្រង់និងអភិវឌ្ឍវិស័យកសិកម្ម។ ឥណទានពិសេសនេះមានប្រភពហិរញ្ញប្បទានមកពីប្រាក់បញ្ញើរបស់រាជរដ្ឋាភិបាល។
មាត្រា៦ចែងថា គម្រោងវិនិយោគដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ក្នុងវិស័យកសិកម្មនិងកសិ-ឧស្សាហកម្មត្រូវទទួលបានការលើកទឹកចិត្ត ដោយទទួលបានរយៈពេលអាទិភាពនៃការលើកលែងលើប្រាក់ចំណេញចំនួន៣ឆ្នាំ។ សកម្មភាពវិនិយោគក្នុងវិស័យកសិកម្មនិងកសិ-ឧស្សាហកម្មដែលទទួលបានការលើកទឹកចិត្តនេះ ត្រូវកំណត់ដោយអនុក្រឹត្យពាក់ព័ន្ធនឹងការអនុវត្តន៍ច្បាប់ស្ដីពីវិនិយោគ៕
ភ្នំពេញ៖ របៀបវារៈចំនួន៩បានគ្របដណ្ដប់នៅក្នុងមហាសន្និបាតសុខភាពពិភពលោក ដែលមានការចូលរួមពីរដ្ឋមន្ត្រីសុខាភិបាលចំនួន១៩៣ប្រទេស នៅទីក្រុងហ្សឺណែវ ប្រទេសស្វីស។
មហាសន្និបាតដែលបានចាប់ផ្ដើមពីថ្ងៃទី១៨ ដល់២៧ឧសភាកន្លងមកនេះ ប្រទេសកម្ពុជាមានការចូលរួមពីលោកសាស្ត្រាចារ្យវេជ្ជបណ្ឌិត ម៉ម ប៊ុនហេង រដ្ឋមន្ត្រីសុខាភិបាល និងប្រតិភូអមដំណើរមួយចំនួនទៀត។
របៀបវារៈនៃកិច្ចប្រជុំនេះ រួមមានទី១- ផែនការយុទ្ធសាស្ត្ររយៈពេលមធ្យម២០០៨-២០០៣ (រាប់បញ្ចូលសំណើកម្មវិធីថវិកា២០១០-២០១៣) ទី២- ការត្រៀមរៀបចំសម្រាប់ជំងឺផ្ដាសាយមនុស្ស ទី៣- ការអនុវត្តន៍និយ័តកម្មសុខភាពអន្តរជាតិ ទី៤- ការបង្ការភាពងងឹតភ្នែកដែលអាចចៀសវាងបាន ទី៥- ការថែទាំសុខភាពបឋម និងការពង្រឹងប្រព័ន្ធសុខាភិបាល ទី៦- កត្តាសង្គមដែលប៉ះពាល់ដល់សុខភាព ទី៧- ការពិនិត្យតាមដានការឆ្ពោះទៅសម្រេចគោលដៅអភិវឌ្ឍន៍សហស្សវត្សរ៍ ទី៨- របាយការណ៍ស្ដីពីផលប៉ះពាល់លើហិរញ្ញវត្ថុនិងរដ្ឋបាល និងទី៩- ការបង្ការនិងគ្រប់គ្រងភាពស៊ាំដោយឱសថច្រើនមុខនៃជំងឺរបេង។
ក្នុងឱកាសនោះលោកសាស្ត្រាចារ្យវេជ្ជបណ្ឌិត ម៉ម ប៊ុនហេង បានរំលឹកអង្គមហាសន្និបាតអំពីខ្លឹមសារនៃសេចក្ដីថ្លែងការណ៍រួមនៃសម័យប្រជុំពិសេសរបស់រដ្ឋមន្ត្រីសុខាភិបាលអាស៊ានបូកបីស្ដីពីជំងឺផ្ដាសាយមនុស្ស Influenzatype A H1N1 កាលពីដើមខែឧសភាកន្លងមកនេះនៅទីក្រុងបាងកក ប្រទេសថៃ។
លោករដ្ឋមន្ត្រីក៏បានសំណូមពរឲ្យមហាសន្និបាតប្រើប្រាស់ខ្លឹមសារនៃសេចក្ដីថ្លែងការណ៍រួមនេះធ្វើជាមូលដ្ឋាននៃបទអន្តរាគមន៍របស់រដ្ឋមន្ត្រីសុខាភិបាលហ្វ៊ីលីពីន និងជាប្រធានរដ្ឋមន្ត្រីសុខាភិបាលអាស៊ាន។
ក្នុងឱកាសនោះ គណៈប្រតិភូកម្ពុជាក៏បានចូលរួមប្រជុំក្រៅផ្លូវការរបស់រដ្ឋមន្ត្រីសុខាភិបាលនៃចលនាមិនចូលបក្សសម្ព័ន្ធ ដែលរៀបចំឡើងដោយសាធារណរដ្ឋគុយបា ដែលជាប្រធានចលនាមិនចូលបក្សសម្ព័ន្ធ និងដឹកនាំដោយលោករដ្ឋមន្ត្រីសុខាភិបាលប្រទេសគុយបា។
លោកសាស្ត្រាចារ្យវេជ្ជបណ្ឌិត ម៉ម ប៊ុនហេង បានធ្វើបទអន្តរាគមន៍ដោយគូសបញ្ជាក់ថា "ការស្លាប់របស់មាតា គឺជាការប្រឈមមុខដ៏ចម្បងមួយក្នុងការឈានឆ្ពោះទៅសម្រេចគោលដៅអភិវឌ្ឍន៍សហស្សវត្សរ៍កម្ពុជា"។ លោកបន្តថា រាជរដ្ឋាភិបាលកម្ពុជាបានតាំងចិត្តយ៉ាងមុតមាំក្នុងការលើកកម្ពស់សុខភាពមាតា ទារក និងកុមារ ដោយចាត់ទុកវិស័យសុខាភិបាលជាវិស័យអាទិភាពសម្រាប់ការវិនិយោគធនធានរបស់រាជរដ្ឋាភិបាល។
លោកសាស្ត្រាចារ្យវេជ្ជបណ្ឌិត ម៉ម ប៊ុនហេង បានបន្តដោយសង្កត់ធ្ងន់ថា "ការគាំទ្រហិរញ្ញវត្ថុរយៈពេលមធ្យមទៅរយៈពេលវែងពីដៃគូអភិវឌ្ឍន៍វិស័យសុខាភិបាលទាំងអស់ គប្បីមានសុខដុមនីយកម្ម និងកំណែទម្រង់ឲ្យកាន់តែល្អប្រសើរថែមទៀត ជាមួយអាទិភាពវិស័យសុខាភិបាលជាតិ ជាពិសេសត្រូវគាំទ្រដល់អាទិភាពដែលមានមូលនិធិគ្រប់គ្រាន់"។
ក្នុងកិច្ចប្រជុំនេះ លោករដ្ឋមន្ត្រីសុខាភិបាលនិងគណៈប្រតិភូបានជួបដាច់ដោយឡែកជាមួយលោក មីសែលកាហ្សាស្គីន (Michelle Kazatichkine) នាយកប្រតិបត្តិមូលនិធិសកលប្រយុទ្ធជំងឺអេដស៍ គ្រុនចាញ់ និងរបេង។ លោកម៉ៃឃើល ស៊ីដីប (Michel Sidibe) នាយកប្រតិបត្តិថ្មីរបស់អង្គការ UNAID ដើម្បីពិភាក្សាការងារទាក់ទងការប្រយុទ្ធជំងឺទាំងនេះ។
លោករដ្ឋមន្ត្រីក៏បានជួបជាមួយលោកវេជ្ជបណ្ឌិត ជូលៀន លូបលេវីត៍ (Julien Lob Levyt) លេខាប្រតិបត្តិនៃអង្គការ GAVI ដោយមានប្រទេសក្នុងតំបន់អាស៊ី និងអាហ្វ្រិកមួយចំនួនបានចូលរួមដើម្បីពិភាក្សាអំពីការគាំទ្ររបស់អង្គការនេះដល់កម្មវិធីផ្ដល់ថ្នាំបង្ការនិងការប្រើប្រាស់វ៉ាក់សាំងថ្មី៕
រាជធានីភ្នំពេញ៖ លោក ចម ប្រសិទ្ធ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មបានថ្លែងថា វិស័យឧស្សាហកម្មកាត់ដេរនៅកម្ពុជា នៅតែជាវិស័យផ្ដល់អាទិភាពជាចំបងនៅឡើយ ពីព្រោះវិស័យនេះនៅតែបន្តនិរន្តរភាពដល់សេដ្ឋកិច្ចកម្ពុជាដូចជា ផ្ដល់ការងារ និងប្រាក់ខែដល់អ្នកជំនាន់ក្រោយ ការផ្លាស់ប្ដូរបច្ចេកវិទ្យា ការហូរចូលរូបិយប័ណ្ណបរទេសរួមទាំងការអភិវឌ្ឍន៍ធនធានមនុស្សផងដែរ។ លោកជឿថា ជោគជ័យនៃឧស្សាហកម្មវាជាផ្លូវមួយដែលនាំឲ្យកម្ពុជាចូលទៅប្រទេសឧស្សាហកម្មជាមួយការវិនិយោគដោយផ្ទាល់ រួមទាំងការនាំឲ្យកម្ពុជាចូលទៅប្រទេសកម្ពុជាជាមួយការវិនិយោគដោយផ្ទាល់ រួមទាំងការនាំមកនូវវិស័យឧស្សាហកម្មផ្សេងៗទៀតផងដែរ។
លោក ចម ប្រសិទ្ធ បន្តថា ឆ្នាំ២០០៤កម្ពុជាបានចូលរួមក្នុងតំបន់ពាណិជ្ជកម្មសេរីដែលជាដៃគូរបស់អាស៊ានដូចជា ចិន ជប៉ុន កូរ៉េ អូស្ត្រាលី ញូវហ្សេលែន និងឥណ្ឌា ហើយក្នុងពេលដ៏ឆាប់ៗខាងមុខនេះកម្ពុជានឹងចូលទៅក្នុងសហគមន៍អឺរ៉ុបទៀត។
លោក ចម ប្រសិទ្ធ បានថ្លែងបែបនេះកាលពីថ្ងៃទី២៧ ឧសភា នៅសណ្ឋាគារកាំបូឌីយ៉ាណា ក្នុងខណៈដែលលោកអញ្ជើញចូលរួមធ្វើជាអធិបតីក្នុងវេទិកាអាជីវកម្មដែលរៀបចំឡើងដោយសមាគមរោងចក្រកាត់ដេរនៅកម្ពុជា។
តាមសេចក្ដីប្រកាសព័ត៌មានដែលផ្សព្វផ្សាយនៅក្នុងឱកាសនោះ បានឲ្យដឹងថា នេះជាវេទិកាសម្រាប់ក្រុមហ៊ុនវិនិយោគ ក្រុមហ៊ុនបញ្ជាទិញ និងរដ្ឋាភិបាលដើម្បីជួបពិភាក្សា និងលើកឡើងនូវវិធីសាស្ត្រផ្សេងៗដែលសហគមន៍ពាណិជ្ជកម្ម និងរាជរដ្ឋាភិបាលអាចជួយជំរុញ ផលិតកម្មសំលៀកបំពាក់នៅក្នុងប្រទេសកម្ពុជា ទាក់ទាញការវិនិយោគច្រើនជាងមុនពីក្រុមហ៊ុនវិនិយោគដែលមានស្រាប់ក្នុងវិស័យសំលៀកបំពាក់នេះ និងទាក់ទាញដៃគូបញ្ជាទិញឲ្យទិញកាន់តែច្រើនពីប្រទេសកម្ពុជា ព្រមទាំងទាក់ទាញដៃគូបញ្ជាទិញថ្មីៗ និងដៃគូបញ្ជាទិញសក្ដានុពលឲ្យពិចារណាទិញពីប្រទេសកម្ពុជា។
វេទិកាអាជីវកម្មនេះនឹងជាវេទិកាសម្រាប់អ្នកវិនិយោគ និងអ្នកទិញដើម្បីលើកយកការបារម្ភ និងបញ្ហាដែលពួកគេកំពុងប្រឈមមុខក្នុងការផលិត ទិញ ក្នុងប្រទេសកម្ពុជា និងជាវេទិកាដែលលើកយកនូវដំណោះស្រាយផ្សេងៗដែលរដ្ឋាភិបាល និងសមាគមរោងចក្រកាត់ដេរនៅកម្ពុជាអាចជួយបាន។
ចំពោះអ្នកចូលរួមក្នុងវេទិកានេះរួមមានតំណាងមកពីក្រុមហ៊ុនទិញរាយ និងការិយាល័យបញ្ជាទិញ ក្រុមហ៊ុនវិនិយោគបច្ចុប្បន្នដែលបានវិនិយោគក្នុងវិស័យសំលៀកបំពាក់ក្នុងប្រទេសកម្ពុជា ដៃគូអភិវឌ្ឍន៍ និងសមាជិកក្រុមប្រឹក្សាភិបាលរបស់សមាគមរោងចក្រកាត់ដេរនៅកម្ពុជា។
រោងចក្រដែលចូលរួមចំនួន២០រោងចក្រ គឺជាក្រុមហ៊ុនវិនិយោគឆ្លងកាត់ប្រទេសហើយដែលមានផលិតកម្មក្នុងប្រទេសផ្សេងៗគ្នាជាច្រើន។ ប្រាក់ចំណូលសរុបរបស់ក្រុមហ៊ុនទាំងអស់នេះមានចំនួនលើស៣៧០កោដិដុល្លារសហរដ្ឋអាមេរិកក្នុងមួយឆ្នាំសម្រាប់ឆ្នាំ២០០៨។ អ្វីដែលសំខាន់នោះគឺតើយើងអាចធ្វើយ៉ាងណាដើម្បីឲ្យកម្ពុជាអាចទាក់ទាញក្រុមហ៊ុនវិនិយោគទាំងអស់នេះដែលក្រុមហ៊ុនទាំងអស់នេះអាចដាក់បញ្ជាទិញនៅក្នុងប្រទេសផ្សេងៗដែលពួកគេមានទីកន្លែងផលិតកម្មនៅទីនោះ និងធ្វើដូចម្ដេចដើម្បីឲ្យកម្ពុជាក្លាយជាទីតាំងផលិតកម្មជាទីពេញចិត្តធៀបជាមួយទីតាំងជំរើសក្នុងប្រទេសដទៃៗទៀតរបស់ពួកគេ។ រោងចក្រទាំងអស់នេះមានជំរើសក្នុងការសម្រេចចិត្តថា តើប្រទេសណាមួយដែលពួកគេនឹងដាក់បញ្ជាទិញ ប៉ុន្តែជំរើសនោះគឺអាស្រ័យលើសមត្ថភាពដែលប្រទេសនោះអាចផ្ដល់ឲ្យដូចជាគុណភាពប្រសិទ្ធភាពថ្លៃប្រកួតប្រជែង និងលក្ខណៈគ្រប់គ្រង។
ក្រុមហ៊ុនបញ្ជាទិញដែលចូលរួមក្នុងវេទិកានេះមានចំនួន៨ក្រុមហ៊ុន ហើយដែលពួកគេរកចំណូលក្នុងមួយឆ្នាំបានចំនួន១៤.៣០០កោដិដុល្លារសហរដ្ឋអាមេរិកសរុបទាំងការទិញរាយ និងទាំងការទិញដុំ។ អ្នកធ្វើការសម្រេចចិត្តមានជំរើសក្នុងការដាក់ការបញ្ជាទិញនៅក្នុងប្រទេសណាមួយក៏បាន។ ហេតុដូច្នេះអ្វីដែលសំខាន់នោះគឺតើយើងត្រូវធ្វើដូចម្ដេចដើម្បីទាក់ទាញក្រុមហ៊ុនទាំងអស់នោះឲ្យដាក់ការបញ្ជាទិញក្នុងប្រទេសកម្ពុជា។
សមាគមរោងចក្រកាត់ដេរនៅកម្ពុជាចង់ឲ្យដៃគូពាក់ព័ន្ធទាំងអស់លើកយកបញ្ហាខាងលើទាំងអស់នោះមកពិភាក្សានិងបង្កើតយុទ្ធសាស្ត្រផ្សេងៗក្នុងវេទិកាអាជីវកម្មនេះដើម្បីឲ្យប្រទេសកម្ពុជាក្លាយជាដៃគូជាទីពេញចិត្តក្នុងទីផ្សារប្រកួតប្រជែងសំលៀកបំពាក់ពិភពលោក៕
ភ្នំពេញ៖ កិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាន-សហភាពអឺរ៉ុបលើកទី១៧ បានបើកជាផ្លូវការ កាលពីព្រឹកថ្ងៃព្រហស្បតិ៍ទី២៨ឧសភា នៅសាលសន្និសីទចតុមុខក្រោមអធិបតីភាពសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា។ ចំណែកអង្គប្រជុំត្រូវប្រារព្ធឡើងនៅសណ្ឋាគារអ៊ិនធឺកុងទីណង់តាល់។
កិច្ចប្រជុំរយៈពេល២ថ្ងៃចាប់ពីថ្ងៃទី២៧ និងថ្ងៃទី២៨ឧសភា នៅរាជធានីភ្នំពេញបានធ្វើឡើងក្នុងពេលដែលកម្ពុជាមានតួនាទីជាប្រទេសសម្របសម្រួលដៃគូសន្ទនារវាងអាស៊ាន និងសហភាពអឺរ៉ុប។
សមាគមអាស៊ាន និងសហភាពអឺរ៉ុបមានទំនាក់ទំនងជាងបីទសវត្សរ៍មកហើយ ដោយបានធ្វើសហប្រតិបត្តិការលើវិស័យជាច្រើនដូចជានយោបាយ សន្តិសុខ សេដ្ឋកិច្ច ពាណិជ្ជកម្ម សង្គមវប្បធម៌ និងសហប្រតិបត្តិការអភិវឌ្ឍន៍។
ចំពោះមុខរដ្ឋមន្ត្រីការបរទេសអាស៊ាន-សហភាពអឺរ៉ុប និងប្រមុខដឹកនាំរដ្ឋាភិបាលកម្ពុជា លោកឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង រដ្ឋមន្ត្រីការបរទេស និងជាសហប្រធានក្នុងកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីការបរទេសអាស៊ាន-សហភាពអឺរ៉ុប លើកទី១៧ បានលើកឡើងដោយជឿជាក់ថា កិច្ចប្រជុំនាពេលនេះនឹងបើកទំព័រថ្មីមួយ ដើម្បីពង្រឹង និងធ្វើឲ្យស៊ីជម្រៅនូវទំនាក់ទំនងអាស៊ាន និងសហភាពអឺរ៉ុប តាមរយៈក្របខ័ណ្ឌនៃកិច្ចសហប្រតិបត្តិការដ៏ទូលំទូលាយ។
លោកឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង បានបញ្ជាក់ថា ក្នុងខណៈពេលដែលរដ្ឋមន្ត្រីការបរទេសមកពីប្រទេសទាំង១០ ជាសមាគមអាស៊ាន និងរដ្ឋមន្ត្រីការបរទេសចំនួន២៧ប្រទេសជាសមាជិកសហភាពអឺរ៉ុបកំពុងតែអង្គុយផ្លាស់ប្ដូរនូវទស្សនៈលើរបៀបនៃការធ្វើឲ្យសម្រេចជាវិជ្ជមាននូវភាពជាដៃគូរវាងអាស៊ាន និងសភាពអឺរ៉ុប គឺរលកនៃវិបត្តិហិរញ្ញវត្ថុអន្តរជាតិបានជះឥទ្ធិពលយ៉ាងខ្លាំងទៅលើសេដ្ឋកិច្ចសកលលោក ហើយគ្មានប្រទេសណាមួយអាចគេចផុតពីគ្រោះមហន្តរាយសេដ្ឋកិច្ចនេះ ឡើយ។
ប្រឈមមុខជាមួយនឹងគ្រោះមហន្តរាយនេះ ប្រមុខការទូតកម្ពុជា បានសង្កត់ធ្ងន់ថា ការប្ដេជ្ញាចិត្តដើម្បីជំរុញនូវអន្តរកម្មដ៏ទូលំទូលាយលើគ្រប់វិស័យនៃសហប្រតិបត្តិការរបស់អាស៊ាន និងសហភាពអឺរ៉ុប ជាពិសេសវិស័យសេដ្ឋកិច្ច និងពាណិជ្ជកម្មនឹងរួមចំណែកយ៉ាងពិតប្រាកដនៅក្នុងកម្រិតមួយដើម្បីបន្ធូរបន្ថយការថមថយនៃសេដ្ឋកិច្ចដែលបណ្ដាលមកពីវិបត្តិហិរញ្ញវត្ថុពិភពលោកមកលើតំបន់អាស៊ីនិងអឺរ៉ុប។
ចំណែកលោក ចានកូហ៊ូត (Jan Kohout) ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស ប្រទេសឆេក ដែលជាប្រធានប្ដូរវេនរបស់សហភាពអឺរ៉ុប បានថ្លែងក្នុងពិធីបើកកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីការបរទេសអាស៊ាន-សហភាពអឺរ៉ុបលើកទី១៧ថា កិច្ចប្រជុំនេះជាឱកាសដើម្បីបញ្ជាក់ឡើងវិញនូវទំនាក់ទំនងជាច្រើនទសវត្សរ៍រវាងសហភាពអឺរ៉ុប និងអាស៊ាន ព្រមទាំងបង្កើតនូវកិច្ចសហប្រតិបត្តិការប្រកបដោយការអភិវឌ្ឍនៅក្នុងវិស័យជាច្រើន។ កិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីការបរទេសអាស៊ានសហភាពអឺរ៉ុប ក៏ជាឱកាសមួយដែលផ្ដល់សន្ទុះធ្វើឲ្យកាន់តែប្រសើរនិងការប្រឹងប្រែងយ៉ាងខ្លាំងរួមគ្នារកនូវឱកាស និងមធ្យោបាយថ្មីនៃកិច្ចសហប្រតិបត្តិការសហភាពអឺរ៉ុបនិងអាស៊ាន។
លោក កូហ៊ូត ក៏បានបន្ថែមថា សហភាពអឺរ៉ុបស្វាគមន៍ និងសាទរអាស៊ានដែលបានអនុម័តនូវធម្មនុញ្ញអាស៊ានដែលបានចូលជាធរមានកាលពីខែធ្នូឆ្នាំ២០០៨ ក៏ដូចជាសេចក្ដីថ្លែងការណ៍ឆាអាមហួហ៊ីន នៅប្រទេសថៃព្រមទាំងផែនទីចង្អុលផ្លូវនៃការកសាងសហគមន៍អាស៊ានឆ្នាំ២០១៥។ សមិទ្ធផលរបស់អាស៊ាននេះ គឺបើកនូវទំព័រថ្មីរវាងទំនាក់ទំនងអាស៊ាន និងសហភាពអឺរ៉ុប ដែលជាទំនាក់ទំនងប្រកបដោយគុណភាព។
ក្នុងពេលប្រកាសបើកកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីការបរទេសអាស៊ាន-សហភាពអឺរ៉ុបលើកទី១៧ សម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បានលើកឡើងថា កិច្ចប្រជុំនាពេលនេះពិតជាបានប្រារព្ធធ្វើឡើងចំពេលវេលាដែលតំបន់អាស៊ីនិងអឺរ៉ុប ក៏ដូចជាពិភពលោកទាំងមូលកំពុងតែប្រឈមមុខនឹងបញ្ហាជាសកលជាច្រើន ជាពិសេសវិបត្តិសេដ្ឋកិច្ច និងហិរញ្ញវត្ថុអន្តរជាតិនាពេលបច្ចុប្បន្ន។
សម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ក៏បានជំរុញឲ្យអង្គប្រជុំថ្នាក់រដ្ឋមន្ត្រីអាស៊ាន និងសហភាពអឺរ៉ុប ត្រូវតែសម្រេចឲ្យបាននូវការពង្រឹងពង្រីកកិច្ចសហប្រតិបត្តិការរវាងប្រទេសកម្ពុជាសមាគមអាស៊ាន និងសហភាពអឺរ៉ុបជាពិសេសគឺកិច្ចសហការឲ្យសកម្មថែមទៀត និងគាំទ្រគ្នាទៅវិញទៅមកលើការងារសមាហរណកម្ម និងដំណើរការកសាងសហគមន៍ ជាពិសេសនៅខណៈពេលដែលអាស៊ានកំពុងអនុវត្តនូវធម្មនុញ្ញរបស់ខ្លួនពេលនេះ។
កាលពីរសៀលថ្ងៃព្រហស្បតិ៍ទី២៨ឧសភា ក្នុងកិច្ចប្រជុំលើកទី១៧ រដ្ឋមន្ត្រីការបរទេសអាស៊ាន និងសហភាពអឺរ៉ុប ក៏បានចុះហត្ថលេខារួមគ្នាលើសេចក្ដីថ្លែងការណ៍អាស៊ានស្ដីពីការយល់ព្រមឲ្យសហភាពអឺរ៉ុបចូលជាភាគីនៃសន្ធិសញ្ញាមិត្តភាព និងកិច្ចសហប្រតិបត្តិការនៅអាស៊ីអាគ្នេយ៍ និងសេចក្ដីថ្លែងការណ៍ចូលជាភាគីនៃសន្ធិសញ្ញាមិត្តភាព និងកិច្ចសហប្រតិបត្តិការនៅអាស៊ីអាគ្នេយ៍។ ការចូលជាភាគីនៃសន្ធិសញ្ញានេះរបស់សហភាពអឺរ៉ុបនឹងចូលរួមចំណែកក្នុងការធ្វើឲ្យមានសន្តិភាព សន្តិសុខនិងស្ថិរភាពនៅ ក្នុងតំបន់។
ជាការកត់សម្គាល់នៅក្នុងពិធីបើកកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីការបរទេសអាស៊ានសហភាពអឺរ៉ុបលើកទី១៧កាលពីព្រឹកថ្ងៃព្រហស្បតិ៍ទី២៨ឧសភា បញ្ហានៅប្រទេសភូមា ជាពិសេសបញ្ហារបស់លោកស្រីអ៊ុងសានស៊ូជីមិនត្រូវបានលើកឡើងសូម្បីតែមួយម៉ាត់៕
សុខភាពរបស់អ្នកនឹងគ្មានបញ្ហាឡើយ ប្រសិនបើបានថែទាំដោយវិធីងាយៗដូចខាងក្រោមនេះ៖
១- កុំខ្ជិលដូរអេប៉ុងលាងចាន ត្រូវប្ដូរថ្មីរៀងរាល់ខែ ពីព្រោះអេប៉ុងនេះហើយជាឧបករណ៍ដែលមេរោគចូលចិត្តមកពូនផ្ដុំគ្នាបំផ្លាញសុខភាពអ្នក។
២- ប្រើទឹកសាប៊ូលាងចានជូនផ្ទៃដែលអ្នកធ្វើម្ហូបឲ្យស្អាត ហើយជូតម្ដងទៀតដោយទឹកសម្លាប់មេរោគរាល់លើក ក្រោយពីធ្វើម្ហូបរួច ដើម្បីសម្លាប់មេរោគដែលជាប់នឹងសាច់ និងបន្លែស្រស់។
៣- រលាស់វាំងននងូតទឹកក្រោយពីងូតទឹករួចដើម្បីបណ្ដេញសំណើមកុំឲ្យកើតផ្សិត ហើយកុំភ្លេចដោះវាំងននយកទៅបោកគក់យ៉ាងហោចណាស់មួយខែមួយដង ពីព្រោះមេរោគផ្សិតដែលជាប់តាមវាំងនននេះ គឺជាឃាតកឈាមត្រជាក់ដែលយើងច្រើនតែមើលរំលង។
៤- លាងដុសខាត់ភោជន៍លាងមុខជាប្រចាំ ដើម្បីកុំឲ្យបាក់តេរីពួនបាន។
៥- បន្ទប់ទឹកគួរតែមានខ្យល់ចេញចូលល្អ ដើម្បីបញ្ចេញបាក់តេរីពីខ្យល់។ ប្រសិនបើបន្ទប់ទឹករបស់អ្នកបិទជិតទាំង៤ផ្នែក យ៉ាងហោចណាស់គួរតែបំពាក់កង្ហារដើម្បីជួយបញ្ចេញខ្យល់ខ្លះ។
៦- លាងដៃឲ្យស្អាតមុននឹងទទួលអាហាររាល់លើក ដើម្បីកម្ចាត់មេរោគដែលអាចនឹងជាប់មកតាមរយៈរបស់របរសម្ភារៈប្រើប្រាស់សាធារណៈទាំងឡាយ។
៧- ក្រោយពីចុចទឹកបង្គន់ហើយគួរតែបិទគម្របតែម្ដង ពីព្រោះក្រោយពីយើងចុចទឹកបង្គន់ ពេលនោះមេរោគនឹងសាយភាយឡើងមកក្នុងខ្យល់។ ដូច្នេះការបិទគម្របនឹងជួយឃាំងមេរោគកំណាចនេះមិនឲ្យរសាត់អណ្ដែតចូលច្រមុះ។
៨-មួកគ្របងូតទឹករបស់ស្ត្រីៗជាឧបករណ៍ដែលផ្អាប់សំណើម ដូច្នេះការយកវាមកគ្របងូតទឹកវាមិនខុសពីយកមេរោគមកដាក់លើសក់ដ៏ស្អាតរបស់អ្នកឡើយ។ ដូច្នេះអ្នកគួរតែយកមួកនោះទៅសំដិលថ្ងៃឲ្យបានញឹកញាប់។ បើមួកចាស់ហើយគួរតែប្ដូរថ្មីដើម្បីកុំឲ្យមកអង្គុយឆ្ងល់ថា តើហេតុអ្វីបានជាសក់ជ្រុះច្រើនម្ល៉េះ?
៩- សារ៉េសីតុណ្ហភាពទូទឹកកក ៣៧អង្សាហ្វារ៉េនហៃត៍ឡើងទៅដើម្បីកុំឲ្យបាក់តេរីដែលមានពីអាហារមានឱកាសរីករាលដាល។
១០- ប្រមូលសំរាមចោលរាល់ថ្ងៃ មិនត្រូវផ្អាប់សំរាមទុកទេ ព្រោះអាកាសធាតុក្ដៅដូចជាស្រុកយើងនេះ មេរោគក្នុងធុងសំរាមនឹងសប្បាយចិត្តជាមិនខាន។ ដូច្នេះអ្នកគួរប្រើអាល់កុលជូតធុងសំរាមឲ្យបានញឹកញាប់ផង។
១១- ធ្វើជាមេផ្ទះឈ្លាសវៃក្នុងពេលចម្អិនអាហារ គួរចែកជ្រញ់សម្រាប់ហាន់បន្លែ និងហាន់សាច់ឲ្យដាក់ពីគ្នា ពីព្រោះបាក់តេរីដែលមានពីសាច់វាមានច្រើនជាងបន្លែ។ ម្យ៉ាងទៀត ក្រោយពីធ្វើម្ហូបរួច កុំភ្លេចយកជ្រញ់ដាក់ស្រុសទឹកក្ដៅផង។
១២- បើអ្នកចិញ្ចឹមឆ្មា ឬឆ្កែ គួរតែចេះបង្រៀនសត្វទាំងនោះឲ្យមានរបៀប មិនត្រូវឲ្យវាចូលមករញ៉រញ៉ៃក្នុងផ្ទះបាយ ព្រោះអង្កែ ចៃ ឬមេរោគតាមជើងរបស់វាអាចធ្លាក់ចូលក្នុងចានអាហារ។
១៣- បើមានអាហារសល់ក្លាស្សេ ពេលយកមកទទួលទានម្ដងទៀតគួរតែកម្ដៅឲ្យក្ដៅរាល់លើកដើម្បីសម្លាប់បាក់តេរី៕
ដោយអត្ថបទចុះផ្សាយកាលពីថ្ងៃទី 06/12/2008 កែប្រែលើកចុងក្រោយកាលពីថ្ងៃទី 11/12/2008 13:31 ម៉ោងសកលក្រោយពេល ដែលពួកខ្មែរក្រហមបានទៅចូលរួមក្នុង រាជរដ្ឋាភិបាលរួបរួមជាតិ របស់ សម្តេច នរោត្តម សីហនុ ដែលបានបង្កើតឡើងក្រោយរដ្ឋប្រហារឆ្នាំ១៩៧០ ខ្មែរក្រហមបានក្លាយពីក្រុមបះបោរតូចតាច មកជាកងទ័ពរំដោះជាតិដ៏ធំមួយ។ នេះក៏ដោយសារតែពួកគេទទួលបាននូវការគាំទ្រពីសំណាក់ប្រជាជន កម្ពុជា ដែលស្រលាញ់ សម្តេច នរោត្តម សីហនុ។ ពិសេសជាងនេះទៅទៀត ពួកគេទទួលបាននូវការឧបត្ថម្ភគាំទ្រយ៉ាងពេញទំហឹងពីសំណាក់វៀតណាម ខាងជើង។
ក៏ប៉ុន្តែ ខ្មែរក្រហម និងវៀតណាមបានបែកបាក់គ្នា ក្លាយពីមិត្ត មកជាសត្រូវវិញ នៅក្រោយពេលដែលវៀតណាមបានចុះកិច្ចព្រមព្រៀងឈប់បាញ់ ជាមួយអាមេរិក នៅឆ្នាំ១៩៧៣។
ទាហានវៀតណាមច្បាំងជំនួសខ្មែរក្រហម
ចាប់តាំង ពីរដ្ឋាភិបាលរួបរួមជាតិត្រូវបានបង្កើតឡើង នៅក្រុងប៉េកាំងមក កងទ័ពវៀតណាមបានជួយរដ្ឋាភិបាលនេះយ៉ាងពេញទំហឹង។ យោងតាមលោក David Chandler ក្នុងសៀវភៅដែលមានចំណងជើងថា “បងទី១ ប៉ុល ពត” នៅរវាងឆ្នាំ១៩៧១ ដល់ឆ្នាំ១៩៧២ នៅក្នុងសមរភូមិភាគច្រើនគឺជាការច្បាំងគ្នារវាងកងទ័ពវៀតណាម និងទាហានលន់ណុល។ បើទោះជាមានទាហានខ្មែរក្រហមខ្លះនៅក្នុងនោះក៏ដោយ ក៏ទាហានទាំងនោះស្ថិតក្រោមបញ្ជារបស់មេបញ្ជាការវៀតណាមដែរ។
ទាហាន លន់ណុលបានបើកប្រតិបត្តិការធំៗចំនួនពីរលើកក្នុងគោលដៅវាយបំបែក សំបុកខ្មែរក្រហម។ លើកទីមួយនៅចុងឆ្នាំ១៩៧០ មានឈ្មោះថា “ប្រតិបត្តិការចេនឡាទី១” និងលើកទីពីរនៅខែសីហា ឆ្នាំ១៩៧១ មានឈ្មោះថា “ប្រតិបត្តិការចេនឡាទី២”។ ប្រតិបត្តិការទាំងពីរនេះត្រូវទទួលបរាជ័យ ហើយទាហានលន់ណុលក៏បញ្ឈប់យុទ្ធសាស្រ្តវាយលុក មកជាយុទ្ធសាស្រ្តការពារវិញម្តង។ បរាជ័យនៃប្រតិបត្តិការទាំងពីរលើកនេះសុទ្ធតែដោយសារតែខ្មែរក្រហម មានជំនួយពីទាហានវៀតណាម ដែលគេទទួលស្គាល់ថាជាទាហានខ្លាំងជាងគេបំផុតក្នុងតំបន់នាពេល នោះ។
ដោយមានកងទ័ពវៀតណាមជួយច្បាំងជំនួសខ្លួនបែប នេះ ខ្មែរក្រហមក៏មានឱកាសពង្រឹងបក្សរបស់ខ្លួន ទាំងផ្នែកយោធា និងផ្នែកនយោបាយ។ យោងតាមការប៉ាន់ស្មានរបស់ភ្នាក់ងារចារកិច្ចអាមេរិក នៅមុនរដ្ឋប្រហារឆ្នាំ១៩៧០ ខ្មែរក្រហមមានទ័ពតែប្រមាណមិនដល់៣ពាន់នាក់ផង។ ប៉ុន្តែ មិនដល់បីឆ្នាំផង ចំនួននេះបានកើនឡើងរហូតដល់ប្រមាណ៤ម៉ឺននាក់។
ទោះ ជាយ៉ាងនេះក៏ដោយ ពួកខ្មែរក្រហមនៅតែបន្តធ្វើការឃោសនាថា បដិវត្តន៍របស់ពួកគេ គឺជាបដិវត្តន៍ឯករាជ្យ ម្ចាស់ការ និងមិនពឹងបរទេស។ សូម្បីតែនៅក្នុងឯកសារស្តីពីប្រវត្តិបក្ស ក៏ពួកខ្មែរក្រហមមិនបានរំលឹកអំពីជំនួយរបស់វៀតណាមដែរ។ តែធាតុពិត ពួកខ្មែរក្រហមពឹងផ្អែកយ៉ាងខ្លាំងលើវៀតណាម។
សម្ព័ន្ធមិត្តប្រេះឆា៖ មិត្តក្លាយជាសត្រូវ
នៅដើមឆ្នាំ១៩៧៣ សញ្ញានៃការបែកបាក់រវាងខ្មែរក្រហម និងខ្មែរហាណូយក៏បានលេចចេញជារូបរាងច្បាស់ឡើងៗ។ ខ្មែរហាណូយពីររូបគឺ កែវ ចិន្តា និង ប៉ែន សុវណ្ណ រួមជាមួយមនុស្សមួយចំនួនទៀត ដែលធ្វើការឲ្យវិទ្យុបក្សបានលាលែងចេញពីតំណែង។ យោងតាមលោក Raoul Jennar,
ប៉ែន សុវណ្ណ មានបំណងទៅបង្កើតបក្សថ្មីជាមួយ ជា សុទ្ធ។ ប៉ុន្តែ វៀតណាមបានជំទាស់នឹងផែនការណ្ណecker,ងដល់នាំ១៩៧២នេះ។ថ្ងៃទី២៧ មករា ឆ្នាំ១៩៧៣ កិច្ចព្រមព្រៀងឈប់បាញ់មួយត្រូវបានចុះនៅទីក្រុងប៉ារីស រវាងសហរដ្ឋអាមេរិក និងវៀតណាមខាងជើង ស្តីពីបញ្ហាសង្រ្គាមនៅឥណ្ឌូចិន។ កិច្ចព្រមព្រៀងនេះក៏តម្រូវផងដែរឲ្យវៀតណាមដកកងទ័ពទាំងអស់ចេញពី ប្រទេសកម្ពុជា។ វៀតណាមបានស្នើសុំឲ្យ សាឡុត ស ទទួលយកបទឈប់បាញ់នេះ តែ សាឡុត ស បានបដិសេធ។ សាឡុត ស យល់ថា វៀតណាមខាងជើងកំពុងតែក្បត់នឹងខ្លួនហើយ ដែលទៅចុះកិច្ចព្រមព្រៀងជាមួយអាមេរិកបែបនេះ។ សម្រាប់ខ្មែរក្រហម វៀតណាមពេលនេះ បានក្លាយពីមិត្ត ទៅជាសត្រូវវិញម្តង។ សូម្បីតែពួកខ្មែរហាណូយក៏ត្រូវបានបក្សពួករបស់ សាឡុត ស ចាប់ផ្តើមសង្ស័យថា ជាភ្នាក់ងាររបស់វៀតណាមដែរ។ ពួកខ្មែរហាណូយមួយចំនួន ដែលទើបតែបានចូលមកកម្ពុជាវិញប៉ុន្មានឆ្នាំមុននេះ ក៏បានលួចចាកចេញពីកម្ពុជាវិញ ដោយបន្លំខ្លួនជាមួយទាហានវៀតណាម។ មួយចំនួនទៀត ដែលនៅសេសសល់ស្ថិតក្រោមការតាមដានឃ្លាំមើលយ៉ាងដិតដល់ពីសំណាក់ពួក សាឡុត ស។
ខ្មែរក្រហមទល់នឹងកងទ័ពអាមេរិក
នៅកំឡុងខែកុម្ភៈ ឆ្នាំ១៩៧៣ កងទ័ពខ្មែរក្រហមបានចាប់ផ្តើមបើកការវាយលុកលើទីតាំងរដ្ឋាភិបាល លន់ណុល ដើម្បីពង្រីកតំបន់ដែលពួកគេកាន់កាប់។ កងទ័ពអាកាសអាមេរិកក៏បានចាប់បើកប្រតិបត្តិការទម្លាក់គ្រាប់បែកលើ ទីតាំងខ្មែរក្រហម។ ក្នុងពេលដែលប្រតិបត្តិការសឹករបស់អាមេរិក នៅវៀតណាម និងឡាវបានបញ្ចប់អស់ទៅហើយនោះ ប្រទេសកម្ពុជាបានក្លាយទៅជាចំនុចស៊ីបតែមួយគត់របស់យន្តហោះ អាមេរិក នៅឥណ្ឌូចិន។ ចាប់ពីខែកុម្ភៈ ដល់ខែសីហា ឆ្នាំ១៩៧៣ គ្រាប់បែកប្រមាណជាង៥០ម៉ឺនតោន ត្រូវបានយន្តហោះអាមេរិកទម្លាក់លើទឹកដីកម្ពុជា។ ប៉ុន្តែ ការទម្លាក់គ្រាប់បែកនេះ ប៉ះលើជនស៊ីវិលស្លូតត្រង់ ច្រើនជាងលើទាហានខ្មែរក្រហម។
នៅដើមខែសីហា ឆ្នាំ១៩៧៣ ដោយទទួលរងនូវសម្ពាធពីសំណាក់សភា និងពីមតិសាធារណៈអាមេរិក ប្រធានាធិបតី Richard Nixon ក៏បានសម្រេចបញ្ឈប់ការទម្លាក់គ្រាប់បែកនៅកម្ពុជា។
អាមេរិកដក ខ្មែរក្រហមចូល
ចាប់ ពីពេលនេះទៅ សង្រ្គាមនៅកម្ពុជាគឺជាសង្រ្គាមរវាងទាហានខ្មែរក្រហម និងទាហានលន់ណុលសុទ្ធសាធ ដោយគ្មានទ័ពអាមេរិកមកឡូកឡំទៀតទេ។
មក ទល់នឹងពេលនោះ កងទ័ពខ្មែរក្រហមបានកាន់កាប់ទឹកដីកម្ពុជាមួយភាគធំទៅហើយ។ សូម្បីតែ ក្រុងភ្នំពេញក៏ត្រូវទាហានខ្មែរក្រហមព័ទ្ធជិតដែរ។ ខ្មែរក្រហមបានចាប់ផ្តើមអនុវត្តនយោបាយបដិវត្តន៍របស់ពួកគេ ដូចជាការបង្កើតសហករណ៍ ការលុបបំបាត់លុយកាក់ និងកម្មសិទ្ធិឯកជនជាដើម នៅតាមតំបន់ដែលពួកគេកាន់កាប់ ដែលគេឲ្យឈ្មោះថា “តំបន់រំដោះ”។
នៅថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៥ ទីក្រុងភ្នំពេញក៏បានធ្លាក់ក្នុងដៃ ទាហានខ្មែរក្រហម៕
អត្ថបទចុះផ្សាយកាលពីថ្ងៃទី 07/11/2008 កែប្រែលើកចុងក្រោយកាលពីថ្ងៃទី 06/12/2008 15:34 ម៉ោងសកល
ក្រោយ ពីសន្និសីទក្រុងហ្សឺណែវ ឆ្នាំ១៩៥៤ ពួកកម្មុយនិស្តខ្មែរ ដែលមានប្រភពចេញពីបក្សកុម្មុយនិស្តឥណ្ឌូចិនលែងមានសិទ្ធិកាន់ អាវុធ ដើម្បីប្រឆាំងនឹងរដ្ឋាភិបាលទៀតហើយ។ ពួកកម្មុយនិស្តខ្មែរប្រមាណពាក់កណ្តាលបានភៀសខ្លួនទៅប្រទេស វៀតណាម។ ចំណែកមួយផ្នែកដែលនៅសេសសល់បានសម្រេចបន្តការតស៊ូនៅក្នុងប្រទេស កម្ពុជាជាបន្តទៀត។ តែលើកនេះ គឺជាការតស៊ូផ្នែកនយោបាយ។ការតស៊ូតាមផ្លូវនយោបាយដែលមិនបានផល
នៅទីក្រុងភ្នំពេញ ក្រុមខ្មែរកុម្មុយនីស្តបានបើកការតស៊ូផ្នែកនយោបាយ ដោយកំណត់យកយុទ្ធសាស្រ្តជាការតស៊ូតាមបីមុខសញ្ញា។
ទីមួយ ពួកគេបានបង្កើតគណបក្សស្របច្បាប់មួយ ឈ្មោះថា "ប្រជាជន" ដើម្បីត្រៀមខ្លួនចូលរួមក្នុងការបោះឆ្នោតជាតិ នៅឆ្នាំ១៩៥៥។ ខ្មែរកុម្មុយនិស្តមួយក្រុមបានធ្វើសកម្មភាពជាចំហរ ក្នុងឋានៈជាសមាជិករបស់បក្សប្រជាជន។
ចំណែកក្រុមទីពីរវិញ ទៅប្រកបមុខរបរជាគ្រូបង្រៀន អ្នកនិពន្ធ ឬអ្នកកាសែតជាដើម ដោយលាក់មិនឲ្យគេដឹងថាពួកគេជាសមាជិករបស់បក្សកុម្មុយនិស្តនោះទេ។ ក្រុមនេះមានភារកិច្ចធ្វើការឃោសនាជាសម្ងាត់ ដើម្បីរើសសមាជិកថ្មីឲ្យចូលបក្ស និងបង្កើតជាសាខាបក្សតូចៗនៅតាមកន្លែងដែលពួកគេធ្វើការ។ ពួកកុម្មុយនិស្តថែមទាំងបានបង្កើតវិទ្យាល័យឯកជនមួយផ្ទាល់ខ្លួនទៀតផង ដោយដាក់ឈ្មោះថា "វិទ្យាល័យកម្ពុជបុត្រ"។
ចំណែកក្រុមទីបី ពួកគេចូលទៅបង្កប់ខ្លួនក្នុងចលនាសង្គមរាស្រ្តនិយមរបស់សម្តេច នរោត្តម សីហនុ។
ក៏ប៉ុន្តែ នៅគ្រប់ការបោះឆ្នោតទាំងអស់ ទាំងការបោះឆ្នោតឆ្នាំ១៩៥៥ និងការបោះឆ្នោតក្រោយៗមកទៀត បក្សប្រជាជន បានទទួលបរាជ័យ ដោយរកអាសនៈនៅក្នុងសភាជាតិ សូម្បីតែមួយក៏មិនបានផង។ លើកលែងតែខ្មែរកុម្មុយនិស្តបីនាក់ ដែលជ្រកក្រោមផ្លាកសង្គមរាស្រ្តនិយមប៉ុណ្ណោះដែលបានជាប់ឆ្នោតជាតំណាងរាស្រ្ត។ អ្នកទាំងបីនាក់នោះ រួមមាន ហ៊ូ នឹម និង ហ៊ូ យន់ ជាប់ឆ្នោតនៅឆ្នាំ១៩៥៨ ហើយ ខៀវ សំផន បានជាប់ឆ្នោតនៅឆ្នាំ១៩៦២។
មូលហេតុនៃបរាជ័យនៃបក្សប្រជាជនក្នុងការបោះឆ្នោត
បរាជ័យរបស់ពួកកុម្មុយនិស្តនៅក្នុងការបោះឆ្នោតជាតិនេះបណ្តាលមកពីកត្តាធំៗបី៖
ទីមួយ ចលនាកុម្មុយនីស្តនៅកម្ពុជាក៏ដូចជានៅប្រទេសផ្សេងៗទៀតដែរ បានទទួលនូវការគាំទ្រពីសំណាក់ប្រជាជន ដោយសារតែពួកគេប្រយុទ្ធប្រឆាំងនឹងអាណានិគម។ ក្រោយពេលដែលបារាំងបានផ្តល់ឯករាជ្យដល់កម្ពុជា ការតស៊ូរបស់ពួកកុម្មុយនិស្តក៏លែងមានន័យតទៅទៀត។ កុំថាឡើយតែប្រជាជនកម្ពុជាទូទៅ សូម្បីតែសមាជិកចលនាកម្មុយនិស្តខ្មែរខ្លួនឯង ក៏បានចោទជាសំនួរខ្លួនឯងដែរ ថាតើពួកគេតស៊ូដើម្បីអ្វីទៀត បើពេលនេះបារាំងលែងកាន់កាប់ប្រទេសកម្ពុជាទៀតហើយនោះ?
ទីពីរ នៅឆ្នាំ១៩៥៥ សៀវ ហេង ដែលជាអគ្គលេខាបក្សប្រជាជនបដិវត្តន៍ខ្មែរបានចុះចូលដោយសម្ងាត់ជាមួយសម្តេច នរោត្តម សីហនុ។ សៀវ ហេង ក៏បានក្លាយជារនុកក្នុងរបស់សម្តេច នរោត្តម សីហនុ ដោយនៅបន្តកាន់តំណែងកំពូលរបស់ បក្សប្រជាជនបដិវត្តន៍ខ្មែរនេះដដែល រហូតដល់ឆ្នាំ១៩៥៩។ យោងតាមលោកស្រី Elizabeth Becker ក្នុងកំឡុងពេលនោះ សៀវ ហេង បានផ្តល់ព័ត៌មានសម្ងាត់ជាច្រើនទាក់ទងនឹងចលនាកម្មុយនិស្តខ្មែរ ដែលជួយឲ្យកងកម្លាំងប្រដាប់អាវុធរបស់រដ្ឋាភិបាល ធ្វើការបំបែកសំបុកសម្ងាត់របស់ពួកកម្មុយនិស្ត។
កត្តាទីបី ដែលនាំឲ្យបក្សប្រជាជនទទួលបរាជ័យក្នុងការបោះឆ្នោតជាតិ គឺការធ្វើទុក្ខបុកម្នេញពីសំណាក់អាជ្ញាធររដ្ឋាភិបាលសង្គមរាស្រ្តនិយម។ នៅរាល់ពេលធ្វើការឃោសនាបោះឆ្នោតម្តងៗ សមាជិកបក្សប្រជាជនជាច្រើននាក់ រួមទាំងបេក្ខជនតំណាងរាស្រ្តផង ត្រូវបានប៉ូលីសចាប់ខ្លួន ហើយសមាជិកខ្លះទៀតត្រូវគេលបធ្វើឃាត។ រហូតដល់មានពេលខ្លះ ដូចជានៅឆ្នាំ១៩៥៨ ជាដើម កែវ មាស ដែលជាបេក្ខជនតែមួយគត់របស់បក្សប្រជាជន ត្រូវបង្ខំចិត្តលាក់ខ្លួន មិនហ៊ានទាំងចេញមកធ្វើយុទ្ធនាការឃោសនាបោះឆ្នោតផង។
ទោះជាយ៉ាងនេះក៏ដោយ ក្រុមខ្មែរកុម្មុយនិស្តនៅតែបន្តការតស៊ូផ្នែកនយោបាយរបស់ខ្លួនតទៅទៀត។ សូម្បីតែក្រោយពីបានបង្កើតបក្សពលករកម្ពុជា នៅឆ្នាំ១៩៦០ ហើយក៏ដោយ ក៏ពួកកុម្មុយនិស្តបានសម្រេចបន្តរក្សាទុកបក្សប្រជាជន ដើម្បីចូលរួមការបោះឆ្នោតម្តងទៀត នៅឆ្នាំ១៩៦២។
រហូតដល់ឆ្នាំ១៩៦៧ ទើបពួកខ្មែរកុម្មុយនិស្តសម្រេចចិត្តចាប់យកការតស៊ូដោយប្រដាប់អាវុធវិញម្តង៕
ដំណើរឆ្ពោះទៅការតស៊ូដោយប្រដាប់អាវុធ
អត្ថបទចុះផ្សាយកាលពីថ្ងៃទី 10/11/2008 កែប្រែលើកចុងក្រោយកាលពីថ្ងៃទី 06/12/2008 15:05 ម៉ោងសកល
ដោយ ទទួលបរាជ័យម្តងហើយម្តងទៀតក្នុងការតស៊ូផ្នែកនយោបាយ ពួកខ្មែរកុម្មុយនិស្តបានសម្រេចចិត្តចាកចេញពីឆាកនយោបាយ នៅឆ្នាំ១៩៦២។ នោះហើយជាចំនុចចាប់ផ្តើមនៃផ្លូវទៅកាន់ការតស៊ូដោយប្រដាប់អាវុធ របស់ពួកគេ។
នៅឆ្នាំ១៩៦២ មេដឹកនាំរបស់បក្ស
ប្រជាជន ស្ទើរ តែទាំងអស់ត្រូវបានអាជ្ញាធរកម្ពុជាចាប់ខ្លួន និងផ្តន្ទាទោសឲ្យជាប់គុកអស់មួយជីវិត ក្នុងនោះរួមមានមេដឹកនាំសំខាន់ៗ ដូចជា កែវ មាស និង នន សួន ផងដែរ។ បក្សពលករកម្ពុជា ក៏បានសម្រេចចិត្តរំលាយ បក្សប្រជាជន ចោល ដែលជាហេតុនាំឲ្យពួកកុម្មុយនិស្តលែងមានឧបករណ៍សម្រាប់ធ្វើការតស៊ូផ្នែកនយោបាយទៀតហើយ។ទូ សាមុត បាត់ខ្លួន សាឡុត ស ឡើងមកជំនួស
ក្នុងពេលជាមួយគ្នា រចនាសម្ព័ន្ធរបស់បក្សពលករកម្ពុជាបានជួបនឹងរបត់មួយយ៉ាងសំខាន់។ ទូ សាមុត ដែលជាលេខាបក្ស បានបាត់ខ្លួនដោយមិនដឹងមូលហេតុ។ យោងតាម Ben Kiernan សាឡុត ស និងបក្ខពួកអាចមានជាប់ទាក់ទងនឹងការបាត់ខ្លួនរបស់ ទូ សាមុត នេះ។ នៅក្នុងមហាសន្និបាតខែកុម្ភៈ ឆ្នាំ១៩៦៣ សាឡុត ស ត្រូវបានជ្រើសតាំងឲ្យធ្វើជាអគ្គលេខាធិការបក្សជំនួស ទូ សាមុត។ នួន ជា ជាមេដឹកនាំ លំដាប់ទីពីរ។ ឯ អៀង សារី ក៏ឡើងជាមេដឹកនាំលំដាប់ទីបីក្នុងបក្ស។ សោ ភឹម វ៉ន វេត សុន សេន និង ជួន ជឿន ហៅ ម៉ុក ស្ថិតក្នុងចំនោមសមាជិកទាំង១២រូប នៃគណៈកម្មាធិការមជ្ឈិមបក្សនេះ។ ចំណែកអតីតមេដឹកនាំចាស់ៗ ដូចជា នន សួន និង កែវ មាស ជាដើម ត្រូវបានគេផាត់ចេញពីរចនាសម្ព័ន្ធថ្មីនេះ។
មេដឹកនាំខ្មែរក្រហមរត់ចូលព្រៃ
នៅ ក្នុងឆ្នាំជាមួយគ្នានោះ មានបាតុកម្មហិង្សាមួយកើតឡើងនៅខេត្តសៀមរាប។ បាតុករដែលជាសិស្ស និងនិស្សិតបានធ្វើការរិះគន់យ៉ាងខ្លាំងក្លាដល់រដ្ឋាភិបាលសង្គម រាស្រ្តនិយម និងសម្តេច នរោត្តម សីហនុ។ បាតុករថែមទាំងបានដុតព្រះឆាយាល័ក្ខណ៍របស់ព្រះអង្គទៀតផង។ សម្តេច នរោត្តម សីហនុ បានចោទប្រកាន់ពួកកុម្មុយនិស្តថាស្ថិតនៅពីក្រោយបាតុកម្មនេះ។ សម្តេច នរោត្តម សីហនុ ក៏បានប្រកាសរំលាយរដ្ឋាភិបាលចោល ដោយលើកហេតុផលថា បើមតិសាធារណៈគាំទ្រពួកឆ្វេងនិយមដូចនេះ ឲ្យពួកឆ្វេងនិយមមកបង្កើតរដ្ឋាភិបាលខ្លួនឯងម្តងវិញ។ ព្រះអង្គបានចុះផ្សាយបញ្ជីឈ្មោះឥស្សរជននយោបាយឆ្វេងនិយមចំនួន៣៤រូប ដែលព្រះអង្គចង់ឲ្យបង្កើតរដ្ឋាភិបាលថ្មីនេះ។ ក្នុងចំនោម៣៤រូបនេះ ក៏រួមមានទាំងមេដឹកនាំជាន់ខ្ពស់របស់បក្សពលករកម្ពុជាផងដែរ។ ក៏ប៉ុន្តែ មិនមានអ្នកណាម្នាក់ហ៊ានចេញមកតាមការអំពាវនាវនេះទេ ដោយខ្លាចថានេះគឺជាអន្ទាក់របស់សម្តេច នរោត្តម សីហនុ ឲ្យពួកគេបង្ហាញមុខ ដើម្បីលបសម្លាប់ពួកគេចោល។ នៅពេលនោះ សាឡុត ស និង អៀង សារី ក៏ រត់ចេញពីក្រុងភ្នំពេញ ទៅលាក់ខ្លួនក្នុងព្រៃនៅក្នុងស្រុកក្រូចឆ្មារ ខេត្តកំពង់ចាម នៅកន្លែងមួយដែលមានឈ្មោះសម្ងាត់ថា ការិយាល័យ១០០ ស្ថិតក្រោមការការពាររបស់វៀតណាម។
សាឡុត ស ទៅទស្សនកិច្ចនៅវៀតណាម និងចិន
នៅកំឡុងចុងឆ្នាំ១៩៦៤ ដើមឆ្នាំ១៩៦៥ សាឡុត ស និងមេដឹកនាំបក្សមួយចំនួនទៀត បានធ្វើដំណើរដោយថ្មើរជើង ចាកចេញពីការិយាល័យ១០០ ឆ្ពោះទៅក្រុងហាណូយ។ ក្រៅពីជួបជាមួយក្រុមខ្មែរកុម្មុយនិស្តមួយចំនួន នៅទីនោះ សាឡុត ស ក៏ បានជួបចរចាដោយសម្ងាត់ជាមួយមេដឹកនាំកុម្មុយនិស្តវៀតណាមផងដែរ អំពីផែនការតស៊ូដោយប្រដាប់អាវុធប្រឆាំងនឹងរដ្ឋាភិបាល សង្គមរាស្រ្តនិយម។ ក៏ប៉ុន្តែ មេដឹកនាំកុម្មុយនិស្តវៀតណាមបានជំទាស់នឹងផែនការនេះ។
ចេញពីក្រុងហាណូយ សាឡុត ស បាន បន្តដំណើរទៅកាន់ក្រុងប៉េកាំង និងក្រុងព្យុងយ៉ាងទៀត។ ប៉ុន្តែដំណើរនេះធ្វើឡើងដោយលាក់ការណ៍បំផុត។ គេមិនបានដឹងទេថាតើ សាឡុត ស បានជជែក អំពីអ្វីខ្លះជាមួយមេដឹកនាំបក្សកុម្មុយនិស្តចិននោះទេ។ ប៉ុន្តែ បើមើលទៅលើបរិបទនយោបាយនៅពេលនោះ និងឥរិយាបថរបស់ សាឡុត ស ពេលវិលត្រលប់មកកម្ពុជាវិញ គេអាចសន្និដ្ឋានបានថា ចិនប្រហែលជាគាំទ្រនយោបាយរបស់ សាឡុត ស ច្រើន ជាងវៀតណាម។ ចិនដែលនៅពេលនោះកំពុងតែមានទំនាក់ទំនងតានតឹងខ្លាំងជាមួយសហភាព សូវៀត ឆ្លៀតបង្កើនឥទ្ធិពលលើពួកកុម្មុយនិស្តខ្មែរ ប្រជែងជាមួយនឹងវៀតណាម ដែលជាសម្ព័ន្ធមិត្តរបស់សូវៀត។
"បក្សពលករកម្ពុជា" ប្តូរឈ្មោះទៅជា "បក្សកុម្មុយនិស្តកម្ពុជា"
ក្រោយពី សាឡុត ស ត្រលប់ពីចិន មកការិយាល័យ១០០ វិញ បក្សពលករកម្ពុជាក៏ចាប់ផ្តើមបង្ហាញនូវនយោបាយឯករាជ្យម្ចាស់ការ ដាច់ចេញពីវៀតណាមកាន់តែខ្លាំងឡើងៗ។ នៅខែកញ្ញា ឆ្នាំ១៩៦៦ បក្សពលករកម្ពុជាថែមទាំងត្រូវបានប្តូរឈ្មោះទៅជា បក្សកុម្មុយនិស្តកម្ពុជា ទៀត ផង ដើម្បីបង្ហាញឲ្យកាន់តែច្បាស់ថា បក្សនេះមិនជាប់ពាក់ព័ន្ធនឹងវៀតណាម។ គួររំលឹកថា បក្សពលករកម្ពុជា មានប្រភពចេញពីបក្សប្រជាជនបដិវត្តន៍ខ្មែរ ដែលបែកចេញពីបក្សកុម្មុយនិស្តឥណ្ឌូចិន។ ទីតាំងធំរបស់ពួកខ្មែរក្រហម ក៏ត្រូវបានរើចេញពីការិយាល័យ១០០ ទៅតាំងនៅក្នុងខេត្តរតនគិរីវិញ ហើយដាក់ឈ្មោះថា ការិយាល័យ១០២ ។
ពួក ខ្មែរក្រហម ដែលបានបោះបង់ចោលការតស៊ូផ្នែកនយោបាយតាំងពីឆ្នាំ១៩៦២មកនោះ បានបង្កើនការវាយប្រហារកាន់តែខ្លាំងឡើងទៅលើរដ្ឋាភិបាល សង្គមរាស្រ្តនិយម។ ប៉ុន្តែ ពួកគេនៅមិនទាន់សម្រេចបើកការតស៊ូប្រដាប់អាវុធនៅឡើយទេ។ រហូតដល់ឆ្នាំ១៩៦៧ ដែលកើតមានការបះបោរនៅសំឡូត ទើបពួកខ្មែរក្រហមឈានចូលដល់ដំណាក់កាលតស៊ូប្រដាប់អាវុធ៕
ការចាប់ផ្តើមការតស៊ូដោយប្រដាប់អាវុធ
អត្ថបទចុះផ្សាយកាលពីថ្ងៃទី 10/11/2008 កែប្រែលើកចុងក្រោយកាលពីថ្ងៃទី 06/12/2008 14:35 ម៉ោងសកល
ក្រុម ខ្មែរកុម្មុយនិស្តបានចាកចេញពីឆាកនយោបាយ នៅឆ្នាំ១៩៦២។ ប្រាំឆ្នាំក្រោយមក ក្រោយពីមានព្រឹត្តិការណ៍បះបោរ នៅស្រុកសំឡូត ពួកគេក៏បានសម្រេចចិត្តចាប់យកការតស៊ូប្រដាប់អាវុធវិញ។
នយោបាយរដ្ឋាភិបាលក្នុងការប្រមូលទិញផលស្រូវ
មូលហេតុដែលនាំឲ្យមានការបះបោរនៅសំឡូត នៅឆ្នាំ១៩៦៧ គឺកើតចេញពីនយោបាយរបស់រដ្ឋាភិបាលក្រុងភ្នំពេញ ក្នុងការប្រមូលទិញផលស្រូវពីប្រជាកសិករ។
នៅ ចន្លោះឆ្នាំ១៩៦៥ និងឆ្នាំ១៩៦៦ កសិករខ្មែរបានលួចលក់ស្រូវទៅឲ្យកងទ័ពវៀតណាមខាងជើងដែលឲ្យថ្លៃ ខ្ពស់ជាងរដ្ឋាភិបាល ដែលជាហេតុនាំឲ្យរដ្ឋាភិបាលបាត់បង់ប្រាក់ចំណូលមួយផ្នែកធំ ដែលបានមកពីការនាំចេញស្រូវ។
នៅឆ្នាំ១៩៦៦ រដ្ឋាភិបាលបានដាក់ចេញនូវបទបញ្ជាដាច់ខាតឲ្យប្រជាកសិករលក់ស្រូវ ជូនរដ្ឋ ហើយថែមទាំងបញ្ជូនកងកម្លាំងប្រដាប់អាវុធឲ្យចុះទៅប្រមូលទិញស្រូវ នៅតាមទីជនបទទៀតផង។
នៅឆ្នាំ១៩៦៧ លន់ ណុល ដែលជានាយករដ្ឋមន្រ្តី បានបញ្ជាឲ្យកងកម្លាំងប្រដាប់អាវុធផ្តោតការប្រមូលទិញស្រូវនៅ ក្នុងខេត្តបាត់ដំបង ដែលជាជង្រុកស្រូវយ៉ាងធំរបស់ប្រទេសកម្ពុជា។ មិនយូរប៉ុន្មានការប្រឈមមុខគ្នារវាងកងកម្លាំងរដ្ឋាភិបាល និងប្រជាកសិករនៅខេត្តបាត់ដំបងក៏បានកើតមានឡើង។ ពួកសកម្មជនកុម្មុយនិស្តប្រចាំខេត្តបាត់ដំបង ក៏បានឆ្លៀតពេលនោះជម្រុញការបះបោរឲ្យកាន់តែខ្លាំងឡើងថែមទៀត ដោយបានបាចខិត្តប័ណ្ណចោទរដ្ឋាភិបាលថា ប្រមូលទិញស្រូវ ដើម្បីយកទៅលក់ឲ្យអាមេរិក។
កសិករបះបោរប្រឆាំងនឹងការប្រមូលទិញស្រូវ
នៅ ថ្ងៃទី២ មេសា ឆ្នាំ១៩៦៧ ការបះបោរដ៏ធំមួយក៏បានកើតឡើងនៅស្រុកសំឡូត ក្នុងខេត្តបាត់ដំបង។ ប្រជាជនប្រមាណ២០០នាក់ ដោយមានកាន់បដាប្រឆាំងនឹងរដ្ឋាភិបាលផងនោះ បានធ្វើការវាយប្រហារលើទីតាំងរដ្ឋាភិបាលមួយនៅសំឡូត។ ក្រុមបះបោរបានសម្លាប់ទាហានរដ្ឋាភិបាលចំនួនពីរនាក់ ហើយដណ្តើមយកបានកាំភ្លើងមួយចំនួនផង។ ភាពចលាចលនេះបានរាលដាលទៅភូមិផ្សេងៗទៀតនៅក្បែរនោះ រហូតដល់មានការបង្រ្កាបពីទាហានរដ្ឋាភិបាល។ ក្រុមបះបោរមួយចំនួនត្រូវបានប៉ូលីសចាប់ខ្លួន និងវាយដំសួរចម្លើយ។ ចំណែកមួយចំនួនទៀតបានរត់គេចខ្លួនចូលទៅក្នុងព្រៃ។
នៅភ្នំពេញឯណោះវិញ សម្តេច នរោត្តម សីហនុ បានចោទប្រកាន់ ខៀវ សំផន ហ៊ូ យន់ និងហ៊ូ នឹម ថា ជាអ្នកនៅពីក្រោយអំពើបះបោរនៅសំឡូតនេះ ហើយថែមទាំងគម្រាមថានឹងឲ្យតុលាការសឹកកាត់ទោសអ្នកទាំងបីនេះទៀត ផង។ ខ្មែរកុម្មុយនិស្តទាំងបីនាក់នេះក៏បានលួចរត់ចេញពីភ្នំពេញ ដើម្បីគេចចេញពីការកាត់ទោសនេះ។ ក្រោយមក លន់ ណុល បានអះអាងថា ជនកុម្មុយនិស្តទាំងបីនាក់នេះបានស្លាប់បាត់ទៅហើយ។ ហេតុដូចនេះហើយបានជាពេលដែល ខៀវ សំផន ហ៊ូ យន់ និង ហ៊ូ នឹម លេចមុខសាជាថ្មីនៅក្នុងចំនោមមេដឹកនាំខ្មែរក្រហម គេបានហៅអ្នកទាំងបីនាក់នេះថាជា ខ្មោចទាំងបី។
ខ្មែរក្រហមនៅពីក្រោយការបះបោរនៅសំឡូត?
យោងតាមលោក David Chandler ក្នុងសៀវភៅដែលមានចំណងជើងថា “បងទី១ ប៉ុល ពត” ពួក មេដឹកនាំខ្មែរក្រហមមិនមែនជាអ្នកនៅពីក្រោយអំពើបះបោរនៅសំឡូតនេះ ទេ។ ពួកគេមិនទាំងបានដឹងជាមុនផងថានឹងមានអំពើបះបោរបែបនេះកើតឡើង។ ដំណឹងអំពីការបះបោរនេះបានធ្វើឲ្យមេដឹកនាំខ្មែរក្រហមមានការសប្បាយ ចិត្តយ៉ាងខ្លាំង ដោយពួកគេបានមើលឃើញកាន់តែច្បាស់នូវកម្លាំងបដិវត្តន៍របស់ប្រជាជន កម្ពុជា។
ក្នុងពេលជាមួយគ្នា ប្រតិបត្តិការតាមកម្ទេចក្រុមបះបោរ ពីសំណាក់ទាហានរដ្ឋាភិបាលក៏បានរាលដាលទៅដល់កន្លែងផ្សេងៗទៀត ធ្វើឲ្យពួកកុម្មុយនិស្តលែងមានកន្លែងណាជ្រកទៀតហើយ ក្រៅពីរត់ចូលក្នុងព្រៃ។
សាឡុត ស និងមេដឹកនាំផ្សេងៗទៀតនៃបក្សកុម្មុយនិស្តកម្ពុជា ក៏ បានសម្រេចចិត្តថា ពួកគេលែងមានជម្រើសអ្វីផ្សេងទៀតហើយ ក្រៅតែពីត្រៀមខ្លួនបើកការតស៊ូដោយប្រដាប់អាវុធ ដើម្បីបន្តបដិវត្តន៍របស់ពួកគេតទៅទៀត។
ការចាប់ផ្តើមនៃការតស៊ូដោយអាវុធ
នៅ ថ្ងៃទី១៧ ខែមករា ឆ្នាំ១៩៦៨ ក្រុមខ្មែរក្រហមមួយក្រុមបានបើកធ្វើការវាយប្រហារលើទីតាំងទាហាន រដ្ឋាភិបាលមួយកន្លែង ស្ថិតក្នុងស្រុកបាណន់ ខេត្តបាត់ដំបង ដោយដណ្តើមបានកាំភ្លើង៣២ដើម។ ពួកខ្មែរក្រហមបានអបអរសាទជោគជ័យរបស់ពួកគេ ដោយកំណត់យកថ្ងៃនេះជាការចាប់ផ្តើមនៃការតស៊ូប្រដាប់អាវុធរបស់ ខ្លួន និងជាថ្ងៃបង្កើតកងទ័ពបដិវត្តន៍។ ក្រោយមកការវាយឆ្មក់បែបនេះក៏បានកើតឡើងនៅតាមបណ្តាខេត្តមួយ ចំនួនផ្សេងទៀតក្រៅពីខេត្តបាត់ដំបង។
ទោះជា យ៉ាងនេះក៏ដោយ ចាប់ពីឆ្នាំ១៩៦៨ ដល់ឆ្នាំ១៩៧០ កងទ័ពខ្មែរក្រហមគ្រាន់តែជាកងឧទ្ទាមតូចតាចមួយប៉ុណ្ណោះ ហើយមិនសូវទាំងមានអាវុធយុទ្ធភ័ណ្ឌអ្វីធំដុំប៉ុន្មានផងទេ។ យោងតាមការប៉ាន់ស្មានរបស់ភ្នាក់ងារចារកិច្ចអាមេរិក នៅមុនរដ្ឋប្រហារឆ្នាំ១៩៧០ ខ្មែរក្រហមមានទ័ពមិនដល់៣ពាន់នាក់ ផង។ ទ័ពទាំងនោះសោតក៏មិនទទួលបានការហ្វឹកហ្វឺនត្រឹមត្រូវដែរ។ ការវាយឆ្មក់ទៅលើទាហានរដ្ឋាភិបាល ពីសំណាក់ពួកខ្មែរក្រហម ច្រើនតែធ្វើឡើងក្នុងទ្រង់ទ្រាយតូច និងទៅលើទីតាំងរដ្ឋាភិបាលណាដែលមិនសូវសំខាន់ប៉ុណ្ណោះ។ រដ្ឋប្រហារ ទម្លាក់សម្តេច នរោត្តម សីហនុ នៅឆ្នាំ១៩៧០ គឺជារបត់ដ៏សំខាន់មួយសម្រាប់បដិវត្តន៍របស់ពួកខ្មែរក្រហម។
អត្ថបទចុះផ្សាយកាលពីថ្ងៃទី 11/12/2008 កែប្រែលើកចុងក្រោយកាលពីថ្ងៃទី 12/12/2008 15:04 ម៉ោងសកល
ចាប់តាំងពីឆ្នាំ១៩៧៣ ពួកខ្មែរក្រហមដណ្តើមកាន់កាប់ទឹកដីកម្ពុជាបានមួយផ្នែកធំ។ រដ្ឋាភិបាលសាធារណរដ្ឋខ្មែរបានប្រមូលផ្តុំកម្លាំងមកការពារទីក្រុង ភ្នំពេញ ដែលជាទីតាំងយុទ្ធសាស្រ្តចុងក្រោយ។
នៅថ្ងៃ ទី១៧ ខែមេសា ឆ្នាំ១៩៧៥ ទីក្រុងភ្នំពេញក៏បានធ្លាក់ក្នុងដៃទាហានខ្មែរក្រហម ហើយរបបសាធារណរដ្ឋខ្មែរក៏បានដួលរលំជាស្ថាពរ។ កម្ពុជាត្រូវស្ថិតក្រោមការគ្រប់គ្រងនៃរបបថ្មីមួយទៀត ដឹកនាំដោយពួកខ្មែរក្រហម។របបលន់ ណុលសល់តែក្រុងភ្នំពេញ
នៅក្នុងកំឡុងខែមិថុនា ឆ្នាំ១៩៧៤ មេដឹកនាំខ្មែរក្រហមបានជួបប្រជុំគ្នានៅខេត្តកំពង់ឆ្នាំង ដើម្បីពិភាក្សាអំពីផែនការវាយលុកចូលទីក្រុងភ្នំពេញ។ នៅពេលនោះ ផ្លូវចេញចូលក្រុងភ្នំពេញត្រូវបានកាត់ផ្តាច់អស់ទៅហើយ។ ការដឹកជញ្ជូនចេញចូលក្រុងភ្នំពេញអាចធ្វើទៅបានតែតាមផ្លូវទឹក និងផ្លូវអាកាសប៉ុណ្ណោះ។ នៅដើមឆ្នាំ១៩៧៥ ចរាចរណ៍តាមផ្លូវទឹកក៏ត្រូវបានកាត់ផ្តាច់ទៀត ដោយពួកខ្មែរក្រហមបានដាក់ពង្រាយមីនប្រឆាំងនាវា នៅតាមដងទន្លេរមេគង្គ។ ការដឹកជញ្ជូនស្បៀងចូលក្នុងក្រុងភ្នំពេញ ដើម្បីផ្គត់ផ្គង់ប្រជាជនដល់ទៅប្រមាណ២លាននាក់ អាចធ្វើទៅបានតែតាមផ្លូវអាកាសប៉ុណ្ណោះ។
ដោយមើលឃើញនូវលក្ខ័ណ្ឌ ដែលមានអំណោយផលបែបនេះ សាឡុត ស ក៏បានបញ្ជាទៅគ្រប់មេបញ្ជាការកងទ័ពខ្មែរក្រហមឲ្យប្រុងប្រៀបបើក ការវាយលុក ដើម្បីដណ្តើមកាន់កាប់ក្រុងភ្នំពេញ។ ក្នុងពេលជាមួយគ្នាគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តកម្ពុជាក៏ បានជួបប្រជុំគ្នា ដើម្បីពិភាក្សាអំពីផែនការដែលត្រូវធ្វើ ក្រោយពីដណ្តើមកាន់កាប់ក្រុងភ្នំពេញបានហើយ។ នៅពេលនោះហើយ ដែលពួកមេដឹកនាំខ្មែរក្រហមបានសម្រេចថានឹងជម្លៀសប្រជាជនចេញពី ភ្នំពេញ និងក្រុងធំៗមួយចំនួនផ្សេងទៀត ដែលស្ថិតក្រោមការគ្រប់គ្រងរបស់របបលន់ ណុល។ សម្រាប់ពួកខ្មែរក្រហម អ្នកណាក៏ដោយដែលមិនបានចូលរួមធ្វើបដិវត្តន៍ជាមួយពួកគេ ត្រូវចាត់ទុកថាជា “ខ្មាំង” ទាំងអស់។
“ទឹកឡើងត្រីស៊ីស្រមោច ទឹកហោចស្រមោចស៊ីត្រី”
សេនាប្រមុខលន់ ណុល ប្រធានាធិបតីសាធារណរដ្ឋខ្មែរ
សេនាប្រមុខលន់ ណុល ប្រធានាធិបតីសាធារណរដ្ឋខ្មែរ
រដ្ឋាភិបាលរួបរួមជាតិកម្ពុជា បានកាត់ទោសប្រហារជីវិតឥស្សរជន៧រូបនៃរបបសាធារណៈរដ្ឋខ្មែរ ពីបទក្បត់ជាតិ។ ក្នុងចំនោម៧រូបនោះរួមមាន លន់ ណុល សិរិមតៈ អ៊ិន តាំ ចេង ហេង Sosthène Fernandez
លន់ ណុន (ប្អូនប្រុសរបស់លន់ ណុល) និង ឡុង បូរ៉េត។
នៅដើមខែមេសា ឆ្នាំ១៩៧៥ ទាហានខ្មែរក្រហមបានចាប់ផ្តើមធ្វើការបាញ់ផ្លោងលើព្រលានយន្តហោះ ក្រុងភ្នំពេញ ដែលជាហេតុបណ្តាលឲ្យការដឹកជញ្ជូនតាមផ្លូវអាកាសចេញចូលក្រុង ភ្នំពេញក៏ត្រូវបានកាត់ផ្តាច់ទៀត។
នៅសហរដ្ឋអាមេរិកឯណោះវិញ ប្រធានាធិបតី Gerald Ford ដែលបានឡើងមកជំនួសតំណែង លោក Richard Nixon កាល ពីខែសីហា ឆ្នាំ១៩៧៤ បានព្យាយាមស្នើសុំឲ្យសភាអាមេរិកផ្តល់ជំនួយបន្ថែមទៀតដល់ រដ្ឋាភិបាលលន់ ណុល។ ក៏ប៉ុន្តែ សភាអាមេរិកបានច្រានចោលសំណើនេះ។
ថ្ងៃទី១២ មេសា មន្រ្តី និងបុគ្គលិកបម្រើការនៅក្នុងស្ថានទូតអាមេរិកប្រចាំក្រុងភ្នំពេញក៏ បានចាកចេញពីប្រទេសកម្ពុជាតាមឧទ្ធម្ភាចក្រ។ ចំណែក លន់ ណុល និងក្រុមគ្រួសារវិញ បានចាកចេញពីភ្នំពេញតាំងពីថ្ងៃទី១ មេសា ម្ល៉េះ។
ថ្ងៃទី១៣ មេសា ព្រលានយន្តហោះអន្តរជាតិពោធិចិនតុងបានធ្លាក់ក្នុងដៃទាហានខ្មែរ ក្រហម។ ពីរថ្ងៃក្រោយមកទៀត ទាហានខ្មែរក្រហមនៅប៉ែកខាងកើតក៏ដណ្តើមកាន់កាប់បានក្រុងតាខ្មៅ។ ខ្សែក្រវ៉ាត់ការពារក្រុងភ្នំពេញក៏បានដួលរលំ។
យោងតាមលោកស្រី Elizabeth Beckher នៅ ថ្ងៃទី១៦ មេសា រដ្ឋាភិបាលក្រុងភ្នំពេញ ដែលកំពុងស្ថិតក្នុងភាពទ័លច្រក ក៏បានផ្ញើទូរលេខមួយច្បាប់ថ្វាយសម្តេច នរោត្តម សីហនុ ដែលកំពុងគង់នៅក្រុងប៉េកាំង ប្រទេសចិន ស្នើសុំឲ្យមានបទឈប់បាញ់បន្ទាន់មួយ ជាថ្នូរនឹងការថ្វាយអំណាចដល់ព្រះអង្គវិញ។ ប៉ុន្តែ សំណើនេះត្រូវបានសម្តេច នរោត្តម សីហនុ ច្រានចោល។
១៧មេសា មហាជោគជ័យ ប្រជាប្រុសស្រីចាកក្រុងចូលស្រែ
នៅព្រឹកថ្ងៃទី១៧ មេសា ប្រមាណជាម៉ោង ៨ និង៣០នាទី មន្រ្តីជាន់ខ្ពស់មួយចំនួននៃរដ្ឋាភិបាលសាធារណៈរដ្ឋខ្មែរ បានប្រមូលផ្តុំគ្នានៅពហុកីឡាដ្ឋានជាតិអូឡាំពិច ក្នុងគម្រោងចាកចេញពីទីក្រុងភ្នំពេញតាមឧទ្ធម្ភាចក្រ។ ប៉ុន្តែ មានតែមេដឹកនាំប៉ុន្មានរូបប៉ុណ្ណោះ ដែលបានរត់ចេញពីទីក្រុងភ្នំពេញរួច។ មេដឹកនាំមួយចំនួនធំ ក្នុងនោះរួមមានទាំងនាយករដ្ឋមន្រ្តី ឡុង បូរ៉េត ផងដែរនោះ ត្រូវបានទាហានខ្មែរក្រហមចាប់ខ្លួន និងសម្លាប់ចោល។ អ្នកអង្គម្ចាស់ ស៊ីសុវត្ថិ សិរីមតៈ ដែលបានបដិសេធមិនព្រមចាកចេញពីប្រទេស ក៏ត្រូវបានពួកខ្មែរក្រហមសម្លាប់ចោល នៅថ្ងៃនោះដែរ។
ទាហានខ្មែរក្រហមចូលកាន់កាប់ទីក្រុងភ្នំពេញ ថ្ងៃទី១៧ មេសា ១៩៧៥(រូបថតឯកសារ៖ AFP)
ទាហានខ្មែរក្រហមចូលកាន់កាប់ទីក្រុងភ្នំពេញ ថ្ងៃទី១៧ មេសា ១៩៧៥
(រូបថតឯកសារ៖ AFP)
នៅម៉ោងប្រមាណ ១១ ព្រឹកថ្ងៃទី១៧ មេសា ឆ្នាំ១៩៧៥ ទាហានខ្មែរក្រហម បានធ្វើដំណើរចូលកាន់កាប់ទីក្រុងភ្នំពេញ ក្រោមការអបអរសាទរពីសំណាក់ប្រជាជនដែលរស់នៅទីនោះ។ ក៏ប៉ុន្តែ មិនយូរប៉ុន្មាន អំណរនឹងជ័យជំនះ អំណរនឹងការដែលសង្គ្រាមត្រូវបានបញ្ចប់នេះ ក៏បានរលាយបាត់បង់ទៅវិញ ក្រោយពេល ដែលទាហានខ្មែរក្រហមចាប់ផ្តើមបង្ខំឲ្យប្រជាជនចាកចេញភ្លាមៗពី ទីក្រុងភ្នំពេញ។ អ្នកដែលចចេសមិនព្រមធ្វើតាម ត្រូវទាហានខ្មែរក្រហមបាញ់សម្លាប់ចោល។
របបសាធារណៈរដ្ឋខ្មែរត្រូវបានដួលរលំជាស្ថាពរ ជំនួសមកវិញដោយរបបថ្មីមួយទៀត ដឹកនាំដោយ បក្សកុម្មុយនិស្តកម្ពុជា ឬខ្មែរក្រហម។
ផែនការ៨ចំណុច មហារុងរឿង មហាលោតផ្លោះ!
សាឡុត ស ហៅប៉ុល ពត លេខាបក្សកុម្មុយនិស្តកម្ពុជា
សាឡុត ស ហៅប៉ុល ពត លេខាបក្សកុម្មុយនិស្តកម្ពុជា
យោងតាមលោក Raoul Jennar
នៅចន្លោះពីថ្ងៃទី២០ ដល់ថ្ងៃទី២៥ ឧសភា ឆ្នាំ១៩៧៥ សាឡុត ស ដែលបានប្តូរឈ្មោះមកជា ប៉ុល ពត និង នួន ជា បានប្រកាសឲ្យដឹងនូវគោលនយោបាយសំខាន់ៗចំនួន៨ចំនុច នៃរបបគ្រប់គ្រងថ្មីនេះ។ គោលនយោបាយទាំងនោះរួមមាន៖
ទី១ ជម្លៀសប្រជាជនចេញពីទីក្រុង ហើយប្រជាជនត្រូវបែងចែកជាពីរប្រភេទ គឺប្រជាជនដែលរស់នៅក្នុងតំបន់រំដោះមុនថ្ងៃ១៧ មេសា ដែលគេឲ្យឈ្មោះថា “ប្រជាជនចាស់” និងប្រជាជនដែលទើបតែជម្លៀសចេញពីទីក្រុង ក្រោយថ្ងៃ១៧ មេសា ដែលគេឲ្យឈ្មោះថា “ប្រជាជនថ្មី” ឬ “ពួក១៧ មេសា”។
ទី២ លុបបំបាត់ចោលនូវសេដ្ឋកិច្ចទីផ្សារ។
ទី៣ លុបបំបាត់ចោលនូវការចាយលុយ។
ទី៤ ព្រះសង្ឃទាំងអស់ត្រូវចាប់ផ្សឹក ហើយបញ្ជូនឲ្យទៅធ្វើស្រែ។
ទី៥ សម្លាប់ចោលទាំងអស់រាល់មន្រ្តីដែលធ្វើការឲ្យរបបលន់ ណុល។
ទី៦ បង្កើតជាសហករណ៍នៅទូទាំងប្រទេស។
ទី៧ បណ្តេញជនជាតិវៀតណាមឲ្យអស់ពីប្រទេសកម្ពុជា។
ទី៨ ដាក់ពង្រាយកងទ័ពនៅតាមព្រំដែន ជាពិសេស ព្រំដែនវៀតណាម។
ក៏ប៉ុន្តែ មកទល់នឹងពេលនោះ របបកម្ពុជាប្រជាធិបតេយ្យ នៅមិនទាន់ត្រូវបានបង្កើតឡើងនៅឡើយទេ។ ពួកខ្មែរក្រហមនៅតែបន្តប្រើឈ្មោះ រាជរដ្ឋាភិបាលរួបរួមជាតិកម្ពុជាដដែល រហូតដល់ដើមឆ្នាំ១៩៧៦ ទើបរបប កម្ពុជាប្រជាធិបតេយ្យត្រូវបានបង្កើតឡើងជាផ្លូវការ៕
អត្ថបទចុះផ្សាយកាលពីថ្ងៃទី 03/01/2009 កែប្រែលើកចុងក្រោយកាលពីថ្ងៃទី 03/01/2009 13:17 ម៉ោងសកល
ពីខែមេសា ឆ្នាំ១៩៧៥ ដល់ខែមេសា ឆ្នាំ១៩៧៦ ខ្មែរក្រហមបានកាន់អំណាចក្រោមផ្លាករាជរដ្ឋាភិបាលរួបរួមជាតិកម្ពុជា ដែលកាលណោះ មានសម្តេច នរោត្តម សីហនុ ជាប្រមុខរដ្ឋ និង ប៉ែន នុត ជានាយករដ្ឋមន្រ្តី។
រាជរដ្ឋាភិបាលរួបរួមជាតិកម្ពុជាបាន បាត់ឈ្មោះចាប់ពីពេលដែលរដ្ឋាភិបាលកម្ពុជាប្រជាធិបតេយ្យត្រូវបាន បង្កើតឡើង នៅថ្ងៃទី១៤ ខែមេសា ឆ្នាំ១៩៧៦។នួន ជា អនុលេខាបក្ស និងជាប្រធានសភាកម្ពុជាប្រជាធិបតេយ្យ(រូបថតឯកសារ៖ Reuters)
នួន ជា អនុលេខាបក្ស និងជាប្រធានសភាកម្ពុជាប្រជាធិបតេយ្យ
យោងតាមរដ្ឋធម្មនុញ្ញ ដែលបានប្រកាសឲ្យប្រើ កាលពីថ្ងៃទី៥ ខែមករា ឆ្នាំ១៩៧៦ សភាតំណាងប្រជាជន គឺជាអំណាចនីតិបញ្ញត្តិនៃកម្ពុជាប្រជាធិបតេយ្យ។ សមាជិកសភា ដែលមាន២៥០រូបត្រូវជ្រើសរើសឡើងតាមរយៈការបោះឆ្នោតដោយផ្ទាល់ និងជាសម្ងាត់ សម្រាប់អណត្តិ៥ឆ្នាំ។ ប្រធានសភាតំណាងប្រជាជនកម្ពុជា នៃរបបកម្ពុជាប្រជាធិបតេយ្យ គឺនួន ជា។ ឈិត ជឿន ហៅម៉ុក គឺជាអនុប្រធានទីមួយ។
គណៈប្រធានរដ្ឋគឺជា ប្រមុខរដ្ឋកម្ពុជាប្រជាធិបតេយ្យ។ សម្តេច នរោត្តម សីហនុ ដែលជាប្រមុខរាជរដ្ឋាភិបាលរួបរួមជាតិកម្ពុជា បានបន្តកាន់តំណែងជាប្រមុខរដ្ឋនៃកម្ពុជាប្រជាធិបតេយ្យ រហូតដល់ខែមេសា ឆ្នាំ១៩៧៦។ ក្រោយពីព្រះអង្គលាលែងចេញពីតំណែង ខៀវ សំផន ក៏បានឡើងកាន់តំណែងនេះជំនួសព្រះអង្គ។
យោងតាមលោក Raoul Jennar រដ្ឋាភិបាលកម្ពុជាប្រជាធិបតេយ្យ មានរចនាសម្ព័ន្ធដូចតទៅ៖
សភាតំណាងប្រជាជនបដិវត្តន៍កម្ពុជា
នួន ជា ប្រធាន
ឈិត ជឿន ហៅ ម៉ុក អនុប្រធាន
រដ្ឋាភិបាល
ខៀវ សំផន ប្រមុខរដ្ឋ
ប៉ុល ពត ជានាយករដ្ឋមន្រ្តី
ឈឹម សាមោក ជានាយកខុទ្ទកាល័យនាយករដ្ឋមន្រ្តី
ឧបនាយករដ្ឋមន្រ្តី
អៀង សារី ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីការបរទេស
សុន សេន ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួងការពារជាតិ
វន វ៉េត ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច
រដ្ឋមន្រ្តី
ហ៊ូ នឹម រដ្ឋមន្រ្តីក្រសួងឃោសនាការ និងព័ត៌មាន
អៀង ធីរិទ្ធិ (ប្រពន្ធរបស់ អៀង សារី) ជារដ្ឋមន្រ្តីក្រសួងសង្គមកិច្ច
យុន យ៉ាត (ប្រពន្ធរបស់ សុន សេន) ជារដ្ឋមន្រ្តីក្រសួងវប្បធម៌ ងអប់រំ
ជួន ជឿន រដ្ឋមន្រ្តីក្រសួងសុខាភិបាល
កង ចាប រដ្ឋមន្រ្តីក្រសួងយុត្តិធម៌
ចេង អន រដ្ឋមន្រ្តីក្រសួងឧស្សាហកម្ម
នន សួន រដ្ឋមន្រ្តីក្រសួងកសិកម្ម
កុយ ធួន រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម
ជួន ម៉ុម រដ្ឋមន្រ្តីទទួលបន្ទុកផ្នែកវិទ្យាសាស្រ្ត
តូច ភឿន រដ្ឋមន្រ្តីក្រសួងសាធារណការ
សាឡុត ស ហៅប៉ុល ពត លេខាបក្សកុម្មុយនិស្តកម្ពុជា និងនាយករដ្ឋមន្រ្តីកម្ពុជាប្រជាធិបតេយ្យ(រូបថតឯកសារ៖ Reuters)
សាឡុត ស ហៅប៉ុល ពត លេខាបក្សកុម្មុយនិស្តកម្ពុជា និងនាយករដ្ឋមន្រ្តីកម្ពុជាប្រជាធិបតេយ្យ
(រូបថតឯកសារ៖ Reuters)
ក៏ប៉ុន្តែ នៅក្នុងរបបកម្ពុជាប្រជាធិបតេយ្យ អង្គការដែលមានអំណាចលើសអ្វីៗទាំងអស់នោះ គឺបក្សកុម្មុយនិស្តកម្ពុជា ដែលមកទល់នឹងពេលនោះត្រូវពួកខ្មែរក្រហមខ្លួនឯងដាក់ឈ្មោះថា “អង្គការបដិវត្តន៍” ហើយត្រូវបានគេស្គាល់ជាទូទៅថាជា “អង្គការ”។
នៅក្នុងរចនាសម្ព័ន្ធបក្សនេះទៀតសោត គណៈកម្មាធិការតែមួយគត់ដែលមានសិទ្ធិអំណាចធ្វើសេចក្តីសម្រេចចិត្ត នានា អនុម័តគោលនយោបាយរដ្ឋាភិបាល និងលក្ខន្តិកៈផ្សេងៗនោះ គឺគណៈអចិន្រ្តៃយ៍បក្ស ដែលមានសមាជិក៥រូប គឺប៉ុល ពត ជាលេខា នួន ជា ជាអនុលេខា អៀង សារី សោ ភឹម និង វន វ៉េត ជាសមាជិក។
បន្ទាប់ពីគណៈអចិន្រ្តៃយ៍បក្ស អង្គការដែលមានអំណាចលំដាប់ទីពីរក្នុងបក្ស គឺគណៈកម្មាធិការមជ្ឈិមបក្ស។ សមាជិកគណៈកម្មាធិការមជ្ឈិមបក្សនេះរួមមាន សមាជិកទាំង៥រូបនៃគណៈអចិន្រ្តៃយ៍ បូកជាមួយនឹងមនុស្សពីរនាក់ទៀតគឺ សុន សេន និង តាម៉ុក។ នៅឆ្នាំ១៩៧៧ មនុស្សបីរូបផ្សេងទៀតត្រូវបានបញ្ចូលបន្ថែមទៅក្នុងគណៈកម្មាធិការ មជ្ឈិមបក្ស គឺ ខៀវ សំផន ញឹម រស់ និង កែ ពក។
រចនាសម្ព័ន្ធបក្សកុម្មុយនិស្តកម្ពុជា
គណៈអចិន្រ្តៃយ៍ (៥រូប)
ប៉ុល ពត លេខាបក្ស
នួន ជា អនុលេខាបក្ស
អៀង សារី សមាជិក
សោ ភឹម សមាជិក
វន វ៉េត សមាជិក
គណៈកម្មាធិការមជ្ឈិមបក្ស (១០រូប)
ប៉ុល ពត
នួន ជា
អៀង សារី
សោ ភឹម
វន វ៉េត
សុន សេន
ឈិត ជឿន ហៅម៉ុក
ខៀវ សំផន
ញឹម រស់
កែ ពក
នៅក្នុងចំនោមសមាជិក គណៈកម្មាធិការមជ្ឈិមបក្សដ៏មានអំណាចនេះ មានតែនួន ជា អៀង សារី និង ខៀវ សំផន ប៉ុណ្ណោះ ដែលនៅរស់រានមានជីវិតរហូតមកទល់សព្វថ្ងៃនេះ។ អ្នកផ្សេងទៀតបានស្លាប់បាត់អស់ទៅហើយ។
វន វ៉េត និងញឹម រស់ ត្រូវបានគេយកទៅសម្លាប់ចោលនៅឆ្នាំ១៩៧៨។ សោ ភឹម បានសម្លាប់ខ្លួនឯងនៅឆ្នាំ១៩៧៨ដែរ។ សុន សេន ត្រូវបាន ប៉ុល ពត បញ្ជាឲ្យគេសម្លាប់ចោលទាំងគ្រួសារនៅឆ្នាំ១៩៩៧។ ក្រោយមក ប៉ុល ពត ខ្លួនឯងត្រូវបានពួកខ្មែរក្រហមគ្នាឯងចាប់ខ្លួនយកមកកាត់ទោសឲ្យ ជាប់គុកអស់មួយជីវិតពីបទធ្វើឃាតលើ សុន សេន នេះ។ ក៏ប៉ុន្តែ ប៉ុល ពត បានស្លាប់ នៅថ្ងៃទី១៥ ខែមេសា ឆ្នាំ១៩៩៨។ ចំណែកតាម៉ុកវិញ ស្លាប់ដោយជម្ងឺនៅឆ្នាំ២០០៦ ក្រោយពីបានជាប់ឃុំនៅក្នុងមន្ទីរឃុំឃាំងនៃតុលាការយោធាកម្ពុជា អស់រយៈពេលប្រមាណ៧ឆ្នាំ។
ក្រៅពីគណៈកម្មាធិការមជ្ឈិមបក្ស លេខាបក្សប្រចាំភូមិភាគក៏ជាមនុស្សដែលមានអំណាចខ្លាំងដែរនៅក្នុងរបបកម្ពុជាប្រជាធិបតេយ្យ៕
អត្ថបទចុះផ្សាយកាលពីថ្ងៃទី 28/11/2008 កែប្រែលើកចុងក្រោយកាលពីថ្ងៃទី 06/12/2008 14:48 ម៉ោងសកល
ចាប់តាំង ពីបានសម្រេចចិត្តបើកការតស៊ូដោយប្រដាប់អាវុធ នៅឆ្នាំ១៩៦៧ រហូតមកទល់នឹងឆ្នាំ១៩៧០ ពួកខ្មែរក្រហមមានទាហានតិចតួចបំផុត។ ទាហានទាំងនោះសោតក៏មិនបានទទួលការហ្វឹកហ្វឺន និងបំពាក់អាវុធយុទ្ធភ័ណ្ឌអ្វីធំដុំដែរ។
ក៏ ប៉ុន្តែ ក្រោយពេលដែលពួកខ្មែរក្រហម ទៅចូលរួមក្នុង រណសិរ្សរួបរួមជាតិកម្ពុជា ដែលបង្កើតឡើងដោយសម្តេច នរោត្តម សីហនុ ក្រោយពីព្រះអង្គត្រូវបានគេទម្លាក់ពីអំណាចមក កងទ័ពខ្មែរក្រហមបានទទួលការឧបត្ថម្ភគាំទ្រយ៉ាងពេញទំហឹងពីសំណាក់ ប្រជាជនកម្ពុជាផង និងពីសំណាក់ប្រទេសចិន និងវៀតណាមផង។សម្តេចនរោត្តម សីហនុ ជួបប្រជុំជាមួយមេដឹកនាំខ្មែរក្រហម នៅឆ្នាំ១៩៧៣
សម្តេចនរោត្តម សីហនុ ជួបប្រជុំជាមួយមេដឹកនាំខ្មែរក្រហម នៅឆ្នាំ១៩៧៣
ពីសត្រូវក្លាយមកជាមិត្ត
នៅ ថ្ងៃទី១៨ ខែមិនា ឆ្នាំ១៩៧០ ក្នុងពេលដែលសម្តេច នរោត្តម សីហនុ កំពុងធ្វើទស្សនកិច្ចនៅទីក្រុងម៉ូស្គូ សហភាពសូវៀត លន់ ណុល និងអ្នកអង្គម្ចាស់ ស៊ីសុវត្ថិ សិរិមតៈ បានរៀបចំឲ្យរដ្ឋសភាជាតិធ្វើការបោះឆ្នោតទម្លាក់ព្រះអង្គចេញពី តំណែងជាប្រមុខរដ្ឋ។
ចាកចេញពីម៉ូស្គូ សម្តេច នរោត្តម សីហនុ បានធ្វើដំណើរឆ្ពោះទៅទីក្រុងប៉េកាំង ប្រទេសចិន។ នៅក្នុងអំឡុងពេលនោះ គណៈប្រតិភូមួយក្រុមរបស់បក្សកុម្មុយនីស្តកម្ពុជា ដឹកនាំដោយ សាឡុត ស (ប៉ុល ពត) ដែលទើបតែបញ្ចប់ទស្សនកិច្ចនៅទីក្រុងហាណូយ ក៏កំពុងស្ថិតនៅក្រុងប៉េកាំងដែរ។ ក៏ប៉ុន្តែ យោងតាមអត្ថបទដែលចុះផ្សាយនៅលើគេហទំព័ររបស់ព្រះបាទ នរោត្តម សីហនុ ព្រះអង្គបានអះអាងថា ព្រះអង្គមិនបានជួបជាមួយនឹងសាឡុត ស ទេ នៅប៉េកាំងនោះ។
នៅថ្ងៃទី២៣ ខែមិនា ឆ្នាំ១៩៧០ ដោយមានការគាំទ្រពីសំណាក់ប្រទេសចិន និងវៀតណាមខាងជើង សម្តេច នរោត្តម សីហនុ បានប្រកាសបង្កើតរណសិរ្សរួបរួមជាតិកម្ពុជាមួយ ហើយព្រះអង្គបានអំពាវនាវឲ្យប្រជាជនកម្ពុជារត់ចូលព្រៃកាន់អាវុធ ដើម្បីតស៊ូប្រឆាំងនឹងរបប លន់ ណុល។ ខ្មែរក្រហម ដែលជាអតីតគូសត្រូវរបស់ព្រះអង្គក៏បានចូលរួមក្នុងរណសិរ្សរួបរួម ជាតិនេះដែរ។
ចិន ជើងមួយចង់ជាន់ទូកពីរ
បើយោងតាមលោកស្រី Elizqbeth Becker ក្នុងសៀវភៅ ដែលមានចំនងជើងថា “ទឹកភ្នែកកម្ពុជា” (Les larmes du Cambodge) ចិន ដែលបានសម្តែងការគាំទ្រដល់សម្តេច នរោត្តម សីហនុ និងពួកខ្មែរក្រហមនោះ ក្នុងពេលជាមួយគ្នា បែរជាបានបញ្ជូនតំណាងពិសេសរបស់ខ្លួនឲ្យមកចរចាជាមួយ លន់ ណុលទៅវិញ។ ក្នុងការចរចានោះ ចិនបានសន្យាថានឹងទទួលស្គាល់រដ្ឋាភិបាល លន់ ណុល ប្រសិនបើគាត់យល់ព្រមតាមល័ក្ខខ័ណ្ឌចំនួនបី។ ទីមួយ អនុញ្ញាតិឲ្យចិនដឹកជញ្ជូនសព្វាវុធឆ្លងកាត់ប្រទេសកម្ពុជា ដើម្បីយកទៅឲ្យពួកកុម្មុយនិស្តវៀតណាម។ ទីពីរ អនុញ្ញាតិឲ្យវៀតណាមតាំងទ័ពនៅលើទឹកដីកម្ពុជា។ និងទីបី ចេញសេចក្តីថ្លែងការណ៍មួយ សម្តែងការគាំទ្រជាផ្លូវការដល់ពួកកុម្មុយនីស្តវៀតណាម។
ឥរិយាបថ របស់ចិននេះបង្ហាញថា អាទិភាពរបស់រដ្ឋាភិបាលក្រុងប៉េកាំងនៅពេលនោះគឺបដិវត្តន៍របស់ពួក កុម្មុយនិស្តវៀតណាម មិនមែនកុម្មុយនិស្តខ្មែរនោះទេ។ ក្រុងប៉េកាំងនឹងសុខចិត្តបោះបង់ចោល រណសិរ្សរួបរួមជាតិកម្ពុជា ហើយមកគាំទ្ររដ្ឋាភិបាល លន់ ណុល វិញ ប្រសិនបើរដ្ឋាភិបាលនេះយល់ព្រមគាំទ្របដិវត្តន៍វៀតណាម។ នេះក៏ព្រោះតែចិនយល់ថា ពួកកុម្មុយនិស្តវៀតណាមមានកម្លាំងមាំមួនជាងពួកកុម្មុយនិស្តខ្មែរ ក្នុងការទប់ទល់ជាមួយអាមេរិក។
ក៏ប៉ុន្តែ ដោយ លន់ ណុល បដិសេធមិនទទួលយកល័ក្ខខ័ណ្ឌទាំងបីខាងលើនេះ ក្រុងប៉េកាំងក៏បានផ្តាច់ទំនាក់ទំនងការទូតជាមួយរដ្ឋាភិបាល សាធារណរដ្ឋខ្មែរ ហើយប្រកាសទទួលស្គាល់ រាជរដ្ឋាភិបាលរួបរួមជាតិកម្ពុជា របស់សម្តេច នរោត្តម សីហនុ ដែលបានបង្កើត នៅថ្ងៃទី៥ ខែឧសភា ឆ្នាំ១៩៧០។
ប្រជាប្រិយភាពសម្តេច នរោត្តម សីហនុ ចំណេញដល់ពួកខ្មែរក្រហម
ការចូលរួមក្នុងរាជរដ្ឋាភិបាលរួបរួមជាតិកម្ពុជា ធ្វើឲ្យពួកខ្មែរក្រហមទទួលបាននូវផលចំណេញពីរ។
ទីមួយ ក្រោមផ្លាករដ្ឋាភិបាលរួបរួមជាតិ ដែលមានសម្តេច នរោត្តម សីហនុ ជាប្រមុខ ពួកខ្មែរក្រហមទទួលនូវការគាំទ្រយ៉ាងខ្លាំងពីសំណាក់ប្រជាជន កម្ពុជា ដែលគាំទ្រព្រះអង្គ។ សាឡុត ស ដែលធ្លាប់តែជាជនបះបោរមួយរូបលាក់ខ្លួនពីការតាមចាប់ពីសំណាក់ រដ្ឋាភិបាលកម្ពុជានោះ បានក្លាយទៅជាមេបញ្ជាការកងទ័ពនៃរដ្ឋាភិបាលរួបរួមជាតិដ៏មាន ប្រជាប្រិយនេះ។
ទីពីរ ចលនាខ្មែរក្រហម នៅពេលនេះ បានទទួលនូវការឧបត្ថម្ភគាំទ្រយ៉ាងពេញទំហឹងពីសំណាក់ប្រទេសចិន និងវៀតណាមខាងជើង។ សូមរំលឹកថា កាលពីមុន វៀតណាមជួយដល់ពួកខ្មែរក្រហមត្រឹមតែផ្តល់កន្លែងលាក់ខ្លួនពីការ តាមប្រមាញ់ពីសំណាក់ទាហានរដ្ឋាភិបាលសង្គមរាស្រ្តនិយមប៉ុណ្ណោះ។ តែចាប់ពីពេលខ្មែរក្រហមបានចូលរួមជាមួយរដ្ឋាភិបាលរួបរួមជាតិ កម្ពុជា កងទ័ពវៀតណាម ដែលកាលណោះត្រូវបានគេទទួលស្គាល់ថា ជាកងទ័ពខ្លាំងជាងគេបំផុតនៅតំបន់អាស៊ីអាគ្នេយ៍នោះ ថែមទាំងបានជួយច្បាំងនឹងទាហានលន់ ណុល ជំនួសពួកខ្មែរក្រហមទៀតផង។
ក្រោយ ពេលត្រលប់ពីប៉េកាំងមកដល់រតនគិរីវិញ សាឡុត ស បានសម្រេចប្តូរស្នាក់ការកណ្តាលបក្សទៅកាន់ស្រុកសន្ទុក ខេត្តកំពង់ធំវិញ។ ចាប់តាំងពីពេលចាប់ផ្តើមធ្វើបដិវត្តន៍មក ទើបតែពេលនោះទេ ដែល សាឡុត ស សម្លឹងឃើញនូវឱកាសដែលខ្លួនអាចដណ្តើមកាន់អំណាចនៅកម្ពុជាបាន។
នៅ ចុងឆ្នាំ១៩៧០ ក្រុមខ្មែរកុម្មុយនិស្តដែលបានភៀសខ្លួនទៅវៀតណាមកាលពីឆ្នាំ១៩៥៤ ក៏បានវិលត្រលប់មកកម្ពុជាវិញ ដើម្បីចូលរួមធ្វើបដិវត្តន៍ជាមួយនឹងខ្មែរកុម្មុយនិស្តក្នុងស្រុក។ ប៉ុន្តែ ក្រុមខ្មែរហាណូយនៅពេលនោះមិនត្រូវបានគេផ្តល់តំណែងក្នុងជួរ ថ្នាក់ដឹកនាំបក្សកុម្មុយនិស្តកម្ពុជានោះទេ។ តំណែងសំខាន់ៗនៅតែស្ថិតក្នុងកណ្តាប់ដៃក្រុមខ្មែរក្រហមស្និទ្ធនឹង សាឡុត ស ដដែល។
សម្ព័ន្ធភាពល្អូកល្អឺនចាក់ទឹកមិនលេច រវាងពួកកុម្មុយនិស្តវៀតណាម និងពួកកុម្មុយនិស្តខ្មែរមានរយៈពេលតែបីឆ្នាំប៉ុណ្ណោះ។ នៅឆ្នាំ១៩៧៣ សម្ព័ន្ធភាពរវាងខ្មែរក្រហម និងវៀតណាមក៏បានឈានមកដល់ទីបញ្ចប់៕
អត្ថបទចុះផ្សាយកាលពីថ្ងៃទី 03/01/2009 កែប្រែលើកចុងក្រោយកាលពីថ្ងៃទី 03/01/2009 14:13 ម៉ោងសកល
នៅ ក្នុងរបបកម្ពុជាប្រជាធិបតេយ្យ ប្រទេសកម្ពុជាមិនត្រូវបានបែងចែកជាខេត្ត-ក្រុងនោះទេ តែត្រូវបែងចែកចេញជាភូមិភាគ និងតំបន់វិញ។ លេខាបក្សប្រចាំភូមិភាគ ភាគច្រើនសុទ្ធតែជាសមាជិក គណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តកម្ពុជា ហើយគឺជាស្តេចត្រាញ់នៅក្នុងភូមិភាគ ដែលពួកគេកាន់កាប់។ពួកខ្មែរក្រហមបានធ្វើការបែងចែកទឹកដីប្រទេសកម្ពុជាជាភូមិភាគ តាំងពីមុនឆ្នាំ១៩៧៥ម៉្លេះ។ ភូមិភាគនីមួយៗ គឺជាការយកខេត្តពីរឬច្រើន ឬកាត់យកខេត្តនេះខ្លះ ខេត្តនោះខ្លះ មកដាក់បញ្ចូលគ្នា។ ភូមិភាគនីមួយៗត្រូវបែងចែកជាតំបន់ ហើយតំបន់នីមួយៗត្រូវបែងចែកជាស្រុក ឃុំ និងសហករណ៍បន្តទៀត។
នៅតាមភូមិភាគនីមួយៗ លេខាបក្សប្រចាំភូមិភាគគឺជាអ្នកមានអំណាចសម្រេចលើអ្វីៗទាំងអស់ នៅក្នុងភូមិភាគរបស់ខ្លួន។ អ្នកដែលមានអំណាចបន្ទាប់ពីភូមិភាគ គឺសហករណ៍។ សហករណ៍នីមួយៗដឹកនាំដោយ ប្រធានសហករណ៍មួយរូប និងសហការី២រូបផ្សេងទៀត។ យោងតាមលោក David Chandler សហករណ៍ មានអំណាចធ្វើសេចក្តីសម្រេចលើអ្វីៗទាំងអស់នៅក្នុងរង្វង់ដែនដី របស់ខ្លួន ដូចជា ការកំណត់របបចំណីអាហារ ទំហំការងារដែលប្រជាជនត្រូវបំពេញ ឬ កំណត់ថាកុមារណាដែលត្រូវដាក់បញ្ចូលទៅក្នុងកងចល័ត ជាដើម ។ល។
នៅឆ្នាំ១៩៧៦ កម្ពុជាប្រជាធិបតេយ្យត្រូវបានបែងចែកជា៧ភូមិភាគ ដែលរួមមាន ៣២តំបន់។
១ ភូមិភាគនិរតី ឬភូមិភាគ៤០៥
យោងតាមលោកស្រី Elizabeth Becker ភូមិភាគ និរតីគឺជាភូមិភាគធំជាងគេ មានប្រជាជនក្រីក្រជាងគេ ប៉ុន្តែ មានកងទ័ពខ្លាំងជាងគេ។ លេខាភូមិភាគនិរតី គឺឈិត ជឿន ហៅតាម៉ុក។ ភូមិភាគនេះរួមមានខេត្តកំពត និងខេត្តតាកែវទាំងមូល ស្រុកពីរក្នុងខេត្តកំពង់ស្ពឺ គឺស្រុកសំរោងទង និងស្រុកគងពិសី និងស្រុកប្រាំក្នុងខេត្តកណ្តាល គឺស្រុកកណ្តាលស្ទឹង ស្រុកស្អាង ស្រុកកោះធំ ស្រុកកៀនស្វាយ និងស្រុកលើកដែក។ ភូមិភាគនេះចែកចេញជាបួនតំបន់ គឺតំបន់១៣ តំបន់៣៣ តំបន់៣៥ និងតំបន់២៥។
ទី២ ភូមិភាគបូព៌ា ឬភូមិភាគ២០៣
ភូមិភាគ នេះដឹកនាំដោយ សោ ភឹម ដែលបានធ្វើអត្តឃាត នៅឆ្នាំ១៩៧៨ នៅពេលដែលប៉ុល ពត បញ្ជូនទាហានឲ្យមកចាប់ខ្លួន។ ភូមិភាគនេះរួមមាន ខេត្តព្រៃវែង និងខេត្តស្វាយរៀងទាំងមូល ស្រុកទាំងអស់ដែលស្ថិតនៅត្រើយខាងកើតទន្លេរមេគង្គ ក្នុងខេត្តកំពង់ចាម ស្រុកឆ្លូងក្នុងខេត្តក្រចេះ និងស្រុកបីទៀតក្នុងខេត្តកណ្តាល គឺស្រុកខ្សាច់កណ្តាល ស្រុកល្វាឯម និងស្រុកមុខកំពូល។ ភូមិភាគនេះចែកចេញជា៥តំបន់ គឺតំបន់២០ តំបន់២១ តំបន់២២ តំបន់២៣ និងតំបន់២៥។
ទី៣ ភូមិភាគពាយ័ព្យ ឬភូមិភាគ៥៦០
លេខា ភូមិភាគពាយ័ព្យ គឺញឹម រស់។ ភូមិភាគនេះរួមមានខេត្តពោធិសាត់ និងបាត់ដំបងទាំងមូល ហើយចែកចេញជា៧តំបន់ ពីតំបន់១ ដល់តំបន់៧។
ទី៤ ភូមិភាគឧត្តរ ឬភូមិភាគ៣០៣
ចាប់ពីឆ្នាំ១៩៧០ រហូតដល់ឆ្នាំ១៩៧៦ ភូមិភាគនេះដឹកនាំដោយ កុយ ធួន ហៅ ធុច។ ក្រោយពី កុយ ធួន ត្រូវបានតែងតាំងជារដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម នៅឆ្នាំ១៩៧៦ កែ ពក ត្រូវបានតែងតាំងជាលេខាភូមិភាគនេះជំនួស កុយ ធួន។ នៅឆ្នាំ១៩៧៧ ភូមិភាគឧត្តរនេះ ត្រូវបានប្តូរឈ្មោះទៅភូមិភាគកណ្តាលវិញ។ ចំណែកភូមិភាគភូមិភាគឧត្តរចាស់ត្រូវបានរើទីតាំងទៅតាំងនៅខេត្ត ខេត្តសៀមរាប ឧត្តរមានជ័យ និងខេត្តព្រះវិហារវិញ។ ភូមិភាគឧត្តរថ្មីនេះដឹកនាំដោយ កង ចាប។
ទី៥ ភូមិភាគកណ្តាល
គឺ ជាភូមិភាគបង្កើតថ្មី ដោយមានទីតាំងនៅត្រង់ភូមិភាគឧត្តរចាស់ ពោលគឺរួមមានខេត្តកំពង់ធំទាំងមូល ស្រុកទាំងអស់ដែលស្ថិតនៅត្រើយខាងលិចទន្លេរមេគង្គ ក្នុងខេត្តកំពង់ចាម និងស្រុកព្រែកប្រសប់ ក្នុងខេត្តក្រចេះ។ ភូមិភាគនេះត្រូវបានបែងចែកជាបីតំបន់ គឺតំបន់៤១ តំបន់៤២ និងតំបន់៤៣។ លេខាភូមិភាគកណ្តាល គឺ កែ ពក។
ទី៦ ភូមិភាគបស្ចិម ឬភូមិភាគ៤០១
ភូមិភាគ នេះដឹកនាំដោយ ជូ ជេត ហើយរួមមានខេត្តកោះកុង និងខេត្តកំពង់ឆ្នាំងទាំងមូល និងផ្នែកខ្លះនៃខេត្តកំពង់ស្ពឺ។ ភូមិភាគនេះបែងចែកជា៥តំបន់ គឺតំបន់៣១ តំបន់៣២ តំបន់៣៧ តំបន់១៥ និងតំបន់១១។
ទី៧ ភូមិភាគឥសាន្ត ឬភូមិភាគ១០៨
ណៃ សារ៉ាន់ ហៅ យ៉ា បានកាន់តំណែងជាលេខាភូមិភាគឥសាន្តរហូតដល់ខែកញ្ញា ឆ្នាំ១៩៧៦ ពេលដែល ណៃ សារ៉ាន់ ត្រូវបានចាប់ខ្លួនយកទៅដាក់ក្នុងគុកទួលស្លែង។ ម៉ែន សាន ត្រូវបានតែងតាំងជាលេខាភូមិភាគជំនួស ណៃ សារ៉ាន់។ ភូមិភាគឥសាន្តរួមមាន ខេត្តស្ទឹងត្រែង ខេត្តរតនគិរី និងខេត្តមណ្ឌលគិរីទាំងមូល និងផ្នែកខ្លះនៃខេត្តក្រចេះ។ ភូមិភាគនេះបែងចែកជា៦តំបន់ គឺតំបន់១០១ តំបន់១០២ តំបន់១០៤ តំបន់១០៥ តំបន់១០៧ និងតំបន់៥០៥។
ក្រៅពីនេះ មានតំបន់មួយចំនួនត្រូវបានផ្តាច់ចេញពីភូមិភាគ ឲ្យទៅជាតំបន់ស្វយ័តវិញ។ តំបន់ទាំងនោះរួមមាន តំបន់សៀមរាប-ឧត្តរមានជ័យ ឬតំបន់១០៦ និងតំបន់ព្រះវិហារ ឬតំបន់១០៣ ដែលពីមុនស្ថិតក្នុងភូមិភាគឧត្តរ តំបន់ក្រចេះ ឬតំបន់៥០៥ និងតំបន់មណ្ឌលគិរី ឬតំបន់១០៥ ពីមុនស្ថិតក្នុងភូមិភាគឥសាន្ត។ តំបន់កំពង់សោមក៏ត្រូវបានចាត់ជាតំបន់ស្វយយ័តដែរ៕
កំពង់ធំ៖ ស្ត្រីខ្មែរម្នាក់ ដែលមានចំណងអាពាហ៍ពិពាហ៍ជាមួយនឹងបុរសជនជាតិបែលហ្សិក កាលពីអំឡុងឆ្នាំ១៩៩២ ឥឡូវនេះបានធ្វើពាក្យបណ្ដឹងមួយ ដាក់ចូលទៅស្ថានទូតនៃប្រទេសបែលហ្សិកប្រចាំនៅព្រះរាជាណាចក្រកម្ពុជា ដើម្បីទាមទារសុំឲ្យប្ដីរបស់ខ្លួនដែលលួចគេចត្រឡប់ទៅស្រុកវិញ នោះ ជួយផ្ដល់អាហារកិច្ចចិញ្ចឹមកូនស្រីម្នាក់ ដែលជាតំណក់ឈាមរបស់បុរសជនជាតិបែលហ្សិកនោះ។
អង្គុយនៅលើគ្រែខាងមុខផ្ទះឈើដ៏តូចមួយស្ថិតក្នុង ភូមិអាចារ្យល័ក្ខ ឃុំអាចារ្យល័ក្ខ ស្រុកស្ទឹងសែន ខេត្តកំពង់ធំ ស្ត្រីវ័យ៤១ឆ្នាំឈ្មោះឈន ច័ន្ទសុផល បាននិយាយរៀបរាប់អំពីចំណងស្នេហ៍របស់នាង ជាមួយនឹងបុរសជនជាតិបែលហ្សិកម្នាក់នោះឲ្យដឹងថា នៅក្នុងអំឡុងឆ្នាំ១៩៩២ រូបគាត់ស្ថិតក្នុងវ័យ២៤ឆ្នាំ បានចូលបម្រើការងារនៅក្នុងអង្គការមនុស្សធម៌មួយនៅក្នុងខេត្ត កំពង់ធំ គឺអង្គការគ្រូពេទ្យគ្មានព្រំដែន។ នាងបានស្គាល់បុរសជនជាតិបែលហ្សិកម្នាក់ដែលកាលណោះគាត់គឺជា វេជ្ជបណ្ឌិតបម្រើការងារនៅក្នុងអង្គការនេះដែរ។
ស្ត្រី ឈន ច័ន្ទសុផល បានឲ្យដឹងថា បុរសជនជាតិបែលហ្សិកម្នាក់នោះគាត់ឈ្មោះ វិលីម ក្រោយពីបានស្គាល់គ្នា វិលីមតែងតែតាមនិយាយសុំសេចក្ដីស្នេហាពីនាងជាញឹកញាប់ តែកាលណោះរូបនាងមិនស្រឡាញ់លោក វិលីមទេ ពីព្រោះគាត់មានវ័យចាស់ជាងច្រើនពេក។ ទោះបីនាងមិនព្រមស្រឡាញ់ ក៏លោកវីលីមនោះនៅតែព្យាយាម និងបានចូលស្ដីដណ្ដឹងតាមប្រពៃណីខ្មែរ ហើយនាងក៏បានរៀបការជាមួយនឹងលោកវិលីមតាមទំនៀមទម្លាប់ប្រពៃណីរបស់ ខ្មែរយើង ដោយមានចាស់ទុំនិងភ្ញៀវកិត្តិយសចូលរួមយ៉ាងច្រើនកុះករ។
ក្រោយពេលរៀបការបាន៦-៧ខែ គាត់មានផ្ទៃពោះ លោកវីលីមបានកុហកគាត់ថា ផ្លាស់ធ្វើការនៅឯភ្នំពេញ តែតាមការពិតវិលីមបានលួចគេចវិលត្រឡប់ទៅស្រុករបស់គាត់វិញ ដោយបន្សល់ទុកនូវលុយកាក់ឲ្យគាត់តែបន្តិចបន្តួចតែប៉ុណ្ណោះ។ បន្ទាប់ពីបានដឹងថាវិលីមត្រឡប់ទៅស្រុកវិញ បងស្រីបានព្យាយាមសរសេរសំបុត្រទាក់ទងទៅគាត់ហើយលោកវិលីមបានសរសេរ សំបុត្រផ្ញើមកគាត់ចំនួន២ដង ហើយក៏បាត់ឈឹងរហូតទៅ។
ស្ត្រី ឈន ច័ន្ទសុផល បានបន្តថា សព្វថ្ងៃនេះបងស្រីរស់នៅជាស្ត្រីមេម៉ាយកូនមួយ ដែលកូនស្រីជាតំណក់ឈាមរបស់លោកវិលីមនោះឈ្មោះ វិលីម មាសសុទ្ធសុផាណា នាងមានអាយុ១៦ឆ្នាំហើយ សព្វថ្ងៃរៀននៅថ្នាក់ទី៧F នៃវិទ្យាល័យអាចារ្យល័ក្ខ កំពង់ធំ។
ដោយសារតែការអស់សង្ឃឹម និងការទន្ទឹងរង់ចាំតទៅទៀត ហើយមានជីវភាពខ្វះខាតផងនោះ គាត់បានសរសេរពាក្យបណ្ដឹងមួយ ដាក់ជូនទៅស្ថានទូតនៃប្រទេសបែលហ្សិកប្រចាំនៅព្រះរាជាណាចក្រកម្ពុជា ដើម្បីទាមទារសុំឲ្យប្ដីរបស់គាត់ ជួយផ្ដល់លុយអាហារកិច្ចសម្រាប់ចិញ្ចឹមកូន។ ពាក្យបណ្ដឹងនេះរូបគាត់មិនបានយកទៅដាក់នៅស្ថានទូតខ្លួនឯងទេ គឺគាត់ពឹងពាក់ចាងហ្វាងកាសែតម្នាក់ឲ្យជួយយកទៅដាក់ឲ្យ ដែលរហូតមកទល់នឹងពេលនេះ (៦ ឧសភា ២០០៩) គាត់នៅមិនទាន់ដឹងថាពាក្យបណ្ដឹងនោះទៅដល់ស្ថានទូតបែលហ្សិកហើយឬ នៅទេ។
គាត់សម្គាល់ឃើញថា កន្លងទៅនេះមានស្ត្រីខ្មែរយើងមួយចំនួនតែងតែចង់បានប្ដីបរទេស ពីព្រោះយកប្ដីបរទេសមានលុយដុល្លារចាយ ប៉ុន្តែវាមិនជោគជ័យទាំងអស់នោះទេ មានអ្នកខ្លះក៏ត្រូវខកខ្លួន និងស្រក់ទឹកភ្នែកដោយសារប្ដីបរទេសនេះដែរ។ រឿងរ៉ាវរបស់ស្ត្រីឈន ច័ន្ទសុផល គឺជាមេរៀនមួយដែលស្ត្រីខ្មែរយើងគួរតែយកទៅពិចារណា៕
ភ្នំពេញ៖ ចំនួនយានយន្តដែលកំពុងធ្វើចរាចរនៅលើផ្លូវសាធារណៈក្នុង ព្រះរាជាណាចក្រកម្ពុជា បានកើនដល់ ១.១៦៩.៤១១គ្រឿង ក្នុងនោះមានម៉ូតូចំនួន៩៣៥.៤២១គ្រឿង ដោយមិនបានរាប់បញ្ចូលយានយន្តដោយបានចុះបញ្ជីនៅក្រសួងការពារ ជាតិ និងក្រសួងមហាផ្ទៃនោះទេ។ តែចំនួនប័ណ្ណបើកបរយានយន្ត ដែលបានចេញដោយក្រសួងសាធារណការ រហូតមកទល់ពេលនេះ ទើបតែមានចំនួនប្រមាណជា៤១៣.៤៥២ប័ណ្ណ បានន័យថា នៅអ្នកបើកបរជាងពាក់កណ្ដាលទៀតមិនទាន់មានប័ណ្ណបើកបរ ជាពិសេសអ្នកបើកបរម៉ូតូ។
លោក កែវ សាវិន ប្រធាននាយកដ្ឋានដឹកជញ្ជូន នៃក្រសួងសាធារណការ បាននិយាយឲ្យដឹងនៅថ្ងៃទី៧ឧសភាថា ចំនួនយានយន្តនៅទូទាំងប្រទេស ដែលបានចុះបញ្ជីនៅក្រសួងសាធារណការរយៈពេល៤ខែដើមឆ្នាំ២០០៩នេះ មានចំនួន៨៥.០៩១គ្រឿងក្នុងនោះមានម៉ូតូចំនួន ៧៥.៤៤៥គ្រឿង។ នៅទូទៅប្រទេសពេលនេះមានយានយន្តចំនួន ១.១៦៩.៤១១គ្រឿងក្នុងនោះមានម៉ូតូចំនួន៩៣៥.៤២១គ្រឿងចំនួនយានយន្ត នេះមិនបានគិតបញ្ចូលយានយន្តដែលបានចុះបញ្ជីនៅក្រសួងការពារជាតិ និងក្រសួងមហាផ្ទៃនោះទេ។
ប្រភពដដែលបាននិយាយឲ្យដឹងទៀតថា ចំនួនយានយន្តមានរហូតដល់ជាង១លានគ្រឿងហើយកំពុងធ្វើចរាចរនៅលើ ផ្លូវសាធារណៈ តែចំនួនអ្នកបើកបរដែលមានប័ណ្ណបើកបររហូតមកទល់ពេលនេះ ទើបតែមានចំនួន៤១៣.៤៥២នាក់ បានន័យថា មានអ្នកបើកបរចំនួនជាងពាក់កណ្ដាលនៃចំនួនយានយន្ត កំពុងតែបើកបរដោយគ្មានប័ណ្ណបើកបរ ដែលជាប្រការមួយគ្រោះថ្នាក់ខ្លាំងណាស់ ព្រោះអ្នកទាំងនោះភាគច្រើនមានការយល់ដឹងអំពីច្បាប់ចរាចរណ៍បាន តិច ដែលនាំឲ្យកើតមានគ្រោះថ្នាក់ចរាចរច្រើន ជាពិសេសអ្នកបើកបរម៉ូតូ។
ការផ្ដល់ប័ណ្ណបើកបរ គិតតាំងពីដើមទីរហូតមកទល់ពេលនេះត្រូវបានគេនិយាយឲ្យដឹងថា បើរាប់ទាំងប័ណ្ណបើកបរម៉ូតដែលមានកម្លាំងលើស១២៥សេសេផងនោះ ទើបតែបានចំនួន១៦.០០០ប័ណ្ណប៉ុណ្ណោះ។
យោងតាមច្បាប់ចរាចរដែលកំពុងតែប្រើប្រាស់សព្វថ្ងៃនេះ គឺតម្រូវឲ្យអ្នកបើកបរម៉ូតូទាំងអស់ត្រូវមានប័ណ្ណបើកបរ។ ក្រុមអ្នករៀបចំច្បាប់ចរាចរដែលបានតម្រូវឲ្យអ្នកបើកបរម៉ូតូត្រូវ មានប័ណ្ណបើកបរនេះ បន្ទាប់ពីសង្កេតឃើញថា គ្រោះថ្នាក់ចរាចរដែលបានកើតមានឡើងកន្លងមកនេះ ភាគច្រើនបង្កឡើងដោយអ្នកប្រើប្រាស់ម៉ូតូដែលមិនបានសិក្សា ស្វែងយល់ពីច្បាប់ចរាចរ៕
ភ្នំពេញ៖ ប្រេងម៉ាហ្សូតផលិតចេញពីផ្លែល្ហុងខ្វង គឺជាថាមពលដ៏សំខាន់សម្រាប់ប្រទេសក្រីក្រ។ នៅអាស៊ីប្រទេសដែលឈានមុខគេក្នុងការផលិតប្រេងម៉ាហ្សូតពីផ្លែ ល្ហុងខ្វងនេះ គឺប្រទេសហ្វីលីពីន បន្ទាប់មកប្រទេសចិនក៏មានផលិតដែរ ដែលអាចជួយកាត់បន្ថយការពឹងផ្អែកប្រេងនាំចូល ការរក្សាលំនឹងតម្លៃ និងការកាត់បន្ថយការបំពុលបរិស្ថាន។
កញ្ញា សំអាង ម៉ានីន ដែលទើបវិលត្រឡប់ពីទទួលពានរង្វាន់មេដាយមាសផ្នែកថាមពល ពានរង្វាន់ជាអ្នកមានការប្រឹងប្រែងហ្មត់ចត់ក្នុងការសិក្សា ស្រាវជ្រាវ និងអ្នកផ្ដួចផ្ដើមដំណោះស្រាយថាមពល ព្រមទាំងពានរង្វាន់អាហារូបករណ៍៤ឆ្នាំ រៀននៅសកលវិទ្យាល័យល្បីឈ្មោះនៅក្រៅប្រទេស បានចាត់ទុកការផលិតប្រេងម៉ាហ្សូតពីល្ហុងខ្វងថា ជាថាមពលដ៏មានសារសំខាន់។ វត្ថុធាតុដើមនៃការផលិតជីវៈប្រេងម៉ាហ្សូតគឺប្រជាពលរដ្ឋកម្ពុជាអាច ដាំបានដោយរបៀបសាមញ្ញ។
តាមការប្រសិទ្ធនាមថា អ្នកវិទ្យាសាស្ត្រវ័យក្មេងកញ្ញា សំអាង ម៉ានីន ដែលជាយុវនារីខ្មែរ ម្នាក់ឯងទទួលបានពានរង្វាន់ពិភពលោកចំនួនបីបានរៀបរាប់ឲ្យដឹងថា ដើមល្ហុងខ្វងបន្ទាប់ពីបណ្ដុះហើយគេយកទៅដាំរយៈពេល៦ខែ រួចវានឹងឲ្យផលដល់រយៈពេលពី៦០ទៅ៧០ឆ្នាំ។ ក្នុងផ្លែល្ហុងខ្វង១០០គីឡូក្រាម អាចផលិតបានប្រេងម៉ាហ្សូតពី៣០ទៅ៣៥លីត្រ។ ប្រេងម៉ាហ្សូតផ្លែល្ហុងខ្វងនេះនឹងត្រូវប្រើជាថាមពលសម្រាប់ចាក់ ម៉ាស៊ីនគោយន្ត ម៉ាស៊ីនបូមទឹក និងគ្រឿងចក្រធ្វើកសិកម្ម។
អ្នកវិទ្យាសាស្ត្រវ័យក្មេងអាយុ១៦ឆ្នាំ សំអាង ម៉ានីន បានឲ្យដឹងពីរូបមន្តនៃការផលិតប្រេងម៉ាហ្សូតពីផ្លែល្ហុងខ្វងថា ជាដំបូងត្រូវយកគ្រាប់ផ្លែល្ហុងខ្វងលីងឲ្យមានកម្ដៅ៦០អង្សាសេ ដើម្បីឲ្យគ្រាប់ល្ហុងខ្វងបញ្ចេញសារធាតុប្រេងបានច្រើន។ បន្ទាប់មក គេត្រូវបកសម្បកខាងក្រៅចេញ ដោយទុកសាច់សខាងក្នុង។
ពេលបានសាច់សនៃគ្រាប់ល្ហុងខ្វងហើយ គេយកវាទៅកៀបដោយប្រើកម្លាំងសង្កត់ខ្លាំងដើម្បីយកប្រេង។ បន្ទាប់មកត្រូវយកប្រេងនេះក្រឡុកក្នុងម៉ាស៊ីនក្រឡុក ដើម្បីបំបែកកាកសំណល់ដែលនៅក្នុងប្រេង។
ក្រោយការក្រឡុកជាតិប្រេងល្ហុងខ្វងរួចគេយកប្រេងនេះដាក់ចម្រោះ ដោយអេប៉ុង និងក្រណាត់ចំនួន២៦ជាន់។ ការធ្វើរបៀបនេះដើម្បីឲ្យប្រេងល្ហុងខ្វងមានជាតិថ្លា។ បន្ទាប់ពីចម្រោះដោយអេប៉ុងនិងក្រណាត់២៦ជាន់ហើយ គេយកប្រេងនេះទៅច្រោះនិងតម្រងចម្រោះប្រេងរថយន្តថែមទៀត ដើម្បីធ្វើឲ្យប្រេងកាន់តែថ្លា និងថែមទាំងដកចេញកាកសំណល់ពីក្នុងប្រេង។
កញ្ញា ម៉ានីន រៀបរាប់ឲ្យដឹងបន្តទៀតថា ប្រេងបង្ហូរចេញពីការចម្រោះតម្រងប្រេងរថយន្តនេះ ពុំទាន់ក្លាយជាប្រេងម៉ាហ្សូតទេ។ វាគ្រាន់តែជាប្រេងគ្រាប់ល្ហុងខ្វងតែប៉ុណ្ណោះ។ បន្ទាប់ពីនេះ គេត្រូវធ្វើវាតាមភាសាអង់គ្លេសថា Titrantion ធ្វើតាមរូបមន្តនេះ ដើម្បីឲ្យដឹងថា តើមានជាតិខ្លាញ់នៅក្នុងប្រេងតិចឬច្រើន។
ខណៈពេលអនុវត្តរូបមន្តខាងលើនេះ ជាលទ្ធផលពុំក្លាយជាប្រេងម៉ាហ្សូតទេគឺក្លាយជាសប៊ូ ឬចាហ៊ួយ។ ប៉ុន្តែសាប៊ូនេះពុំគ្រប់គ្រាន់តាមស្តង់ដារជាសាប៊ូដែលអាចប្រើបាន ទេ។ ដូច្នេះគេត្រូវឈានទៅធ្វើលក្ខខណ្ឌមួយទៀតគឺការបំប្លែងជាតិ ខ្លាញ់ទាំងអស់នោះឲ្យទៅជាប្រេង។ លក្ខខណ្ឌនេះត្រូវប្រើអាស៊ីត និងមេតាណុលតាមកម្រិតមួយរួចចាក់ចូលប្រេងល្ហុងខ្វង។ ប្រេងលាយជាមួយអាស៊ីត និងមេតាណុលនេះត្រូវយកទៅក្រឡុកលើភ្លើង ឲ្យមានកម្ដៅ៥៥អង្សាសេក្នុងរយៈពេលមួយម៉ោង។ បន្ទាប់មករក្សាទុកប្រេងក្រឡុកឲ្យវារងរួចយកជាតិខ្លាញ់ចេញឲ្យ អស់ ដោយយកតែប្រេងសុទ្ធ ដើម្បីយកទៅពិនិត្យលក្ខខណ្ឌបច្ចេកទេសមួយលើកទៀត។ ការធ្វើរបៀបនេះគឺឲ្យដឹងពីបរិមាណប៉ូតាស្យូមអ៊ីដ្រុកស៊ីត ទើបឈានទោធ្វើលក្ខខណ្ឌមួយលើកទៀត គឺការបំប្លែងឲ្យទៅជាប្រេងម៉ាហ្សូត។
កញ្ញា ម៉ានីន ឲ្យដឹងបន្ថែមទៀតថា បន្ទាប់ពីដំណើរការផលិតបានចេញជាប្រេងម៉ាហ្សូតហើយគេត្រូវយកវា ធ្វើពិសោធន៍ ដោយយកប្រេងម៉ាហ្សូតធ្វើសំយោគជាមួយទឹក ដើម្បីឲ្យដឹងថា ប្រេងម៉ាហ្សូតនេះមានជាតិខ្លាញ់ ឬយ៉ាងណា។ ប្រសិនបើប្រេងម៉ាហ្សូតនេះអស់ជាតិខ្លាញ់ គឺប្រេងមានជាតិថ្លា តែបើនៅជាតិខ្លាញ់ប្រេងនឹងមានពណ៌ល្អក់។
ក្រោយពីការធ្វើបម្លែងរវាងប្រេងប្រេង និងទឹករួចហើយ គេយកប្រេងទោរំហួតជាមួយពន្លឺព្រះអាទិត្យរយៈពេល៣ម៉ោង ដើម្បីឲ្យទឹកហួតចេញអស់។ បន្ទាប់មក យកជាតិប្រេងនេះទៅច្រោះនឹងតម្រងរថយន្តជាថ្មីទៀត ដើម្បីបញ្ជាក់ថា ប្រេងម៉ាហ្សូតនេះថ្លាល្អ គ្មានជាតិទឹក ជាតិខ្លាញ់អ្វីទាំងអស់ សម្រាប់យកទៅប្រើប្រាស់គ្រឿងចក្រកសិកម្ម។
កញ្ញាម៉ានីន អធិប្បាយដោយបញ្ជាក់ឲ្យដឹងថា ទម្រាំសិក្សាស្រាវជ្រាវឈានដល់ការផលិតបានជាប្រេងម៉ាហ្សូតពីផ្លែ ល្ហុងខ្វងនេះ នាងបានចំណាយពេលវេលាទាំងយប់ទាំងថ្ងៃជាច្រើនខែ។ ក្នុងរយៈពេលសិក្សាស្រាវជ្រាវនេះទៀតសោត ការធ្វើខុសពុំចេញលទ្ធផល គឺរាប់ដងមិនអស់ទេ។ នាបន្ថែមថា ការសិក្សាស្រាវជ្រាវតាមអ៊ិនធើណេត គឺធ្វើមិនចេញអ្វីសោះឡើយ។ វាចេញតែចាហួយ និងសាប៊ូដែលប្រើមិនកើតតែប៉ុណ្ណោះ។
សំអាង ម៉ានីន ឲ្យដឹងបន្តថាដោយមានការខិតខំព្យាយាមយ៉ាងអំណត់ដូចនេះ ទើបការរកឃើញរូបមន្តរបស់នាងមានភាពច្បាស់លាស់ ធ្វើឲ្យគណៈកម្មការអន្តរជាតិ ដែលមានអ្នកវិទ្យាសាស្ត្រវ័យក្មេងប្រមាណជិត១,២៥០នាក់ មកពី៦០ប្រទេសទទួលស្គាល់ និងមានការចាប់អារម្មណ៍យ៉ាងខ្លាំង ដោយប្រកាសប្រគល់ពានរង្វាន់ចំនួនបីសម្រាប់នាងតែម្នាក់ឯង។ នាងបន្តថា ការប្រកួតប្រជែងស្នាដៃអ្នកវិទ្យាសាស្ត្រវ័យក្មេងរយៈពេល៥ថ្ងៃ (១៥-២០ខែមេសា) នៅទីក្រុងហូស្តុន រដ្ឋតិចសាស់សហរដ្ឋអាមេរិក នាពេលកន្លងមក ធ្វើឲ្យគ្រប់ជនជាតិលើពិភពលោកចាប់អារម្មណ៍ពីកម្ពុជា។
យុវនារី សំអាង ម៉ានីន បច្ចុប្បន្នរៀនថ្នាក់ទី១១ នៃសាលាអន្តរជាតិ ZAMAN រាជធានីភ្នំពេញ។ ឪពុករបស់ ម៉ានីនឈ្មោះ ព្រៃ សំអាង មានអាយុ៤៩ឆ្នាំ ជានាយកគណនេយ្យក្រុមហ៊ុនចម្ការកៅស៊ូមេមត់ និងអ្នកស្រី ហេង ច័ន្ទលីដា អាយុ៤៥ឆ្នាំ ជាម្ដាយកំពុងធ្វើការជាមន្ត្រីសមាគមថែទាំសុខភាពគ្រួសារនៅកម្ពុជា ហៅកាត់ថា រ៉ាក់។
ឪពុកនិងម្ដាយរបស់ ម៉ានីន ឲ្យដឹងថា លោកមានកូនស្រីតែម្នាក់គត់គឺ សំអាង ម៉ានីន។ លោកបានមានប្រសាសន៍សរសើរ ម៉ានីន ថាតាំងពីតូចមកនាងរៀនពូកែរហូត មានពិន្ទុប្រចាំខែគឺលេខ១ដល់លេខ៥ជានិច្ច។
ចំណែកយុវនារី ម៉ានីន បានបង្ហាញទស្សនៈរបស់នាងថា បន្ទាប់ពីការរកឃើញពីការផលិតប្រេងម៉ាហ្សូតពីផ្លែល្ហុងខ្វង ដោយបានទទួលពានរង្វាន់ពិភពលោកផ្នែកថាមពល កាលពីពាក់កណ្ដាលខែមេសាកន្លងមក នាងបានត្រៀមខ្លួនជានិច្ចដើម្បីផ្សព្វផ្សាយចំណេះដឹងនេះដល់យុវជន និងប្រជាពលរដ្ឋខ្មែរទូទៅ។ ព្រោះការរកឃើញនេះ អន្តរជាតិមានការចាប់អារម្មណ៍ខ្លាំងណាស់ ហេតុនេះនាងចង់ឲ្យរូបមន្តដែលរកឃើញនេះបានក្លាយជាសារប្រយោជន៍ សម្រាប់សង្គមជាតិខ្មែរ៕
Send to friendកំណែដែលងាយស្រួលបោះពុម្ព
នាពេលថ្មីៗនេះ កាសែតក្នុងស្រុកមួយបានផ្សាយថា ស្ត្រីខ្មែរម្នាក់នៅឯខេត្តកំពង់ធំបានដាក់ពាក្យបណ្ដឹងទៅស្ថានទូត នៃប្រទេសបែលហ្សិកប្រចាំកម្ពុជា ដើម្បីទាមទារសុំឲ្យប្ដីរបស់ខ្លួនជាជនជាតិបែលហ្សិកដែលបានលួច គេចខ្លួនត្រឡប់ទៅស្រុកវិញ ហើយបាត់ដំណឹងសូន្យឈឹងនោះឲ្យជួយផ្ដល់អាហារកិច្ចចិញ្ចឹមកូនស្រី។
កាសែតបានរាយការណ៍ថា ស្ត្រីខ្មែររូបនោះបានពឹងពាក់ចាងហ្វាងកាសែតម្នាក់ឲ្យជួយយកពាក្យបណ្ដឹងនេះទៅស្ថានទូតបែលហ្សិក ដោយគាត់មិនទាន់បានដឹងថា ពាក្យបណ្ដឹងនោះបានទៅដល់ស្ថានទូតបែលហ្សិកឬក៏អត់នោះទេ។
ជាការពិត ករណីបែបនេះទំនងជាករណីដ៏កម្រមួយ ដែលមានជនជាតិស្បែកសច្រមុះស្រួចលួចរត់ចោល ដោយគ្មានការទទួលខុសត្រូវចំពោះប្រពន្ធកូនដែលមានចំណងអាពាហ៍ពិពាហ៍ ស្របច្បាប់បែបនេះ។ មែនហើយ ពិតជាមានច្រើនដែលបុរសបរទេសបានរួមមេត្រីជាមួយស្ត្រីខ្មែរ ដោយខ្លះបានកូន ហើយខ្លះទៀតក៏មិនទាន់បាន ហើយពួកគេបានដាក់មេផាយបិតសាប៊ូបាតជើងរត់ចោលនារីខ្មែរគ្មានងាក ក្រោយ ទុកឲ្យនារីខ្មែរចិញ្ចឹមកូនលេងតែម្នាក់ឯងយ៉ាងកណ្ដោចកណ្ដែងក្នុង វាលវដ្តសង្សារនេះ។ ប៉ុន្តែករណីនេះច្រើនតែកើតមានចំពោះគូស្នេហ៍ដែលមិនមានមង្គលការ ស្របច្បាប់ ពិសេសនៅជំនាន់អ៊ុនតាក់នាឆ្នាំ ១៩៩០-៩៣ ដែលកាលពីពេលនោះមានជនបរទេសទាំងអាស៊ី អឺរ៉ុប ទាំងអាហ្វ្រិក និងអាមេរិករាប់សែននាក់ដែលបានមកជួយសម្របសម្រួលការងារបោះឆ្នោត ជាតិលើកដំបូងនៅកម្ពុជាយើង បន្ទាប់ពីសង្គ្រាមហែកហួរគ្នាអស់រយៈពេល ២០ ឆ្នាំគឺចាប់ពីឆ្នាំ ១៩៧០ ដល់ឆ្នាំ ១៩៩០។ បច្ចុប្បន្នមានកូនអ៊ុនតាក់ច្រើនណាស់ដែលពួកគេរស់នៅពេញវ័យ តែមិនដឹងឪពុកនៅទីណា។ អ៊ុនតាក់ជាពាក្យដែលបានមកពីអក្សរអង់គ្លេសថា UNTAC (United Nations Transitional Authority in Cambodia) ដោយមានន័យថា អាជ្ញាធរបណ្ដោះអាសន្នរបស់អង្គការសហប្រជាជាតិនៅកម្ពុជា។
ឥឡូវយើងនិយាយតែពីរឿងគូស្នេហ៍ដែលមានមង្គលការ ឬមានចំណងអាពាហ៍ពិពាហ៍ស្របច្បាប់វិញម្ដង។ ករណីស្រដៀងគ្នាទៅនឹងស្ត្រីនៅខេត្តកំពង់ធំខាងលើនេះគឺពិតជាកើត មានរាប់មិនអស់ចំពោះបុរសអាស៊ី។ ចុះបុរសខ្មែររបស់យើងវិញយ៉ាងម៉េចដែរ? ពិបាកនឹងនិយាយណាស់ គឺហាទៅវាស្លាក់ខ្ជាក់ទៅវាស្លែង តែបើមិននិយាយ គឺមិនបាន គឺត្រូវតែរំលឹកខ្លះព្រោះនៅក្នុងសង្គមរបស់យើង ករណីបែបនេះគឺមានច្រើនមែនទែន។ មានបុរសជាច្រើនបានបោះបង់ចោលប្រពន្ធកូនទុកឲ្យរស់នៅវេទនា ហើយខ្លួនបែរជាទៅរស់នៅជាមួយនារីផ្សេងយ៉ាងត្រជាក់ចិត្ត។ ចំណែកឯស្ត្រីជាភរិយា ពិសេសស្ត្រីរស់នៅតាមតំបន់ជនបទ ដែលការអប់រំផ្នែកចំណេះដឹងទូទៅរបស់ពួកគេមានកម្រិតទាប ហើយមិនអាចទទួលសេវាការពារផ្នែកច្បាប់បានគ្រប់គ្រាន់នោះ បែរជាទទួលរងគ្រោះ ដែលពួកគេជាទូទៅនៅតែគិតថាជាផលកម្មរបស់ពួកគេទៅវិញ ។ ការគិតបែបនេះពិតជាមានកំហុសយ៉ាងធ្ងន់មិនត្រឹមតែចំពោះខ្លួនឯង ប៉ុណ្ណោះនោះទេ តែថែមទាំងចំពោះកូនចៅ និងក្នុងសង្គមគ្រួសារទាំងមូល ដោយបណ្ដោយឲ្យបុរសកំហូចមិនបានបំពេញតួនាទី និងការទទួលខុសត្រូវក្នុងនាមជាស្វាមី និងជាឪពុក។ សូម្បីតែសត្វតិរច្ឆានក៏វារកចំណីឲ្យកូនរបស់វាស៊ីបានធំធាត់ និងបង្រៀនឲ្យចេះដើរ រត់ លូននិងអាចរកចំណីបានខ្លះដែរ មុននឹងពួកវាបោះបង់កូនរបស់ខ្លួនចោលនោះ។ ចុះមនុស្សវិញ? បើមិនមានការទទួលខុសត្រូវដូចខាងលើនោះទេគឺពិតជាអន់ជាងសត្វ តិរច្ឆានទៅទៀត។ យើងសូមទោសក្នុងការនិយាយបែបនេះដល់លោកបុរសៗដែលគ្មានការទទួលខុស ត្រូវចំពោះប្រពន្ធកូននោះ!
មិនអាចប្រកែកបានទេដែលថា ស្ត្រីខ្មែរយើងភាគច្រើនមានការអត់ធ្មត់ ខាំមាត់សង្កត់ចិត្ត អោបទុក្ខក្នុងដើមទ្រូង សុខចិត្តលំបាកទាំងកាយទាំងចិត្តតែម្នាក់ឯង ដោយបណ្ដោយឲ្យស្វាមីវង្វេងបឹងពុលនឹងកាមទេពទៅមួយខ្យល់ និងទុកឱកាសបានកែខ្លួនវិលមករកទ្រនំដើមសាងជីវិតថ្មីលើចំណង ស្នេហ៍ចាស់វិញ។ ការទុកឱកាសបែបនេះ ព្រោះស្ត្រីខ្មែរយល់ថា ខ្លួនមិនចង់ឲ្យបុរសជាស្វាមីដែលខ្លួនបានស្រឡាញ់អោបនៅនឹងដើម ទ្រូង និងជាឧពុករបស់កូនរបស់ខ្លួនត្រូវជាប់ទោសទណ្ឌពីការប្ដឹងផ្ដល់ នោះឡើយ។ ជាការពិត មានបុរសខ្លះក៏បានភ្ញាក់ខ្លួនដូចខ្មោចប្រាំពីរថ្ងៃ ហើយបានវិលត្រឡប់មកផ្ទះវិញជួបជុំប្រពន្ធកូនតាមសម្រួល ហើយក៏មានបុរសខ្លះទៀត ដែលខ្មែរយើងតែងតែនិយាយថា "កែមិនឡើង" ដោយបណ្ដោយខ្លួនទៅតាមកាមតណ្ហាមួយទំហឹង យកមួយទៅមួយព្រោះខ្លួនមានមន្តស្នេហ៍ ហើយមិនចូលចិត្តរបស់ដដែលៗនោះទេ។ ពួកគេពិតជាមានសំណាងអីម្លេះហ៎្ន!
ទាក់ទិននឹងបញ្ហានេះ ស្ត្រីត្រូវដឹងសិទ្ធិរបស់ខ្លួន ហើយហ៊ានក្រោកឈរឡើងដើម្បីសេរីភាពស្របច្បាប់។ ស្ត្រីត្រូវតែដឹងពីអ្វីដែលនៅជុំវិញខ្លួន ដើម្បីត្រៀមដោះស្រាយបញ្ហាដែលកើតមានឡើងជាយថាហេតុ។ ឧទាហរណ៍មួយរបស់ស្ត្រីនៅខេត្តកំពង់ធំនេះ គឺជាមេរៀនមួយដែលស្ត្រីខ្មែរគ្រប់រូបត្រូវតែចងចាំ ហើយត្រូវស្វែងយល់ឲ្យបានស៊ីជម្រៅពីចំណងអាពាហ៍ពិពាហ៍ មិនថាឡើយជាមួយបុរសជនជាតិបរទេសនោះទេ តែក៏ជាមួយនឹងបុរសកម្ពុជាដូចគ្នាដែរ។ ការយល់ច្បាស់ពីច្បាប់អាពាហ៍ពិពាហ៍ និងគ្រួសារ ដោយរួមទាំងច្បាប់ផ្សេងៗទៀត ដូចជាច្បាប់ស្ដីពីឯកពន្ធភាព ដែលរៀបរាប់ពីទោសទណ្ឌនៃការផិតក្បត់ក្នុងចំណងអាពាហ៍ពិពាហ៍ និងច្បាប់ស្ដីពីការទប់ស្កាត់អំពើហិង្សាក្នុងគ្រួសារ និងកិច្ចការពារជនរងគ្រោះជាដើម គឺសុទ្ធតែមានប្រយោជន៍សម្រាប់ស្ត្រីគ្រប់ៗរូបក្នុងការការពារ ខ្លួនឯងផង និងអ្នកដែលជាប់ពាក់ព័ន្ធផង ដូចជាកូនចៅ និងអ្នកដែលរស់ជុំវិញខ្លួន ក៏ដូចជាអ្នករស់នៅក្នុងសហគមន៍របស់ខ្លួនដែរ។
ស្ត្រីទាំងអស់ត្រូវគិតថា ខ្លួនមិនមែនឯកោនោះទេ ព្រោះខ្លួនកំពុងរស់នៅក្នុងសង្គមមួយដែលសម្បូណ៌ដោយច្បាប់។ស្ត្រី ត្រូវចេះស្វះស្វែងរកការប្រឹក្សាយោបល់តាមរយៈសហគមន៍ តាមរយៈសមាជិកក្រុមប្រឹក្សាឃុំ-សង្កាត់ ឬក៏តាមរយៈអ្នកតំណាងរាស្ត្ររបស់ខ្លួន។ ជាងនេះទៅទៀតនៅប្រទេសរបស់យើងឥឡូវ ក៏មានសមាគមអ្នកច្បាប់ ដែលមានមេធាវីជួយការពារក្ដីឲ្យជនរងគ្រោះក្រីក្រដោយមិនគិតថ្លៃ សេវាទៀតផង។
ដោយសារតែជួយលើកស្ទួយសិទ្ធិស្ត្រី និងយេនឌ័រនេះហើយ ទើបសង្គមរបស់យើងតែងតែបានប្រារព្ធពិធីទិវានារីអន្តរជាតិ ៨ មីនា ដើម្បី លើកស្ទួយសិទ្ធិស្ត្រី និងលើកទឹកចិត្តពួកគេឲ្យចូលរួមក្នុងកិច្ចអភិវឌ្ឍន៍សេដ្ឋកិច្ច និងការងារនៅក្នុងសង្គម និងទិវាយុទ្ធនាការ ១៦ ថ្ងៃ (បំពាក់បូពណ៌ស) ដែលជាទិវាបង្ហាញពីសកម្មភាពប្រឆាំងនឹងអំពើហិង្សាទៅលើស្ត្រីនិងកុមារ។ ម្យ៉ាងទៀត យើងមានអង្គការស្ត្រី យើងមានបណ្ដាញស្ត្រី ហើយនិងមានអង្គការគាំទ្រការងារស្ត្រី ដែល ទាំងអស់ខាងលើនេះពិតជាអាចជួយការពារស្ត្រីតាមផ្លូវច្បាប់បាន។ ការយល់ដឹង និងការហ៊ានប្រឈមទៅនឹងបញ្ហាតាមផ្លូវច្បាប់គឺអាចឲ្យស្ត្រីទទួល បានផលប្រយោជន៍ស្របច្បាប់ មិនថាឡើយពីចំណងអាពាហ៍ពិពាហ៍នោះទេ តែក៏បានមកពីការងារផ្សេងៗទៀតនៅក្នុងសង្គមទាំងមូលដែរ។ នៅក្នុងសង្គមមួយ បើស្ត្រីជាច្រើនមានបញ្ហាក្លាយជាស្ត្រីមេម៉ាយដោយមិនបានទទួលផល ស្របច្បាប់ពីចំណងអាពាហ៍ពិពាហ៍របស់ខ្លួននោះ នោះនាំឲ្យកូនចៅ និងក្រុមគ្រួសាររបស់គេមានបញ្ហា ហើយបើក្រុមគ្រួសារជាច្រើនមានបញ្ហា នោះវាជាបន្ទុកមួយដ៏ធំនៅក្នុងសង្គមដែលជាអម្រែកមួយដ៏ធ្ងន់ របស់មេដឹកនាំប្រទេស។
ហេតុនេះ ខណៈដែលមានការជួយជ្រោមជ្រែង និងលើកស្ទួយពីសង្គម ស្ត្រីខ្លួនឯងត្រូវតែខិតខំស្វែងយល់ពីសិទ្ធិ ដើម្បីការពារផលប្រយោជន៍ស្របច្បាប់របស់ខ្លួន របស់គ្រួសារ និងរបស់សង្គមទាំងមូលផង។ បន្ថែមពីលើនេះ ស្ត្រីត្រូវមានជំនឿលើខ្លួនឯង ហើយត្រូវពង្រឹងសមត្ថភាពរបស់ខ្លួនទាំងចំណេះដឹង និងចំណេះធ្វើ ដោយមិនត្រូវពឹងផ្អែកលើសេដ្ឋកិច្ចទាំងស្រុងពីបុរសជាស្វាមីនោះ ទេ។ ពាក្យបុរាណមួយឃ្លាបានពោលថា "សំណាបយោងដី ស្រីយោងបុរស"។ ពាក្យមួយឃ្លានេះពិតជាមានន័យទូលំទូលាយ ដែលអាចបញ្ជាក់បានថា ស្ត្រីគឺជាកម្លាំងមិនអាចខ្វះបានទាំងនៅក្នុងសង្គមគ្រួសារ និងទាំងនៅក្នុងសង្គមជាតិទាំងមូល។
និយាយសរុបមកវិញ មេរៀនដែលកើតមានចំពោះស្ត្រីខាងលើគឺជាបទពិសោធន៍មួយដែលយើងទាំង អស់គ្នាត្រូវតែចងចាំ ហើយស្ត្រីគ្រប់រូបត្រូវតែស្វែងយល់ឲ្យបានច្បាស់ពីចំណង អាពាហ៍ពិពាហ៍មុននឹងសម្រេចចិត្តរួមសំវាសនឹងបុរសណាម្នាក់។ មនុស្សគ្រប់ៗរូបទាំងស្ត្រីទាំងបុរសមានសិទ្ធិស្មើគ្នាដែលមានចែង នៅក្នុងសេចក្ដីប្រកាសជាសកលស្ដីពីសិទ្ធិមនុស្ស៕
Send to friendកំណែដែលងាយស្រួលបោះពុម្ព
រាជធានីភ្នំពេញ៖ ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានរៀបចំបើកសិក្ខាសាលាមួយស្ដីពីការពិគ្រោះយោបល់លើគោលនយោបាយ ទេសន្ដរប្រវេសន៍ការងារនៅក្នុងប្រទេសកម្ពុជា នៅសណ្ឋាគារសាន់វ៉េ កាលពីថ្ងៃទី៦ ឧសភា ក្រោមអធិបតីភាពលោក សេង សក្ដា អគ្គនាយកនៃអគ្គនាយកដ្ឋានការងាររបស់ក្រសួងការងារ។
ថ្លែងសុន្ទរកថា នៅក្នុងឱកាសនោះលោក សេង សក្ដា បានឲ្យដឹងថា ការធ្វើទេសន្ដរប្រវេសន៍ការងារ (ឬការធ្វើចំណាកស្រុកដើម្បីស្វែងរកការងារធ្វើ) កំពុងក្លាយជាផ្នែកមួយយ៉ាងសំខាន់នៃទីផ្សារការងារនាយុគសម័យ បច្ចុប្បន្ននេះ ទាំងនៅក្នុងបណ្ដាប្រទេសអភិវឌ្ឍន៍ និងក្នុងបណ្ដាប្រទេសកំពុងអភិវឌ្ឍន៍។ ទន្ទឹមនឹងនេះ ទេសន្ដរប្រវេសន៍ការងារក៏បានបង្កើតឡើងនូវបញ្ហាស្មុគស្មាញជាច្រើន ផងដែរ ដោយក្នុងនោះមានមតិពីរលើកឡើងផ្សេងពីគ្នា គឺមួយគាំទ្រការធ្វើទេសន្ដរប្រវេសន៍ការងារ និងមួយទៀតជំទាស់នឹងការធ្វើទេសន្ដរប្រវេសន៍ការងារ។ ចំពោះមតិគាំទ្រយល់ថា ការធ្វើទេសន្ដរប្រវេសន៍ការងារបានជួយកាត់បន្ថយអត្រាភាពគ្មាន ការងារធ្វើនៅក្នុងប្រទេសបញ្ជូនបំពេញកង្វះខាតកម្លាំងពលកម្មក្នុង ប្រទេសទទួលផ្ដល់ឲ្យពលករទេសន្ដរប្រវេសន៍ទទួលបាននូវឱកាសអភិវឌ្ឍន៍ ជំនាញនៅក្រៅប្រទេស និងបញ្ជូនប្រាក់បញ្ញើត្រឡប់មកធ្វើការវិនិយោគលើកកម្ពស់សេដ្ឋកិច្ច ប្រទេសរបស់ខ្លួនវិញ។ ចំណែកឯមតិជំទាស់វិញយល់ថា ការធ្វើទេសន្ដរប្រវេសន៍ការងារ គឺជាការបរាជ័យក្នុងការបង្កើតការងារសមរម្យ ការបាត់បង់ធនធានមនុស្សក្នុងប្រទេសបញ្ជូន បង្កើនភាពប្រកួតប្រជែងទីផ្សារការងារក្នុងប្រទេសទទួលជាពិសេសចំពោះ កម្មករមានជំនាញតិចតួច និងការគំរាមកំហែងចំពោះសន្តិសុខរបស់ប្រទេសទទួល។
លោកអគ្គនាយកបន្តថា ទោះបីជាយ៉ាងណាក៏ដោយក៏យើងឃើញថា មានចំណុចរួមមួយពោលគឺ ប្រសិនបើទេសន្តរប្រវេសន៍ការងារត្រូវបានប្រព្រឹត្តទៅក្នុងប្រព័ន្ធ ស្របច្បាប់មានការគ្រប់គ្រងច្បាស់លាស់ត្រឹមត្រូវ និងមានតម្លាភាព នោះវានឹងផ្ដល់អត្ថប្រយោជន៍ដល់គ្រប់គ្នាទាំងអស់ ទាំងប្រទេសទទួល ទាំងប្រទេសបញ្ជូន ទាំងភ្នាក់ងារបញ្ជូន និងជាពិសេសពលករខ្លួនឯង។ ម្យ៉ាងវិញទៀតសម្រាប់ប្រទេសកម្ពុជា ការធ្វើទេសន្ដរប្រវេសន៍ការងារ គឺជាប្រធានបទដ៏រសើបមួយសម្រាប់ទាំងរាជរដ្ឋាភិបាល ក៏ដូចជាអង្គការអន្តរជាតិ និងអង្គការក្រៅរដ្ឋាភិបាលនានាដែលកំពុងធ្វើការនៅក្នុងប្រទេស កម្ពុជា។ ក្នុងពេលកន្លងមក ភាគច្រើននៃការអន្តរាគមន៍ និងការសិក្សាស្រាវជ្រាវនានាដែលទាក់ទងនឹងចលនាបំលាស់ទីរបស់ ប្រជាពលរដ្ឋ គឺផ្ដោតទៅលើការជួញដូរមនុស្ស ការកេងប្រវ័ញ្ចផ្លូវភេទ និងការធ្វើបំលាស់ទីដោយបង្ខំ។ ប៉ុន្តែចាប់ពីឆ្នាំ២០០៤មក ការធ្វើទេសន្ដរប្រវេសន៍ការងារបានក្លាយជាប្រធានបទដ៏សំខាន់មួយ សម្រាប់ការសិក្សាស្រាវជ្រាវ និងសកម្មភាពគម្រោងនានា។
ជាក្រឹត្យក្រមធម្មជាតិ និងសង្គម ជីវិតមនុស្សរស់នៅ គឺអាស្រ័យដោយសារការធ្វើការងារ ដូច្នេះបំលាស់ទីដើម្បីស្វែងរកការងារធ្វើគឺជាបញ្ហាដែលពេលខ្លះ មិនអាចចៀសវាងបានឡើយ។ ជាទូទៅ បំលាស់ទីទាំងនៅក្នុងប្រទេស និងចេញក្រៅប្រទេស គឺជាការងាររងគ្រោះប្រសិនបើមិនមានវិធានការសមស្របដើម្បីការពារជន ទាំងនោះជាពិសេសចំពោះស្ត្រី និងកុមារ។ យើងសង្កេតឃើញផងដែរថា ឫសគល់នៃការជួញដូរមនុស្ស ការកេងប្រវ័ញ្ចផ្លូវភេទ ការកេងប្រវ័ញ្ចកម្លាំងពលកម្ម ការរីករាលដាលនៃជំងឺអេដស៍ គឺដោយសារកត្តានៃភាពក្រីក្រមិនមានការងារធ្វើ និងស្វែងរកការងារធ្វើដោយប្រថុយប្រថាន។ ដូច្នេះ ការដោះស្រាយបញ្ហាការងារដោយសមរម្យតាមរយៈការរៀបចំគោលនយោបាយដើម្បី គ្រប់គ្រងទេសន្ដរប្រវេសន៍ការងារ (ទាំងចូល-ទាំងចេញ) ជាកត្តាចាំបាច់បំផុត៕
ភ្នំពេញ៖ ការបៀតបៀនផ្លូវភេទអំពើហិង្សា តែងកើតមានជាញឹកញាប់លើស្ត្រីផ្សព្វផ្សាយស្រាបៀរ ហើយសុវត្ថិភាពសុខភាព និងសិទ្ធិរបស់នារីលក់ស្រាបៀរបានត្រូវគេរំលោភបំពាននោះ អង្គការឃែរ សហការជាមួយក្រសួងកិច្ចការនារី និងស្ថាប័នពាក់ព័ន្ធ បានខិតខំប្រឹងប្រែងយ៉ាងខ្លាំងដើម្បីធានាសុវត្ថិភាពថ្លៃថ្នូររបស់ស្ត្រីផ្សព្វផ្សាយស្រាបៀរ។
កាលពីថ្ងៃអង្គារ ៥ឧសភា ឆ្នាំ២០០៩ នៅឯភោជនីយដ្ឋានបឹងយក្សឡោម អង្គការឃែរ និងក្រសួងកិច្ចការនារីបានចាប់ដៃគ្នាបង្កើតយុទ្ធនាការសាកល្បងថ្នាក់ជាតិមួយស្ដីពី "កន្លែងធ្វើការគ្មានអំពើហិង្សា"។ យុទ្ធនាការដែលធ្វើឡើងក្នុងភោជនីយដ្ឋានចំនួន៦នៅក្នុងទីក្រុងភ្នំពេញ និងនៅព្រែកលៀបនេះ ចូលរួមពីលោកស្រី ហោ ម៉ាលីន អនុរដ្ឋលេខាធិការក្រសួងកិច្ចការនារី លោក ជីវ ផល្លី អនុប្រធាននាយកដ្ឋានប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជននៃក្រសួងមហាផ្ទៃ អ្នកស្រី ប៉ូឡា គ្លីសុន ប្រធានកម្មវិធីស្គិចអង្គការឃែរ ព្រមទាំងក្រុមស្ត្រីផ្សព្វផ្សាយស្រាបៀរ និងម្ចាស់ហាង។
យុទ្ធនាការ "កន្លែងធ្វើការគ្មានអំពើហិង្សា" នេះមានគោលបំណងចម្បងដូចជាកាត់បន្ថយរាល់ទម្រង់នៃការបៀតបៀនផ្លូវភេទ និងអំពើហិង្សាដែលជារឿយៗកើតមានចំពោះស្ត្រីផ្សព្វផ្សាយស្រាបៀរ និងលើកកម្ពស់សិទ្ធិស្ត្រីនៅកន្លែងធ្វើការ ហើយលើកកម្ពស់ការផ្លាស់ប្ដូរឥរិយាបថសង្គមនៅក្នុងចំណោមអតិថិជនបុរសស្ត្រីដែលស្វែងរកការកម្សាន្តនៅតាមគ្រឹះស្ថានកម្សាន្តចំពោះការងារផ្សព្វផ្សាយស្រាបៀរ។
សេចក្ដីរំពឹងទុករបស់យុទ្ធនាការនេះសង្ឃឹមថា នឹងមានការថយចុះនូវចំនួនឧប្បត្តិហេតុទាក់ទងនឹងអំពើហិង្សា និងការបៀតបៀនផ្លូវភេទមកលើស្ត្រីផ្សព្វផ្សាយស្រាបៀរ តាមរយៈការរាយការណ៍ដោយស្ត្រីផ្ទាល់ ម្ចាស់ហាង និងបុគ្គលិកក្នុងហាង ហើយចំនួននៃការរាយការណ៍ក្នុងចំណោមស្ត្រីផ្សព្វផ្សាយស្រាបៀរនឹងកើនឡើង ជាពិសេសរំពឹងថា នឹងទទួលបានការសហការពីមណ្ឌលកម្សាន្តផ្សេងៗទៀត។
លោកស្រី ប៉ូឡា គ្លីសុន ប្រធានកម្មវិធីរបស់អង្គការឃែរ បានមានប្រសាសន៍ថា យុទ្ធនាការនេះនឹងជួយឲ្យស្ត្រីផ្សព្វផ្សាយស្រាបៀរទទួលបាននូវការគោរព ការការពារពីការបៀតបៀនផ្លូវភេទនិងអំពើហិង្សា។ ស្ត្រីផ្សព្វផ្សាយស្រាបៀរត្រូវតែទទួលបាននូវការលើកទឹកចិត្តឲ្យរាយការណ៍ និងទទួលបាននូវសុវត្ថិភាព សន្តិសុខ និងកន្លែងធ្វើការមួយដែលមានសុវត្ថិភាព។ ស្ត្រីផ្សព្វផ្សាយស្រាបៀរត្រូវការ "ការគោរព" ព្រោះពួកគាត់ប្រៀបដូចជា ម្ដាយ កូនស្រី បងស្រី ប្អូនស្រី ចៅស្រី របស់លោកអ្នកដែរ។ បន្ថែមពីលើនេះទៀត អង្គការឃែរគាំទ្រដល់ស្ត្រីផ្សព្វផ្សាយស្រាបៀរ ក្នុងការបង្កើតក្រុមសាមគ្គី ដែលរហូតមកដល់ពេលនេះមានសមាជិករហូតដល់២០០នាក់នៅទីក្រុងភ្នំពេញ។
អ្នកស្រីសូមអំពាវនាវដល់រដ្ឋាភិបាលអង្គការ វិស័យឯកជនរួមគ្នាទប់ស្កាត់ការបៀតបៀនផ្លូវភេទ ការប្រើអំពើហិង្សាចំពោះស្ត្រីផ្សព្វផ្សាយស្រាបៀរ។ លោកស្រី ហោ ម៉ាលីន អនុរដ្ឋលេខាធិការក្រសួងកិច្ចការនារី ក៏បានសម្ដែងមតិចាប់អារម្មណ៍នៅក្នុងឱកាសបើកសម្ពោធជាផ្លូវការនូវយុទ្ធនាការ "កន្លែងធ្វើការគ្មានអំពើហិង្សា" ថាយើងត្រូវលើកស្ទួយស្ត្រីផ្សព្វផ្សាយស្រាបៀរដូច្នេះស្ត្រីត្រូវតែចៀសផុតពីអំពើហិង្សាការបៀតបៀនផ្លូវភេទ ហើយបាននូវសុវត្ថិភាព សុខភាព និងសិទ្ធិ។
អ្នកស្រីបានទទួលស្គាល់ថា អំពើហិង្សា និងការបៀតបៀនផ្លូវភេទ ការរំលោភនៅតែមាន តែកាត់បន្ថយបានច្រើន។ ដើម្បីធ្វើឲ្យបញ្ហានេះមានប្រសិទ្ធភាពយើងទាំងអស់គ្នាត្រូវតែសាមគ្គីគ្នាទាំងរដ្ឋាភិបាល អង្គការ ម្ចាស់ហាង និងស្ត្រីផ្សព្វផ្សាយស្រាបៀរខ្លួនឯង។
លោកស្រីបន្ថែមថា ស្ត្រីផ្សព្វផ្សាយស្រាបៀរត្រូវចេះការពារខ្លួនឯងថា តើត្រូវធ្វើដូចម្ដេចដើម្បីបញ្ចៀសពីបញ្ហាទាំងនេះ ដូចជាកុំស្លៀកពាក់សិចស៊ីពេក កុំអង្គុយផឹកជាមួយភ្ញៀវជាដើម។ ម្យ៉ាងទៀតត្រូវចេះសាមគ្គីគ្នានៅក្នុងហាងនីមួយៗ និងហ៊ានរាយការណ៍ ឬដាក់ពាក្យបណ្ដឹងទៅអាជ្ញាធរមានសមត្ថកិច្ច។ ចំណែកម្ចាស់ហាងបើកើតមានបញ្ហាអ្វី គឺត្រូវរាយការណ៍ និងប្រមូលភស្ដុតាងឲ្យបានគ្រប់គ្រាន់ ហើយគួររៀបចំត្រួតពិនិត្យរាល់ហេតុការណ៍ដែលបានកើតឡើង។
ជាមួយគ្នានេះលោកវរសេនីយ៍ ជីវ ផល្លី អនុប្រធាននាយកដ្ឋានប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន ក៏បានទទួលស្គាល់ចំពោះការកើតឡើងនៃអំពើហិង្សា និងការបៀតបៀនផ្លូវភេទលើស្ត្រីផ្សព្វផ្សាយស្រាបៀរ។ ដូច្នេះសំខាន់គួររួបរួមគ្នាធ្វើដូចម្ដេច ដើម្បីទប់ស្កាត់ និងកាត់បន្ថយ។
លោកបញ្ជាក់ថា កន្លងមកស្ត្រីរងគ្រោះមិនប្ដឹងដោយយល់ថាការប្ដឹងមិនបានការ។ ទោះយ៉ាងណាក៏ដោយលោកណែនាំឲ្យមានការប្ដឹងមកនគរបាលមានសមត្ថកិច្ច។ កន្លងមកលោកក៏បានចាត់វិធានការស៊ើបអង្កេតករណីដូច្នេះជាច្រើនដែរ ហើយក៏បានបញ្ជូនសំណុំរឿងទៅតុលាការដែរ ប៉ុន្តែបានស្នើទៅអង្គការឃែរ ឬក្រសួងកិច្ចការនារីជួយតាមដានឃ្លាំមើលផងថា តើតុលាការបានចាត់តាមនីតិវិធីឬអត់។
ក្នុងឱកាសនោះ នាង កែវ ចាន់ពិសី តំណាងស្ត្រីផ្សព្វផ្សាយស្រាបៀរបានឡើងសម្ដែងមតិថា តាមរយៈយុទ្ធនាការនេះ យើងខ្ញុំសង្ឃឹមថា នឹងអាចជួយដល់ភ្ញៀវក៏ដូចជាម្ចាស់ហាងមេការមួយចំនួនធ្វើការកែប្រែឥរិយាបថប្រព្រឹត្តក៏ដូចជាការគិតពីការ ដែលគាត់ធ្លាប់មើលងាយលូកលាន់ រហូតដល់ការប្រើអំពើហិង្សាលើស្ត្រីផ្សព្វផ្សាយស្រាបៀរ ឲ្យមកជាការឲ្យតម្លៃ និងលើកកម្ពស់សិទ្ធិប្រកបការងាររបស់ស្ត្រីផ្សព្វផ្សាយស្រាបៀរវិញ។
ពិសី ក៏បានលើកឡើងពីឧប្បត្តិហេតុធំៗដែលកើតឡើងថ្មីៗកន្លងទៅនេះចំពោះស្ត្រីផ្សព្វផ្សាយស្រាបៀរ ដែលបុរសជាភ្ញៀវបានប្រើអំពើហិង្សា បៀតបៀនផ្លូវភេទ បង្ខំឲ្យផឹកស្រាបៀរ និងប្រើពាក្យសម្ដីមាក់ងាយ៕
ភ្នំពេញ៖ ឯកអគ្គរដ្ឋទូតហ្វាំងឡង់ប្រចាំនៅកម្ពុជាលោក ឡារស៍ ប៊ែកស្ត្រូម (Lars Backstrom) បានបញ្ជាក់ច្បាស់ថា ប្រទេសហ្វាំងឡង់បាននឹងបន្តជួយ ឧបត្ថម្ភគាំទ្រដល់ប្រទេសកម្ពុជាក្នុងទឹកប្រាក់ចំនួន១៨,៦លានអឺរ៉ូ សម្រាប់អនុវត្តគម្រោងសំខាន់ៗ៣ រួមមានគម្រោងដោះមីន ការជួញដូរកុមារនិងស្រី និងគម្រោងអភិវឌ្ឍន៍បឹងទន្លេសាប។
លោកឯកអគ្គរដ្ឋទូតហ្វាំងឡង់បានបញ្ជាក់អំពីជំនួយនេះនៅក្នុងខណៈពេល លោកត្រូវបានទទួលជួបសន្ទនាជាមួយលោក ឡុង វិសាលោ រដ្ឋមន្ត្រីស្ដីទីនៃក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ កាលពីរសៀលថ្ងៃទី៥ ខែឧសភានេះនៅទីស្ដីការក្រសួងការបរទេស។
លោក ហ៊ុល ផានី ប្រធាននាយកដ្ឋានព័ត៌មានក្រសួងការបរទេសបានឲ្យដឹងថា ក្នុងចំណោមជំនួយរបស់រដ្ឋាភិបាលហ្វាំងឡង់ជូនដល់កម្ពុជាក្នុងទឹកប្រាក់១៨,៦លានអឺរ៉ូនេះគឺ សម្រាប់នៅឆ្នាំ២០០៨មានទឹកប្រាក់៦,៧លានអឺរ៉ូ សម្រាប់ឆ្នាំ២០០៩មានទឹកប្រាក់៥,៦លានអឺរ៉ូ សម្រាប់ឆ្នាំ២០១០មានទឹកប្រាក់២,៣លានអឺរ៉ូ សម្រាប់ឆ្នាំ២០១១មានទឹកប្រាក់២,៥លានអឺរ៉ូ និងសម្រាប់ឆ្នាំ២០១២មានទឹកប្រាក់១,៥លានអឺរ៉ូ។
លោក ឡុង វិសាលោ បានថ្លែងអំណរគុណចំពោះរដ្ឋាភិបាលហ្វាំងឡង់ ដែលបានជួយដល់កម្ពុជាតាំងពីដើមរៀងមករហូតដល់បច្ចុប្បន្ន និងនៅនែបន្តជួយតទៅរហូតដល់ឆ្នាំ២០១២។
យោងលើជំនួយមនុស្សធម៌អន្តរជាតិតាំងពីក្រោយថ្ងៃរំដោះនាឆ្នាំ១៩៧៩ ជាពិសេសជំនួយពីប្រទេសហ្វាំងឡង់នោះលោក ឡុង វិសាលោ បានបញ្ជាក់ថា រហូតមកដល់បច្ចុប្បន្នកម្ពុជាមានការរីកចម្រើនរឹងមាំ និងបានចូលរួមបញ្ជូនកម្លាំងថែរក្សាសន្តិភាពតាមរយៈអង្គការសហប្រជាជាតិ ទៅជួយដោះមីននៅប្រទេសស៊ូដង់ និងបន្តទៅជួយដោះមីននៅប្រទេសឆាដ និងអហ្វ្រិកកណ្ដលទៀតតាមសំណូមពររបស់អគ្គលេខាធិការអង្គការសហប្រជាជាតិ។
ជាមួយគ្នានេះលោកក៏បានលើកឡើងអំពីសភាពការណ៍មួយចំនួននៅកម្ពុជាថា ប្រទេសកម្ពុជាមិនប៉ះពាល់ធ្ងន់ធ្ងរនឹងការធ្លាក់ចុះសេដ្ឋកិច្ចពិភពលោកនោះទេ។ ផ្ទុយទៅវិញផលិតផលស្រូវទទួលបានទិន្នផលល្អ ដែលឆ្នាំ២០០៨បាននាំចេញលក់នៅក្រៅប្រទេសចំនួន៣លានតោន។ ដោយសារកម្ពុជាជាប្រទេសកសិកម្ម រាជរដ្ឋាភិបាលបាននឹងកំពុងយកចិត្តទុកដាក់សាងប្រព័ន្ធធារាសាស្ត្រឲ្យបានច្រើនទូទាំងប្រទេសសម្រាប់ជំរុញទិន្នផលស្រូវឲ្យកើនឡើងថែមទៀត។ ទន្ទឹមនឹងនេះកម្ពុជានៅតែបន្តនាំចេញសំលៀកបំពាក់ទៅលក់នៅសហគមន៍អឺរ៉ុបមួយចំនួនក្នុងនោះក៏មានប្រទេសហ្វាំងឡង់ដែរ ទោះបីនៅពេលនេះភ្ញៀវទេសចរបរទេសចូលមកទស្សនាកម្ពុជាមានការធ្លាក់ចុះជាង៣ភាគរយក៏ដោយ។
នៅក្នុងការពិភាក្សាគ្នានេះ លោកឯកអគ្គរដ្ឋទូត ហ្វាំងឡង់ ក៏បានប្រគល់លិខិតរបស់លោករដ្ឋមន្ត្រីការបរទេសហ្វាំងឡង់ជូនចំពោះ លោករដ្ឋមន្ត្រីការបរទេសកម្ពុជា គឺលោកឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង ស្ដីពីការគាំទ្របេក្ខភាពគ្នាទៅវិញទៅមក ជាសមាជិកមិនអចិន្ត្រៃយ៍នៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិសម្រាប់ឆ្នាំ ២០១៣-២០១៤៕
រាជធានីភ្នំពេញ៖ កាលពីព្រឹកថ្ងៃទី៦ ឧសភា គណៈបញ្ជាការឯកភាពខណ្ឌដូនពេញបានប្រជុំផ្សព្វផ្សាយផែនការការពារសន្តិសុខក្នុងពិធីបុណ្យខួបគំរប់៥៧៥ឆ្នាំកំណើតរាជធានីភ្នំពេញ និងពិនិត្យបណ្ដាញលូ និងដើមឈើដែលពុកគល់ក្នុងរដូវភ្លៀង ក្រោមអធិបតីភាពលោក សុខ សម្បត្តិ អភិបាលខណ្ឌ។ អញ្ជើញចូលរួមក្នុងកិច្ចប្រជុំនោះមានអស់លោក លោកស្រីជាអភិបាលរងខណ្ឌ មន្ត្រីសង្កាត់ទាំង១១ មន្ត្រីនគរបាល និងកងរាជអាវុធហត្ថប្រចាំខណ្ឌ។
លោក សុខ សំអឿន បានថ្លែងថា តាមសង្កាត់ទាំង១១ត្រូវយកចិត្តទុកដាក់ការពារថែទាំសួនច្បារ ផ្លូវ បណ្ដាញលូ និងដើមឈើដែលពុកគល់អាចបង្កមហន្តរាយ ព្រោះជារដូវភ្លៀង បើមានសភាពការណ៍បែបនេះត្រូវរាយការណ៍ទៅសាលាខណ្ឌសុំគោលការណ៍ដើម្បីចាត់វិធានការឲ្យទាន់ពេលវេលា។ ជាមួយគ្នានេះដែរត្រូវយកចិត្តទុកដាក់ត្រូវពិនិត្យល្បែងស៊ីសងគ្រប់ប្រភេទដែលកើតមានក្នុងភូមិសាស្ត្ររបស់ខ្លួនធ្វើយ៉ាងណាកុំឲ្យមាន។ ដោយឡែកសាលារាជធានីភ្នំពេញនឹងសិក្សាអំពីការរៀបចំចំណតនៅកំណាត់ដងមហាវិថីព្រះមុនីវង្ស គឺនៅចន្លោះផ្លូវលេខ១៨៤ និង១០៦ ប៉ុន្តែចំពោះការសិក្សាត្រូវលំអិតទាំងការផ្គត់ផ្គង់ និងតំរូវការសម្រាប់គ្រប់ផ្លូវទាំងអស់នៅជុំវិញមហាវិថីព្រះមុនីវង្សដូចជាផ្លូវលេខ១៨៤ ផ្លូវលេខ១០៦ ផ្លូវលេខ៦៣ ផ្លូវលេខ១០៧ជាដើម។
លោកអភិបាលខណ្ឌដូនពេញបានបន្តថា ចំណតដែលមានស្រាប់បច្ចុប្បន្នឃើញថា បានបម្រើការសម្រាប់អតិថិជនមិនបានគ្រប់គ្រាន់ទៅនឹងតំរូវការទេ។ មានកន្លែងមួយចំនួនអាចចតរថយន្តបានដែលនៅមិនឆ្ងាយប៉ុន្មានពីមហាវិថីព្រះមុនីវង្ស។ ចំណតឯកជនមួយចំនួនមានការរីកចម្រើនគួរឲ្យកត់សំគាល់។ ចំពោះចិញ្ចើមផ្លូវដែលមានទទឹងធំទូលាយលើសពីតំរូវការសម្រាប់ចំណតរថយន្ត និងថ្មើរជើង (ចិញ្ចើមផ្លូវដែលមានទទឹងចាប់ពី៦ម៉ែត្រឡើងទៅ) សាលារាជធានីភ្នំពេញអាចធ្វើជាទីធ្លាសម្រាប់ជួលឲ្យម្ចាស់ហាង ឬម្ចាស់ផ្ទះរបស់ពួកគាត់វិញ សម្រាប់ដាក់តាំងទំនិញ ឬលក់ដូររបស់របរផ្សេងៗនៅក្រៅផ្ទះដោយគ្រោងគិតថា យកតម្លៃ៥ដុល្លារក្នុង១ម៉ែត្រការ៉េសម្រាប់មួយខែ។ ដោយឡែករថយន្តចតក្នុងមួយម៉ោងយកតម្លៃ១.៣០០រៀល (ចតម៉ោងទីមួយ) ប៉ុន្តែបើចតចាប់ពីម៉ោងទីពីរឡើងទៅយកតម្លៃ១.៧០០រៀលក្នុងមួយម៉ោង ហើយម៉ូតូចតក្នុងមួយម៉ោង៥០០រៀល (សម្រាប់ម៉ោងទីមួយ) ប៉ុន្តែបើចតលើសពីមួយម៉ោងឡើងទៅយកតម្លៃរួម១.៥០០រៀល។ រៀបចំចំណតឲ្យបានត្រឹមត្រូវទៅតាមស្តង់ដារបច្ចេកទេស ការចេញចូលក្នុងចំណតនៃយានជំនិះបានស្រួលមិនបង្កឲ្យស្ថានភាពនៃលំហូរចរាចរណ៍មានភាពកកស្ទះ និងឲ្យប្រជាពលរដ្ឋយល់ដឹងការចតយានជំនិះរបស់ខ្លួនបានត្រឹមត្រូវ ព្រមទាំងអាចឲ្យយើងទាញថវិកាបដិភាគសម្រាប់ការងារគ្រប់គ្រង និងថែទាំ ជាពិសេសចូលរួមចំណែកក្នុងការងារពង្រឹងសុវត្ថិភាពចរាចរណ៍ដូចជាអ្នកថ្មើរជើង។ល។ កំរិតការចូលក្រុងនៃយានយន្តពិសេសក្នុងតំបន់ទីប្រជុំជន។
លោក សុខ សម្បត្តិ បានបញ្ជាក់ថា នៅក្នុងឆមាសទី២ ឆ្នាំ២០០៩ ខាងមុខ សាលារាជធានីភ្នំពេញនឹងរៀបចំប្រារព្ធពិធីបុណ្យខួបគំរប់៥៧៥ឆ្នាំកំណើតរាជធានីភ្នំពេញនៅក្នុងបរិវេណរមណីយដ្ឋានវត្តភ្នំ ដូច្នេះទាំងសមត្ថកិច្ចជំនាញ និងអាជ្ញាធរសង្កាត់ ត្រូវយកចិត្តទុកដាក់ការពារសន្តិសុខឲ្យបានខ្ពស់ព្រោះក្នុងពិធីនេះមានការប្រឡងប្រណាំងស្វែងយល់ពីរាជធានីភ្នំពេញ កម្មវិធីសិល្បៈ និងកម្មវិធីផ្សេងៗទៀតបំផុសចលនាមហាជនបន្តចូលរួមជំរុញការកសាង និងអភិវឌ្ឍន៍រាជធានីភ្នំពេញ និងមានរៀបចំអង្គមិទ្ទិញដ៏ធំមួយនៅរាជធានីភ្នំពេញផងដែរ។ ប្រវត្តិសាស្ត្រនៃរាជធានីភ្នំពេញបានត្រូវចារឹកក្នុងទំព័រពង្សាវតារជាតិខ្មែរតាំងពីយូរលង់មកម្ល៉េះ គឺក្នុងអំឡុងដើមសតវត្សទី១៥នៃគ្រិស្តសករាជដែលមកទល់បច្ចុប្បន្នមានអាយុកាលគំរប់៥៧៥ឆ្នាំហើយ។
ក្នុងមោទនភាពជាតិខ្មែរដែលពោរពេញដោយទេពកោសល្យ អាជ្ញាធររាជធានីភ្នំពេញនឹងប្រារព្ធពិធីបុណ្យខួបគំរប់៥៧៥ឆ្នាំយ៉ាងអធិកអធមក្នុងឆមាសទី២ ឆ្នាំ២០០៩ ខាងមុខ ដើម្បីឲ្យកូនចៅជំនាន់ក្រោយបានកត់ត្រាចងចាំគ្រប់ៗគ្នាពីប្រវត្តិនៃការកកើត និងអបអរសាទរចំពោះចំណាស់របស់រាជធានីភ្នំពេញ។ ម្យ៉ាងទៀតបានមើលឃើញពីការខិតខំកសាង និងអភិវឌ្ឍន៍ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជាដែលមានសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាប្រមុខ ហើយឆ្លងតាមព្រឹត្តិការណ៍នេះរាជធានីភ្នំពេញនឹងអាចទាក់ទាញភ្ញៀវអន្តរជាតិចូលមកទស្សនាកម្សាន្តសប្បាយ និងស្វែងយល់បានកាន់តែច្រើនថែមទៀត៕